ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានអះអាងថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ ដោយមិនរាប់បញ្ចូលទិន្នន័យពីគ្រឹះស្ថានធនាគារ បានផ្តល់ឥណទាន (កម្ចី) ជាង៥ពាន់លានដុល្លារ ទៅឱ្យអតិថិជនជាង ១លានកន្លះគណនី និងផ្តល់ការងារផ្ទាល់ដល់ពលរដ្ឋកម្ពុជា ជាង២ម៉ឺននាក់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញផ្សាយទិន្នន័យថ្មី នៅលើគណនីបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា “ គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ ដោយមិនរាប់បញ្ចូលទិន្នន័យពីគ្រឹះស្ថានធនាគារ បានផ្តល់ឥណទានចំនួន ៥,១២ពាន់លានដុល្លារ ទៅឱ្យអតិថិជនចំនួន ១,៥៧លានគណនី ។ ទន្ទឹមនឹងនេះ ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ (MDI) ទាំង៤ មានចំនួន ២,២ពាន់លានដុល្លារ ពីអតិថិជនដាក់ប្រាក់បញ្ញើ ប្រមាណ ២,០១លានគណនី គិតត្រឹមរយៈពេលដូចគ្នា។ វិស័យមីក្រូហិរញ្ញវត្ថុ បានផ្តល់ការងារដោយផ្ទាល់ ដល់ប្រជាពលរដ្ឋកម្ពុជា ២១ ៥៦៧នាក់ នៅទូទាំងប្រទេស ជាមួយនឹងបណ្តាញប្រតិបត្តិការចំនួន ៩០៤ការិយាល័យ“។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ហ្វេសប៊ុក ខាងលើនេះ លោកកាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា មិនមានកំណើនគួរឲ្យកត់សម្គាល់នោះទេ ហើយនៅរយៈពេល ២ត្រីមាសចុងក្រោយនេះ មានការធ្លាក់ចុះបន្ដិចបន្ដួច លើទំហំឥណទាន និងចំនួនអតិថិជន ។ លោកថា ការធ្លាក់ចុះនៃទំហំឥណទាននេះ ជារឿងធម្មតា ដោយសារតែបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ច មានភាពយឺតយ៉ាវ ដូច្នេះកំណើនឥណទាន ក៏មានការធ្លាក់ចុះតាមនេះដែរ ។ ប៉ុន្ដែអ្វីដែលសំខាន់ វិស័យហិរញ្ញវត្ថុ នៅតែរក្សាបាននូវស្ថិរភាពល្អប្រសើរ ជាពិសេសវិស័យមីក្រូហិរញ្ញវត្ថុ បានផ្តល់ការងារដោយផ្ទាល់ ដល់ប្រជាពលរដ្ឋកម្ពុជា ចំនួន ២១ ៥៦៧នាក់ នៅទូទាំងប្រទេស ជាមួយនឹងបណ្តាញប្រតិបត្តិការចំនួន ៩០៤ការិយាល័យ ។ ជារួម វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា បន្តមានភាពរីកចម្រើន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផលនិងសេវាហិរញ្ញវត្ថុផ្លូវការ ដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ការណ៍នេះ ធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោកកាំង តុងងឺ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “ជាង២ម៉ឺននាក់ហ្នឹង គឺជាបុគ្គលិកដែលបម្រើការនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារទេ ។ អ៊ីចឹងអានេះគឺជាបុគ្គលិកនៅក្នុងវិស័យ ។ ដោយឡែក បើសិនជាយើងគិតថា ឥណទានហ្នឹង ដែលប្រជាពលរដ្ឋយើងគាត់យកទៅប្រកបអាជីវកម្ម បើកជាពាណិជ្ជកម្ម រកស៊ីអីផ្សេងៗហ្នឹង គឺថាវាបង្កើតការងារជាច្រើនទៀត ទៅដល់ប្រជាពលរដ្ឋខ្មែរយើង ពីព្រោះយើងដឹងហើយថា កម្ចីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារដែរ វាមិនត្រឹមតែជួយឲ្យប្រជាពលរដ្ឋខ្លួនឯង បង្កើនប្រាក់ចំណូលទេ ក៏វាជួយជំរុញដល់សេដ្ឋកិច្ច ឲ្យមានកំណើនដែរ ។ នៅពេលដែលអាជីវកម្មគាត់រីកចម្រើន អ៊ីចឹងគាត់ត្រូវការជួលបុគ្គលិក គាត់ត្រូវការពង្រីកផលិតកម្មគាត់ អ៊ីចឹងវាបង្កើតការងារនៅក្នុងស្រុករបស់យើងដែរ ដើម្បីបង្កើនអ៊ីចឹង ។ ឧទាហរណ៍ថា គាត់ជាកសិករទេ ដែលកន្លងមក គាត់ធ្វើចម្ការ ១ហិកតារ ប៉ុន្តែដល់ពេលគាត់មានទុនទៅ គាត់ពង្រីកទៅ ២ហិកតារ អ៊ីចឹងកម្លាំងពលកម្មដែលត្រូវការការងារដាំដុះហ្នឹង ក៏វាមានតម្រូវការកើនឡើងដែរ ។ អ៊ីចឹងវាជួយជំរុញដល់កំណើនការការងាររបស់ប្រជាពលរដ្ឋយើងដែរ ។ ប៉ុន្តែបើសួរថា ចំនួនជាង ២ម៉ឺននាក់នេះ វាជាចំនួនច្រើនជាងឆ្នាំកន្លងទៅឬយ៉ាងណា? កន្លែងនេះ យើងអត់ទាន់មានទិន្នន័យផ្លូវការ ហើយបើយើងសិក្សា ក៏យើងប្រហែលជាពិបាកសិក្សាដែរ ពីព្រោះយើងដឹងហើយថា ទុនរបស់វិស័យហិរញ្ញវត្ថុ ឬក៏ធនាគារ វាជាគ្រាន់តែជាចលករមួយផ្នែកទេ ដើម្បីជំរុញសេដ្ឋកិច្ច ដើម្បីពង្រីកផលិតកម្ម ដើម្បីបង្កើតប្រតិបត្តិការពាណិជ្ជកម្មអីផ្សេងៗហ្នឹង យើងអត់អាចថា ដោយសារតែទុនហ្នឹង ធ្វើឲ្យមានអាហ្នឹងទេ ។ ទុនគ្រាន់តែជាផ្នែកមួយទេ“ ។
លោកកាំង តុងងឺ បានមានប្រសាសន៍បន្តថា “ចំពោះស្ថានភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា បើសិនជាយើងធៀបជាមួយនឹងប៉ុន្មានឆ្នាំកន្លងមក យើងមានកំណើនខ្លាំង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ។ ក៏ប៉ុន្តែបើយើងមើលពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននេះ ដោយសារតែកំណើនសេដ្ឋកិច្ចយើង ឬក៏ពាណិជ្ជកម្មមានការធ្លាក់ចុះ មានកំណើនយឺតជាងធម្មតា ។ អ៊ីចឹងធម្មតាទេ តម្រូវការឥណទានក៏វាមានការថយចុះទៅតាមហ្នឹងដែរ ។ ឧទាហរណ៍ថា ក្នុងរយៈពេល១ត្រីមាស ២ត្រីមាសចុងក្រោយនេះ តម្រូវការឥណទានមានការថយចុះប្រមាណជា ១% ប៉ុន្តែបើយើងមើលទៅលើស្ថានភាពសេដ្ឋកិច្ចតម្រូវការពាណិជ្ជកម្មបច្ចុប្បន្ននេះ គឺថាយើងនៅតែវាយតម្លៃថា ស្ថានភាពវិស័យនៅតែមានស្ថិរភាពរឹងមាំនៅឡើយទេ ពីព្រោះការផ្ដល់ទុនរបស់វិស័យធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុ ក៏យើងមើលទៅអាជីវកម្មរបស់ពលរដ្ឋយើងដែរ ។ បើសិនជាអាជីវកម្មគាត់អត់ច្បាស់លាស់ ក៏យើងមិនចេះតែអាចផ្ដល់ទុនជូនគាត់ដែរ ទាល់តែថា យើងមើលទៅ គាត់មានអាជីវកម្ម ផែនការច្បាស់លាស់ វាមើលទៅឥណទានដែលយើងផ្ដល់ទៅ វាជួយឲ្យអាជីវកម្មគាត់រីកចម្រើន ទើបយើងផ្ដល់ ។ ប៉ុន្តែបើយើងមើលទៅថា ប្រជាពលរដ្ឋ ឬក៏អ្នកខ្ចីហ្នឹងអាចនឹងមានប្រថុយប្រថានខ្ពស់ ក៏យើងអត់ផ្ដល់ទៅគាត់ដែរ ។ ក្នុងចំណុចនេះ ចំពោះការផ្ដល់សេវាហិរញ្ញវត្ថុដល់ពលរដ្ឋនៅតាមជនបទ គឺបច្ចុប្បន្ននេះ យើងនៅតែមានទុនគ្រប់គ្រាន់ក្នុងការបញ្ចូលទៅក្នុងទីផ្សារ ឲ្យតែប្រជាពលរដ្ឋមានតម្រូវការ ហើយគាត់បំពេញតាមលក្ខខណ្ឌដែលយើងមាន ។ លក្ខខណ្ឌហ្នឹង គឺថាគាត់មានគោលបំណងច្បាស់លាស់ គាត់មានលទ្ធភាពសងគ្រប់គ្រាន់ គាត់មានលក្ខខណ្ឌផ្សេងៗដែលស្របតាមតម្រូវការនៃផលិតផលហិរញ្ញវត្ថុមួយៗហ្នឹង គឺយើងនៅតែអាចផ្ដល់ទៅបានទេ“ ។
ជាមួយគ្នានោះដែរ លោកកាំង តុងងឺ ក៏បានបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ និងមានចក្ខុវិស័យច្បាស់លាស់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃពីសំណាក់រាជរាដ្ឋាភិបាល តាមរយៈធនាគាជាតិនៃកម្ពុជា ដោយបានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកិច្ចការពារអតិថិជន។
លោកកាំង តុងងឺ បានមានប្រសាសន៍បន្តទៀតថា “ជារួមចំពោះការខិតខំរបស់សមាគមមីក្រូហិរញ្ញវត្ថុ របស់យើងខ្ញុំ ជាអាទិភាពរបស់វិស័យ គឺយើងនឹងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និងមធ្យម នៅកម្ពុជា តាមរយៈការចាក់បញ្ចូលដើមទុនទៅក្នុងវិស័យទាំងអស់នេះ ក៏ប៉ុន្តែការផ្ដល់ឥណទាន ឬក៏ប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនេះ គឺយើងនឹងបន្តរឹតបន្តឹងគុណភាព ដើម្បីធានាបានថា អត្រាជោគជ័យ អតិថិជនដែលបានទទួលឥណទានពីយើងទៅហ្នឹង មានអត្រាខ្ពស់ជាងមុន ហើយយើងមានគោលការណ៍ការពារអតិថិជនដែរ គឺនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារដែរ គឺយើងមានច្បាប់ ការការពារដោយផ្លូវច្បាប់រួចទៅហើយ ច្បាប់ទូទៅ និងច្បាប់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ទី១ ។ យន្តការទី២ ដែលសមាគមបានដាក់ចេញហ្នឹង យើងហៅថា យន្តការស្វ័យប្បញ្ញតិ្ត គឺយើងមានច្បាប់មួយចំនួនទៀត ដែលមិនមែនចេញដោយរដ្ឋាភិបាលទេ ប៉ុន្តែចេញដោយសមាគមមីក្រូហិរញ្ញវត្ថុខ្លួនឯង ដើម្បីត្រួតពិនិត្យទៅលើគុណភាព ទៅលើប្រតិបត្តិការរបស់សមាជិកយើងហ្នឹង ដើម្បីធានាបានថា វិស័យនេះ នឹងរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព“ ។
គួររំលឹកថា កាលពីថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភាគច្រើនមានភាពរឹងមាំ និងអាចធន់នឹងហានិភ័យនានា ដោយគ្រឹះស្ថាន បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជូន អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិប្រុងប្រយ័ត្ន សេចក្តីណែនាំ និងវិធានការនានា ដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា។
ទោះយ៉ាងណា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលមានទំហំប្រតិបត្តិការតូចៗ នៅតែមានចំណុចខ្វះខាត ពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ និងការអនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម ជាដើម។ ការខ្វះខាតទាំងនេះ ត្រូវបានត្រួតពិនិត្យជាប្រចាំ ដោយមានការតាមដាន និងវាយតម្លៃលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ប្រចាំត្រីមាសនីមួយៗ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានចាត់វិធានការផ្នែករដ្ឋបាល ក៏ដូចជាការពិន័យដល់គ្រឹះស្ថានដែលអនុវត្តមិនស្របតាមបទប្បញ្ញត្តិជាធរមានផងដែរ ៕ កុលបុត្រ