ភ្នំពេញ៖តារាចម្រៀងនី ម៉ាប់ ហៅនី រតនា ទើបតែរៀបការប្រពន្ធបាន៥ឆ្នាំទេ តែលោកម៉ាប់ មានកូន៣នាក់(ស្រី២)ទៅហើយគិតត្រឹមឆ្នាំ២០២៤ នេះ ដែលចំនួនកូននេះស្មើគ្នាទៅនិងតារាចម្រៀងព្រាប សុវត្ថិ មានប្រពន្ធ២៧ឆ្នាំ មានកូន៣ (ប្រុសទាំង៣) និងខេមរៈ សិរីមន្ដ មានប្រពន្ធ២០ឆ្នាំមានកូន៣នាក់ដែរ(ស្រី២)ដែរ។ការទទួលបានចំណងដៃកូន៣នាក់ត្រឹមតែ៥ឆ្នាំនេះ ដោយសារតែកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ភរិយាលោករតនា បានសម្រាលកូនភ្លោះ(ស្រី១ប្រុស១)ដោយលោកនិងប្រពន្ធបានដាក់ឈ្មោះកូនស្រដៀងឈ្មោះកូនបរទេសគឺកូនស្រីនីវណ្ណ អ៊ែលឡូឌី និងកូនទី២ប្រុសឈ្មោះនីវណ្ណ អ៊ែលដូនី ខណៈដែលកូនស្រីច្បងលោកឈ្មោះនីវណ្ណ មែលឡានី អាយុជិត៤ឆ្នាំ ។
នី រតនា និងប្រពន្ធបានបង្ហាញក្ដីរំភើបដែលតារារួមអាជីពបានសាទរឆ្នាំថោះទទួលបានកូនម្ដង២ ។ដោយឡែកសម្រាប់Fan វិញបានលើកឡើងថាមិនយូទេលោកនី រតនា នឹងវ៉ាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ រឿងយកកូននេះជាមិនខាន ព្រោះថាពេលនេះលោកម៉ាប់ នៅមានវ័យក្មេងជាងតារារៀមច្បងទាំង២ខាងលើ។
នី រតនា ម្ចាស់ពាន Cambodian Idol រដូវកាលទី១ បានរៀបការជាមួយនាងហេង សុវណ្ណភក្ដិណា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ពោលគឺគ្រាន់តែមានឈ្មោះល្បីភ្លាម ការប្រពន្ធភ្លែតតែម្ដង។ក្រោយក្លាយទៅជាប្ដីអ្នកលក់Online នេះលោកម៉ាប់ មានជីវភាពធូធារស់នៅផ្ទះវីឡារប្រណិត និងជិះរថយន្ដទំនើបដូចជាRange Rover និងMercedes ជាដើម ។ប៉ុន្ដែទីផ្សារចម្រៀងតារាកូន៣រូបនេះហាក់នៅទ្រឹង ពោលគឺមិនសូវខ្លាំងក្លានោះទេ បើទោះជាបច្ចុប្បន្នហង្សមាសគ្មានជើងខ្លាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក៍ដោយ។តែនៅតាមឆាកតន្រ្ដីរបស់ហង្សមាសតាមខេត្តគេឃើញលោករតនា នៅតែចេញច្រៀងជាបន្ដបន្ទាប់ដែលនេះបញ្ជាក់ថារតនា នៅតែអាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារពីConcerts នារដូវក្ដៅ ព្រោះលោកត្រូវបានគេទទួលស្គាល់ថាមានសម្ថភាពអាចច្រៀងបានជាច្រើនទម្រង់ បើទោះជាមិនស្ថិតក្នុងលំដាប់តារាលំដាប់ជូរមុខ ព្រោះព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ឆាយ វីរៈយុទ្ធ និងខេម ជាដើមមានប្រៀបជាងក្ដី ។
អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ដែលធ្លាប់បង្រៀនពីទិកនិកច្រៀងដល់រតនា អំឡុងរូបគេប្រលងចម្រៀងនៅSeatv លើកឡើងថានី រតនា ជាតារាដែលចេះច្រៀងទៅតាមបញ្ចេកទេស មិនមែនចេះតែស្រែកៗឡើយ… ។ប៉ុន្ដែសម្រាប់មជ្ឈដ្ឋានមហាជនបានលើកឡើងថានៅឆ្នាំ២០២៤ ហង្សមាសនៅតែគ្មានអ្នកអាចជំនួសព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានដដែល បើទោះជានី រតនា ,ថែល ថៃ និងលីម តិចម៉េង ជាដើមត្រូវបានគេមើលឃើញថាសុទ្ធតែជាអ្នកមានសម្ថភាពមិនធម្មតាក្ដី ។ចំពោះរតនា លោកត្រូវបានហង្សមាសលើកស្ទួយឲ្យធ្វើជាតួឯកក្នុងរឿង”រាជ្យបុត្រកង្កែប “ ដើម្បីឲ្យមានសកម្មភាពសិល្បៈកាន់តែច្រើនដណ្ដើមភាពលេចធ្លោលឿននៅផលិតកម្មមួយនេះ តែលោកម៉ាប់ ហាក់មិនទាន់ទៅដល់ចំណុចកំពូលទេ ពោលគឺការគាំទ្រមធ្យមប៉ុណ្ណោះ ។
ទស្សនិកជនរងចាំមើលថាថៅកែហង្សមាសនឹងលើកតារាកូន៣នី រតនា ឲ្យជំនួសតំណែងព្រាប សុវត្ថិ និងខេម រៈ សរីមន្ដ បានដែរ ឬយ៉ាងណានៅឆ្នាំ២០២៤ នេះ ខណៈដែលតាមដំណឹងថាតារាកូន១លោកឆាយ វីរៈយុទ្ធ ក៍ជាមុខសញ្ញារបស់ហង្សមាសជាយូឆ្នាំមកហើយដែរ បើទោះជាបច្ចុប្បន្នផលិតកម្មធំមួយនេះមានតារាឡើងជាន់គជើងគ្នាទៅហើយក្ដី ។
ក្រៅពីនី រតនា តារាដែលយកកូននៅឆ្នាំនេះមានដូចជាលោកស៊ឹម សូលិកា ,គង់ ចាន់រដ្ឋា ,និងឱក សុគន្ធកញ្ញា ជាដើម ៕