Sunday, April 28, 2024
Homeសង្គម និងជីវិតយាយ៨៩ឆ្នាំ ខឹងកូនចៅ លោ...ត...ទឹកស្ពានជ្រោយចង្វា

យាយ៨៩ឆ្នាំ ខឹងកូនចៅ លោ…ត…ទឹកស្ពានជ្រោយចង្វា

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ តូចចិត្តខ្លួនកាន់តែចាស់ កូនចៅមិនរវីរវល់មើលថែ បណ្តោយឱ្យលោកយាយដើរស្នាក់នៅតែជាមួយសាច់ញាតិ ទើបធ្វើឱ្យលោកយាយទ្រាំលែងបាន ក៏សម្រេចចិត្តឡើងលើស្ពានជ្រោយចង្វា ប៉ងលោតទឹកបញ្ចប់ជីវិត តែពេលឡើងទៅដល់ មិនដាច់ចិត្ត ក៏ឈរតោងបង្កាន់ដៃស្ពានយំ និងត្រូវបានអ្នកដំណើរប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់ទាន់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៤និង ៣០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចស្ពានជ្រោយចង្វា។

លោកយាយខាងលើ ពុំបានប្រាប់អំពីអតសញ្ញាណឡើយ គ្រាន់តែនិយាយថា លោកយាយសព្វថ្ងៃមានអាយុ ៨៩ឆ្នាំហើយ និងស្នាក់នៅជាមួយក្មួយស្រីសាច់ថ្លៃ តាមផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញលោកយាយខាងលើ មិនដឹងថាដើរមកពីណាទៅណានោះទេ ស្រាប់តែមកអង្គុយនៅលើស្ពានជ្រោយចង្វា ទាំងទឹកមុខស្រងូតស្រងាត់ និងបានតោងបង្កាន់ដៃស្ពាន បម្រុងលោតទឹក តែគាត់ហាក់ដូចពុំដាច់ចិត្ត។ ភ្លាមៗនោះអ្នកដំណើរដែលប្រទះឃើញ បានទៅប្រាប់នគរបាលចរាចរណ៍ ប្រចាំការនៅរង្វង់មូលកួចកាណុង រួមទាំងអ្នកសារព័ត៌មាន នាំគ្នាឡើងមកជួយឃាត់លោកយាយ រួចនាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច និងអ្នកសារព័ត៌មាន លោកយាយខាងលើ បានរៀបរាប់ថា គាត់ពិតជាមានបំណងមកលោតទឹកបញ្ចប់ជីវិតមែន មូលហេតុដោយសារតែពិបាកចិត្ត គ្មានកូនចៅនៅក្បែរ និងគ្មានទីពឹង រស់នៅតែជាមួយគេ។ ម៉្យាងទៀត គាត់គិតថាចាស់ហើយ រស់នៅមិនបានប៉ុន្មានទៀតនោះទេ មានតែបញ្ចប់ជីវិតខ្លួនឯងតែម្តងទៅ។

ទោះបីជាយ៉ាងណា គេពុំដឹងពីស្ថានភាពរស់នៅរបស់លោកយាយពិតប្រាកដនោះទេ ។ បន្ទាប់ពីឃាត់សាកសួរ នគរបាលបានធ្វើការអប់រំលោកយាយកុំឱ្យគិតខ្លី ហើយអ្នកសារព័ត៌មានម្នាក់មានការអាណិតអាសូរគាត់ជាខ្លាំង ក៏បានជូនលោកយាយត្រឡប់ទៅផ្ទះវិញ។

តាមប្រភពស្ត្រីជាក្មួយសាច់ថ្លៃ បានឱ្យដឹងថា នៅវេលារសៀលថ្ងៃកើតហេតុនោះ ស្រាប់តែបាត់លោកយាយពីផ្ទះ មិនដឹងគាត់ទៅទីណា និងបានប្រាប់អ្នកជិតខាងថា ទៅហក់ទឹក នឹកស្មានតែគាត់និយាយលេង ក៏មិនចាប់ អារម្មណ៍ ក៏បាននាំគ្នាដើររក មិននឹកស្នានថាគាត់គិតខ្លី បែបនេះឡើយ។

ប្រភពដដែល បន្តថា កន្លងមក លោកយាយរស់នៅ តែងមានការពិបាកចិត្តជាខ្លាំង ពីកូនចៅរបស់គាត់ មិនដែលរវីរវល់នឹកនាមកលេង ដោយទុកគាត់ចោល រស់នៅតែឯង មានតែក្មួយនិងអ្នកជិតខាង ជួយមើលថែតែប៉ុណ្ណោះ៕

RELATED ARTICLES