ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ព្រះសង្ឃប៊ុត ប៊ុនតិញ អតីតស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលតែតែងរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាមិនមែនជាព្រះសង្ឃ គឺជាក្មេងពាលដែលគ្រាន់តែយកស្បង់ចីវរមកដណ្តប់នោះ ធ្លាប់លុតក្រាបសុំស្គាល់ចិត្តសម្ដេចហ៊ុន សែន ប៉ុន្តែត្រូវសម្ដេច ទាត់ក្បាលចេញ ទើបរត់ទៅរកលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ហើយបាននិរទេសព្រះកាយទៅគង់នៅវត្តភ្នំសិរី លើទឹកដីសហរដ្ឋអាមេរិក មកទល់សពថ្ងៃ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងតាមទំព័របណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «ជាសង្ឃពិត មានថេរដីកាស្របតាមសច្ចធម៌ និងការពិត បើនិយាយផ្ទុយពីការពិត នឹងត្រូវចុះនរកអវិចី១០០ជាន់ ងើបក្បាលមិនរួច …។ អាខ្មៅ ថាមិនរណបគណបក្សប្រជាជនកម្ពុជា តែតាមការពិត ទៅលុតក្រាបសុំសម្តេចហ៊ុន សែន សុំស្គាល់ចិត្តសម្តេច តែត្រូវសម្តេចទាត់ក្បាលចេញ…» ។
លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា “កន្លងទៅ យើងដឹងហើយ អំពីឥរិយាបថ ក៏ដូចជាសកម្មភាពរបស់អាខ្មៅនោះ ។ អានេះគឺថាជាជនឱកាសនិយមតើ! មុននឹងរត់ចេញទៅក្រៅប្រទេសហ្នឹង សង្ឃហ្នឹង បានមកចូលរួមប្រជុំនៅទីស្ដីការគណៈរដ្ឋមន្រ្តី ហើយថាមានការសប្បាយរីករាយណាស់ ដែលស្គាល់ចិត្តនាយករដ្ឋមន្រ្តី ។ អានេះជាការលើកជើង ដើម្បីនឹងបានផលប្រយោជន៍ណាមួយ ក៏ប៉ុន្តែទីបំផុត គឺថ្នាក់ដឹកនាំរាជរដ្ឋាភិបាល លោកដឹងអំពីក្រយៅរបស់អាខ្មៅ ហ្នឹងហើយ ។ អ៊ីចឹងទេ បានជាអត់ទទួលបានផលអី ក៏ម្នាក់នេះក៏អសកម្ម ថ្នាំងថ្នាក់ក្នុងចិត្ត ហើយក៏រត់ទៅក្រៅប្រទេស ដើម្បីនឹងវ៉ៃប្រហារមកលើប្រមុខរាជរដ្ឋាភិបាលវិញ ។ អានេះហើយជាបញ្ហាបញ្ជាក់ច្បាស់ថា វាមិនមែនជាសង្ឃប្រកដោយធម្មវិន័យទេ គឺថាជាសង្ឃបួសដើម្បីឆ្លៀតឱកាសយកកេងចំណេញ គឺថារកប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ ។ ដូច្នេះពាក្យនេះ មិនមែនជាការប្រមាថដល់ព្រះសង្ឃទេ អត់ទេ និយាយជាក់ស្ដែង គឺថាយើងគោរព យើងតម្កល់ព្រះសង្ឃរបស់យើង ដែលប្រកបទៅដោយធម្មវិន័យត្រឹមត្រូវ អាហ្នឹងយើងគោរព យើងប្រណិប័តន៍តាមឱវាទរបស់ព្រះអង្គ តែបើចំពោះសង្ឃណាដែលគ្រាន់តែយកក្រណាត់លឿង មកឃ្លុំពីលើ ហើយនិងប្រព្រឹត្តបទល្មើសធម្មវិន័យ អាហ្នឹងយើងមិនអាចគោរពបានទេ ព្រោះជាមនុស្សក្បាលខ្មៅ ដែលយកក្រណាត់លឿង មកព័ទ្ធដើម្បីបិទបាំងកំហុសរបស់ខ្លួន ឬអំពើទុច្ចរិតរបស់ខ្លួនតែប៉ុណ្ណោះ មិនមែនជាសង្ឃ គួរឲ្យយើងគោរពទេ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំណុចហ្នឹងហើយ ដែលខ្ញុំថា ជាសង្ឃពិត មានដីកាស្របតាមសច្ចធម៌និងការពិត បើនិយាយផ្ទុយពីការពិត នឹងត្រូវចុះនរកអវិចី ១០០ជាន់ ងើបក្បាលមិនរួច គឺខ្ញុំចង់បញ្ហាក់ថា អាហ្នឹងជាការពិតហើយ ពីព្រោះបើកាលណាជាសង្ឃ គឺគោរពធម្មវិន័យ ប្រណិប័តន៍ទៅតាមធម៌ព្រះពុទ្ធ ហើយនិយាយសច្ចៈ ដែលមាននៅក្នុងសីលប្រាំនោះ យើងដឹងហើយ ហើយព្រះសង្ឃ គឺថាលោកប្រណិតប័តន៍សីលដប់ ទៅទៀត មិនមែនត្រឹមតែសីលប្រាំទេ តែឥឡូវយើងគិតត្រឹមសីលប្រាំ ក៏វាប្រសើរដែរ ពីព្រោះគេមិនឲ្យនិយាយសម្ដីគ្រោតគ្រាត សម្ដីនិយាយផ្ទុយអំពីសច្ចធម៌ អាហ្នឹងគឺថា ព្រះពុទ្ធ ហាម តែបើមនុស្សហ្នឹងនិយាយផ្ទុយអំពីសច្ចធម៌ និយាយផ្ទុយអំពីការពិត អាហ្នឹងមិនមែនជាមនុស្សដែលមានសីលធម៌ ឬមួយក៏ជាសង្ឃដែលមានគ្រប់លក្ខណសម្បត្តិជាសង្ឃទេ ។ អាហ្នឹងគឺថា យើងមិនអាចចាត់ទុកថាជាសង្ឃពិតប្រាកដបានទេ យើងចាត់ទុកថាជាជនទុច្ចរិត ដើម្បីឆ្លៀតឱកាសយកស្បង់ចីវរ មកធ្វើរបាំងបិទបាំងអំពើទុច្ចរិតរបស់ខ្លួនតែប៉ុណ្ណោះទេ ។ ក្នុងន័យនេះ ជាការរំលឹកឡើងវិញ ក្នុងការប្រជុំគណៈរដ្ឋមន្រ្តី គឺសង្ឃនេះ (ប៊ុត ប៊ុនតិញ) បានសម្ដែងខ្លួនឯងហើយថា ដឹងចិត្តនាយករដ្ឋមន្រ្តីហើយ ។ អ៊ីចឹងទេ បានជាមកចូលរួមប្រជុំ ក៏ប៉ុន្តែពេលដែលដឹងចិត្តនាយករដ្ឋមន្រ្តី ហើយនាយករដ្ឋមន្រ្តី ដឹងគំនិតអាក្រក់របស់សង្ឃនេះហើយ បានជាវាអត់ទទួលបានផលអីពីអំពើល្អរបស់ខ្លួន ។ អ៊ីចឹងទេ បានជាអសកម្ម ហើយថ្នាំងថ្នាក់ក្នុងចិត្តហ្នឹង ក៏ភៀសខ្លួនទៅក្រៅប្រទេស ក៏វ៉ៃប្រហារលើប្រមុខរាជរដ្ឋាភិបាលកម្ពុជាវិញ“។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “និយាយទៅ រឿងវាយប្រហារនេះ គឺសង្ឃអង្គនេះ និយាយប៉ាតណាប៉ាតណី និយាយផ្ទុយអំពីការពិត និយាយលាបពណ៌ និយាយប្រឌិតព័ត៌មាន និយាយប្រឌិតរឿងអាក្រក់ៗមកដាក់សម្ដេចប្រធាន នាយករដ្ឋមន្រ្តីហ្នឹង យើងឃើញថា អាហ្នឹងវាស្ដែងឲ្យឃើញថា នេះមិនមែនជាសង្ឃពិតប្រាកដទេ ។ ដូច្នេះការដែលសម្ដេច លោកមានប្រសាសន៍ចំពោះបុគ្គលរូបនេះហ្នឹង មិនមែនមានន័យថា ប្រមុខរាជរដ្ឋាភិបាល លោកប្រមាថមើលងាយដល់ព្រះសង្ឃ ហើយនិងព្រះពុទ្ធសាសនាទេ ក៏ប៉ុន្តែដូចខ្ញុំជម្រាបខាងដើមថា មនុស្សដែលមានគ្រប់លក្ខណសម្បត្តិ ហើយឆ្លៀតយកស្បង់ក្រណាត់ពណ៌លឿង មកធ្វើបិទបាំងកំហុសរបស់ខ្លួននេះ គឺថាមិនមែនជាសង្ឃទេ ។ អ៊ីចឹងយើងមិនអាចគោរពមនុស្សនេះបានទេ មនុស្សទូទៅក៏អ៊ីចឹងដែរ ជាពិសេសដូចលោកសាគាល លោកនៅឡូវ៉ែល នៅម៉ាសសាឈូសេត ហ្នឹង លោកដឹងក្រយៅរបស់អាខ្មៅ ហ្នឹងហើយ បានជាក្នុងឃ្លីបវីដអូរបស់លោកសាគាល ហ្នឹង លោកដឹងហើយ ពីដើមលោកសាគាល ហ្នឹងជាអ្នកជិតដិតខ្លាំងណាស់ជាមួយសង្ឃប៊ុត ប៊ុនតិញ ហ្នឹង ក៏ប៉ុន្តែដោយសារសង្ឃនេះវាអត់គ្រប់លក្ខណសម្បត្តិ ហើយវាមានអំពើទុច្ចរិតនៅក្នុងវត្តភ្នំសិរី នោះ តាមពិតទៅ មិនមែនវត្តភ្នំសិរីទេ ព្រោះជាវត្តគ្រាន់តែប៊ុត ប៊ុនតិញ យកវត្តនេះមកធ្វើជាឈ្នាន់ ដើម្បីប្រព្រឹត្តអំពើទុច្ចរិតរបស់ខ្លួន“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ចំពោះថា បុគ្គលនេះយកវិស័យព្រះពុទ្ធសាសនាខ្មែរ មកជាន់ឈ្លីធ្វើជាខែលបិទបាំង បម្រើនយោបាយឲ្យក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី គឺអាហ្នឹងវាអ៊ីចឹងហើយ ពីព្រោះនាងរត់ទៅរកអ្នក មីខាតលក្ខណ៍ រត់រកអាកំបាក់ទន្សាហ្នឹង អាហ្នឹងគឺវាអ៊ីចឹងហើយ គឺថាពួកប្រឆាំង វារត់ទៅរកពួកប្រឆាំង អ្នកទុច្ចរិត រត់រកអ្នកទុច្ចរិត បាននៅបាន បើជាមួយអ្នកសុចរិត នៅម៉េចជាមួយបាន? អាហ្នឹងនៅអត់បានទេ ។ អ៊ីចឹងគឺថា មនុស្សខូចរត់ទៅរកមនុស្សខូច មនុស្សល្អរត់ទៅរកមនុស្សល្អ ។ ជារួមគណបក្សមិនដែលបានលើកអាសង្ឃប៊ុត ប៊ុនតិញ នេះយកមកនិយាយទេ ដូច្នេះហើយគឺថា ខ្ញុំមិនអាចនឹងសន្និដ្ឋានជំនួសគណបក្សបានទេ ក៏ប៉ុន្តែអ្នកណាក៏ដោយ សុទ្ធតែពិនិត្យមើលឃើញហើយ បើសង្ឃពិតប្រាកដ គឺគោរពធម្មវិន័យ សម្ដីសំដៅឲ្យវាស្របទៅតាមសច្ចធម៌ យុត្តធម៌ មិនលាបពណ៌ មិនវ៉ៃប្រហារទៅភាគីណា អាហ្នឹងបានហៅថាសង្ឃប្រកបដោយគុណធម៌ ហើយមានធម្មវិន័យច្បាស់លាស់ តែបើសង្ឃណាគ្រាន់តែឆ្លៀតយកស្បង់ ក្រណាត់លឿងមកព័ទ្ធខ្លួន ហើយនិងនៅតែប្រព្រឹត្តទុច្ចរិត អំពើអនាចារទេ អាហ្នឹងមិនអាចចាត់ទុកជាសង្ឃបាន“ ។
ជុំវិញការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការឆ្លើយតបពីព្រះតេជគុណ ប៊ុត ប៊ុនតិញ បានទេ កាលពីម្សិលមិញ ។
ដោយឡែក លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកសម រង្ស៉ី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការដែលលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និយាយថា ព្រះតេជគុណប៊ុត ប៊ុនតិញ ធ្លាប់លុតក្រាបសុំស្គាល់ចិត្តសម្ដេចហ៊ុន សែន តែសម្ដេចហ៊ុន សែន ទាត់ក្បាលចោលនោះ ជាពាក្យសម្ដីខុសពីការពិតទាំងស្រុង ព្រោះតាមពិត ព្រះតេជគុណប៊ុត ប៊ុនតិញ មិនបានទៅលុតក្រាបចំពោះសម្ដេចហ៊ុន សែន នោះទេ ហើយក៏មិនដែលទៅសុំបុណ្យស័ក្ដិពីសម្ដេចហ៊ុន សែន ម្ដងណាដែរ គឺព្រះអង្គគ្រាន់តែទៅចូលរួមវេទិកាដែលរៀបចំដោយសម្ដេចហ៊ុន សែន ដើម្បីផ្ដល់យោបល់តែប៉ុណ្ណោះ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ការពិតហើយ ជាការប្រមាថព្រះសង្ឃព្រះពុទ្ធសាសនាមួយធ្ងន់ធ្ងរណាស់ គណបក្សកាន់អំណាច ហៅព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលរិះគន់រដ្ឋាភិបាល ថាជាអាខ្មៅហ្នឹង ។ អាហ្នឹងអ្នកដែលហៅហ្នឹងគឺជាទមិឡអត់សាសនាតែម្ដង ដូចរបបខ្មែរក្រហមអ៊ីចឹង ដែលមិនគោរពចំពោះព្រះសង្ឃ មិនគោរពចំពោះព្រះពុទ្ធសាសនា គ្រាន់តែយកព្រះពុទ្ធសាសនាហ្នឹងជាខែលការពារទង្វើទុច្ចរិតរបស់ខ្លួន ការពារអំណាចផ្ដាច់ការរបស់ខ្លួន ហើយអ្វីដែលលោកសុខ ឥសាន ថា ព្រះអង្គប៊ុត ប៊ុនតិញ ហ្នឹងធ្លាប់លុតក្រាបសុំស្គាល់ចិត្តហ៊ុន សែន តែហ៊ុន សែន ទាត់ក្បាលចោលអីហ្នឹង អាហ្នឹងជាសម្ដីពាល ដែលនិយាយចំពោះព្រះសង្ឃ ហើយតាមពិតព្រះតេជគុណប៊ុត ប៊ុនតិញ ហ្នឹង លោកមិនបានទៅលុតក្រាបចំពោះលោកហ៊ុន សែន នោះទេ លោកគ្រាន់តែចូលរួមវេទិកាដែលរៀបចំដោយលោកហ៊ុន សែន តើ! គ្រាន់តែផ្ដល់យោបល់ចំពោះលោកហ៊ុន សែន តើ! លោកមិនបានទៅលុតក្រាបចំពោះលោកហ៊ុន សែន ឬក៏សុំបុណ្យស័ក្ដិពីលោកហ៊ុន សែន នោះទេ ។ ដូច្នេះការដែលនិយាយថា លោកហ៊ុន សែន ទាត់ក្បាលលោកចោលហ្នឹង គឺជាពាក្យសម្ដីរបស់មនុស្សទមិឡអត់សាសនា ហើយដូចខ្ញុំថាអ៊ីចឹង គឺព្រះតេជគុណប៊ុត ប៊ុនតិញ មិនដែលទៅលុតក្រាបសុំបុណ្យស័ក្ដិអីពីលោកហ៊ុន សែន អីទេ គ្រាន់តែចូលរួមវេទិកាសាធារណៈ ពីបញ្ហាសង្គម បញ្ហាព្រៃឈើតែប៉ុណ្ណោះឯង“ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ សម្តេចហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងវេទិកា «ការការពារនិងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ដោយបាននិមន្តព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ចូលរួមផងដែរ។ បន្ទាប់មក នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ សម្ដេចហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៥ បានចេញអនុក្រឹត្យមួយ ប្រគេនមេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ដល់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រគេនដល់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដោយសារតែព្រះអង្គមានស្នាព្រះហស្តក្នុងការរួមចំណែកដល់ការថែរក្សា ការពារនិងអភិវឌ្ឍធនធានធម្មជាតិ នៅកម្ពុជា នាពេលកន្លងមក។ ប៉ុន្តែព្រះតេជគុណ ប៊ុត ប៊ុនតិញ មិនព្រមទទួលយកមេដាយ តាមការផ្ដល់ជូនរបស់នាយករដ្ឋមន្ត្រី នោះទេ ។ លើសពីនេះ នៅពេលទៅគង់នៅវត្តភ្នំសិរី សហរដ្ឋអាមេរិក ព្រះតេជគុណប៊ុត ប៊ុនតិញ នៅតែបន្តរិះគន់ វាយប្រហារ ចោទប្រកាន់មកលើគណបក្សកាន់អំណាច និងរាជរដ្ឋាភិបាល ជាពិសេសមកលើសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជារឿយៗ ដូចជាបានរិះគន់សម្ដេចហ៊ុន សែន ទាក់ទងនឹងការទទួលបានគោរមងារ «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក កាលពីថ្ងៃ២ ខែឧសភា ឆ្នាំ២០២៣ និងបានចោទសម្ដេចថា បានផ្ដល់លុយ ១០ម៉ឺនដុល្លារ ទៅឲ្យលោកសុខ សុគន្ធ ហៅជេម សុខ អ្នកអត្ថាធិប្បាយនយោបាយនិងសង្គម នៅសហរដ្ឋអាមេរិក ជាដើម ។
ទោះយ៉ាងណា ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី នៅទូទាំងប្រទេស សរុប ១៥០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣ សម្ដេចអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តាំទៅភិក្ខុ ប៊ុត ប៊ុនតិញ ដែលសម្ដេចហៅ “អាខ្មៅ” ឲ្យផ្តល់នូវភ័ស្តុតាងដែលចោទសម្តេច ថាបានផ្តល់លុយ ១០ម៉ឺនដុល្លារ ឲ្យលោកជេម សុខ នៅអាមេរិក នោះ ។ សម្ដេច បានលើកឡើងថា បុគ្គលប៊ុត ប៊ុនតិញ សម្តេច មិនហៅជាព្រះសង្ឃទេ ព្រោះជាក្មេងពាល គ្រាន់តែយកស្បង់ចីពរមកគ្របដណ្តប់ ធ្វើជាសង្ឃតែប៉ុណ្ណោះ ។ សម្ដេច បានបញ្ជាក់សង្កត់ធ្ងន់ទៅកាន់ព្រះសង្ឃប៊ុត ប៊ុនតិញ ថា ប្រសិនបើរកមិនឃើញភ័ស្តុតាងដែលចោទសម្តេច ផ្តល់លុយ ១០ម៉ឺនដុល្លារ ឲ្យលោកជេម សុខ ទេនោះ សម្តេច មិនឈប់រករឿងនោះឡើយ។ សម្តេច ចាត់ទុកការចោទសម្តេច ផ្តល់លុយឱ្យលោកជេម សុខ គឺជាពាក្យមុសា ល្មើសធម៌វិន័យមួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវតែចេញមុខសុំទោសសម្តេច ទើបសម្តេច នឹងលែងរករឿង។
សម្តេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា «សូមផ្តាំទៅអាខ្មៅ ! អាខ្មៅសួរមកប៉ុន្មានថ្ងៃមុននេះថា តើពេលណាដែលលោកហ៊ុន សែន ឈប់រករឿងអាត្មា? អាខ្មៅហ្នឹង ខ្ញុំមិនហៅវាជាព្រះសង្ឃទេ ព្រោះជាក្មេងពាល គ្រាន់តែយកស្បង់ចីពរ ទៅគ្របដណ្តប់តែប៉ុណ្ណឹង។ ឥឡូវអាខ្មៅ រកលុយ ១០ម៉ឺនដុល្លារ ដែលថា ហ៊ុន សែន ឲ្យជេម សុខ រកឲ្យឃើញ បើកាលណារកមិនឃើញ ហ៊ុន សែន នៅតែតាមជេរអាខ្មៅ ព្រោះវាខូច។ អីចឹងសុំផ្តាំទៅជេម សុខ ឬសុខ សុគន្ធ ជួយទារលុយពីអាខ្មៅ ព្រោះឥឡូវយើងហៅព្រះសង្ឃថាម៉េច បើមុសាអ៊ីចឹង។ ឥឡូវបើចេញមកសុំទោសបាន អញហៅតេជគុណ ឲ្យតែអាខ្មៅ ចេញមកសុំទោស។ កាលណាឯងមិនព្រមសារភាពរឿង ១០ម៉ឺនដុល្លារ ថាហ៊ុន សែន ផ្តល់ឲ្យជេម សុខ ឬសុខ សុគន្ធ ទេ កុំឲ្យសង្ឃឹមថាឈប់រករឿងអាខ្មៅឯង»។
សម្តេចហ៊ុន សែន ក៏បានឆ្លើយតបផងដែរ ចំពោះការលើកឡើងរបស់ភិក្ខុប៊ុត ប៊ុនតិញ ដែលថា ព្រះអង្គមានរាសីខ្ពស់ជាងសម្តេច ទៅទៀត ដោយសម្តេច បានបញ្ជាក់សង្កត់ធ្ងន់នៅពេលនោះថា «បើរាសីខ្ពស់ជាងហ៊ុន សែន មិនមែនរត់ចោលស្រុកទេ អាខ្មៅ! តែក៏អរគុណដែរដែលពួកលោកឯករត់ចោលស្រុក ធ្វើឲ្យស្រុកមានស្ថិរភាព មិនរញ៉េរញ៉ៃ…» ៕ កុលបុត្រ