Saturday, April 27, 2024
Homeសង្គម និងជីវិតលោកតា៨៥វស្សា កូនចៅបោះបង់ សុគតក្នុងវត្ត

លោកតា៨៥វស្សា កូនចៅបោះបង់ សុគតក្នុងវត្ត

ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃវ័យចំណាស់ ១អង្គ ដែលមានព្រះជន្ម ៨៥វស្សា និងត្រូវកូនចៅបោះបង់ចោល លែងរវីរវល់ បានសុគតកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមប្រភពពីព្រះវិរិយធម្មញាណ ពៅ ស៊ត បានមានសង្ឃដីកាឱ្យដឹង កាលពីយប់ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៤ថា លោកម្ចាស់តា គង់នៅវត្តខ្សាច់ស ភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយកាលដែលព្រះអង្គមកបួសនេះ គឺដោយហេតុត្រូវបានកូនៗបោះបង់ចោល។

ព្រះវិរិយធម្មញាណ ពៅ ស៊ត បានមានសង្ឃដីកាទៀតថា នៅពេលព្រះអង្គសាកសួរពីប្រវត្តិលោកម្ចាស់តា ត្រូវបានអធិការវត្តខ្សាច់ស ព្រះនាមវង្ស ច័ន្ទរិទ្ធី បានមានថេរដីកាថា រឿងលោកម្ចាស់តា ត្រូវកូនៗបោះបង់ចោលនេះ គឺជារឿងពិត ដោយសារតែព្រះចៅអធិការវត្តជំនាន់មុន លោកឃើញលោកម្ចាស់តា គួរឱ្យអាណិត ក៏យកមកបំបួស ដោយសារត្រូវកូនបោះបង់ចោល ហើយលោកម្ចាស់តា គង់នៅទីនេះមុនព្រះអង្គទៅទៀត។ នៅពេលដែលលោកតាព្រះចៅអធិការវត្តជំនាន់មុន និមន្តចេញទៅ ព្រះអង្គត្រូវបានក្រសួងធម្មការ និងសាសនា និងចាត់តាំងមក ក៏ឃើញលោកម្ចាស់តានៅទីនេះ ក៏មើលថែលោកទៅ។ ណាមួយបើថាលោកម្ចាស់តាសឹកទៅ ក៏មិនដឹងជានិមន្តទៅណាដែរ។

ព្រះចៅអធិការវត្ត បានមានថេរដីកាបន្តថា ក្មួយរបស់លោកម្ចាស់តា ដែលនៅភូមិខាងមុខនេះក៏បានមកហាមព្រះអង្គថា កុំឱ្យលោកម្ចាស់តា ទៅផ្ទះគេ ព្រោះគេអត់មានអីចិញ្ចឹមទេ ហើយលោកម្ចាស់តា លួចទៅ ព្រះអង្គមិនបានដឹងទេ បើដឹងក៏មិនឱ្យនិមន្តទៅដែរ។

ព្រះចៅអធិការវត្ត បានមានថេរដីកាថា ព្រះអង្គក៏មិនបានដឹងច្បាស់ពីមូលហេតុដែលនាំឱ្យកូនៗបោះបង់ចោលលោកម្ចាស់តាដែរ  ព្រោះជារឿងក្រុមគ្រួសាររបស់លោកម្ចាស់តា ក៏ប៉ុន្តែព្រះអង្គដឹងច្បាស់ថា លោកម្ចាស់តា មានកូនចំនួន៣នាក់ ក៏ប៉ុន្តែមិនដែលមកអើតមើលលោកទេ។

ព្រះចៅអធិការវត្តខ្សាច់ស បានបន្តថា ព្រះអង្គនិយាយនេះ គឺចង់ឱ្យកូនចៅរបស់លោកម្ចាស់តាដឹងឮដែរ ព្រោះរឿងនេះគឺជារឿងពិត លោកម្ចាស់តាត្រូវកូនបោះបង់ចោល៕

RELATED ARTICLES