Saturday, April 27, 2024
Homeសង្គម និងជីវិតខឹម វាសនា ថាឱកាសចុងក្រោយហើយ អ្នកយល់ ធម៌ព្រហ្ម នឹងពុំលិចទឹកងាប់

ខឹម វាសនា ថាឱកាសចុងក្រោយហើយ អ្នកយល់ ធម៌ព្រហ្ម នឹងពុំលិចទឹកងាប់

ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាព្រហ្មរក្សាលោក បានថ្លែងអះអាងជាថ្មីទៀតថា អ្នកដែលស្គាល់ព្រហ្មរក្សាលោក និងយល់ធម៌ព្រហ្ម នៅពេលទឹកលិចលោកមកដល់ នឹងរស់រួចផុតមហន្តរាយលោកដោយសារទឹកលិច ហើយក៏ផ្តាំទៅអ្នកដែលមិនយល់ធម៌ថា នេះជាឱកាសចុងក្រោយហើយ មុននឹងលិចលង់ងាប់ដោយសារទឹក បើអ្នកស្តាប់ធម៌ព្រហ្ម ឲ្យបានយល់ នឹងពុំលិចទឹកងាប់ទេ នៅពេលទឹកលិចលោក។

លោកខឹម វាសនា បានសរសេរក្នុងគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ ថា «ព្រះពុទ្ធ ប្រាប់មនុស្សទាំងឡាយថា ព្រះអង្គ ជាព្រះពុទ្ធ តែដើម្បីស្គាល់ថាបុគ្គលនោះ ជាព្រះពុទ្ធ ឬអត់ ត្រូវស្តាប់ធម៌ដែលបុគ្គលនោះសម្តែងឲ្យស្តាប់ គិតយល់ដំណើរធម៌នោះថា អស្ចារ្យកម្រិតណា? ធម៌នេះមិនមានអ្នកណាអាចសម្តែងពន្យល់បានសោះឡើយ មានតែព្រះពុទ្ធ ម្នាក់គត់ ដែលអាចសម្តែងពន្យល់ធម៌នេះបាន។ ដូច្នេះការនេះបញ្ជាក់ថា បុគ្គលនោះជាព្រះពុទ្ធ មែនហើយ ស្ដាប់ធម៌យល់ ទើបស្គាល់ថា អ្នកកំពុងសម្ដែងធម៌នោះ ជាព្រះពុទ្ធ។ ដូចគ្នានឹងពូ ពូអ្នកប្រាប់មនុស្សទាំងឡាយថា ពូជាព្រហ្មរក្សាលោក ជាអ្នកមានបុណ្យ ដែលមនុស្សខ្មែរ ទន្ទឹងរង់ចាំ នាពាក់កណ្តាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធ ព្រះនាមសមណគោតម ហ្នឹងហើយ។ ប៉ុន្តែពូប្រាប់ទៀតថា ទាល់តែមនុស្សស្តាប់ការពន្យល់ដំណើរកម្មបង្កើតលោកិយ គឺបដិច្ចសមុប្បាទ យល់ ទើបបុគ្គលនោះ អាចស្គាល់ថា ពូជាអ្នកមានបុណ្យនោះមែន ព្រោះបដិច្ចសមុប្បាទនេះ គឺជាធម៌ដែលព្រះពុទ្ធ ត្រាស់ដឹងនោះហើយ ហើយក្នុងសម័យអត់មានអ្នកណាអាចពន្យល់បដិសច្ចសមុប្បាទនេះបាន ក្រៅពីពូទេ ពេលនោះគេនឹងស្គាល់ថា ពូគឺជាអ្នកមានបុណ្យនោះមែន បើស្តាប់ការពន្យល់ធម៌របស់ពូ មិនយល់ទេ គេនឹងមិនស្គាល់ថា ពូជាអ្នកមានបុណ្យនោះមែនទេ»។

លោកខឹម វាសនា បន្តថា «ចំណោទប្រលងចំពោះមនុស្សគ្រប់គ្នា លើលោកសម័យនេះ គឺ-ស្គាល់អ្នកមានបុណ្យទេ?- អ្នកស្តាប់ដំណើរធម្មជាតិដែលពូពន្យល់ប្រាប់យល់ បានផ្លូវអារម្មណ៍វិលត្រូវគន្លងកម្មបង្កើតលោកិយ ស្គាល់ពូក៏ស្គាល់ យល់ធម៌ក៏យល់ ទឹកលិចលោកមកដល់ ក៏រស់រួចផុតមហន្តរាយលោក ដោយសារទឹកហ្នឹងទៅ។ ចំពោះអ្នកមិនស្តាប់ដំណើរធម៌ដែលពូពន្យល់ឲ្យយល់ទេ គេប្រឹងទៅទិញគម្ពីរមើល ស្តាប់មនុស្សដទៃនិយាយពីធម៌ តើខុសពីពូទេ ឲ្យតែឃើញខុសពីពូពន្យល់ គេសន្និដ្ឋានថាពូខុស។ ខុសហេតុផលហើយ ពូអ្នកនិយាយពន្យល់ធម៌ ត្រូវតែស្តាប់ពូពន្យល់ឲ្យដឹងថា មានហេតុផលអាចយល់បានមែនឬអត់ បានត្រូវ តែគេខ្លះមិនស្តាប់ពូពន្យល់ទេ ខ្លះទៅប្រឹងអានគម្ពីរ ស្រាវជ្រាវដោយខ្លួនឯង ទីមួយគេគ្មានសមត្ថភាពមើលហើយយល់ថា ព្រះពុទ្ធ ចង់ប្រាប់មនុស្សពីរឿងអីផង។ ទីពីរ គេគិតខុសហេតុផល ដើម្បីយល់ថា ពូខុសឬត្រូវផង ដែលជាហេតុផលត្រូវ គេត្រូវតែស្តាប់ពូពន្យល់ ទើបដឹងថាពូពន្យល់ហ្នឹង មានហេតុផលយល់បានឬអត់? ចុះបើគេមិនស្តាប់ពូពន្យល់ផង ម៉េចក៏ដឹងថាពូខុសឬត្រូវនោះ? គេយល់ហេតុផលខុសហើយ។ ឡប់ មិនយល់ហេតុផលអ៊ីចឹងនោះ គេក៏មិនយល់ធម៌ដែលពូបកស្រាយពន្យល់ហ្នឹងទៅ វិញ្ញាណដែលជាគេមិនបានវិលត្រូវគន្លងកម្មផង ហើយក៏មិនស្គាល់ថា ពូជាអ្នកណាផង ដូច្នេះវិញ្ញាសាប្រលង-តើស្គាល់អ្នកមានបុណ្យទេ?- គេធ្វើមិនចេញលទ្ធផលត្រឹមត្រូវទេ គេក៏អត់បានស្គាល់ពូ ថាជាអ្នកមានបុណ្យទៅ។ ទឹកលិចលោកមកដល់ ពួកគេក៏លង់លិចក្នុងទឹកហ្នុងទៅ។ ដំណើរវិញ្ញាសារប្រលង-តើអ្នកស្គាល់អ្នកមានបុណ្យទេ? – គឺមានដំណើរហេតុផលបែបហ្នឹង។ ពូពន្យល់ហេតុផលល្អិតល្អន់អស់ហើយ មនុស្សគ្រប់គ្នា គ្រាន់តែយកហេតុផលដែលពូឲ្យនេះទៅគិតមើលថា តើត្រូវឬទេ? តែប៉ុណ្ណោះ អ្នកគិតឬមិនគិត វាអាស្រ័យលើខ្លួនអ្នកហ្នុងហើយ ជួយខ្លួនអ្នកឲ្យរួចផុតពីមហន្ដរាយលោកបានឬក៏អត់ វាអាស្រ័យលើខ្លួនអ្នកហ្នុងហើយ លទ្ធផលកំណែវិញ្ញាសាប្រលង ជិតចេញហើយ ងាប់ឬរស់ គឺលទ្ធផលនឹងចេញក្នុងពេលឆាប់ៗនេះហើយ»។

លោកខឹម វាសនា បន្តទៀតថា «សម្រាប់ពូ មានតែពាក្យផ្ដាំផ្ញើចុងក្រោយ បើដល់ហេតុការណ៍នោះកើតមានឡើង ឱកាសចុងក្រោយដែលអ្នកអាចជួយខ្លួនអ្នកបាន ប៉ុន្តែត្រូវងាប់ទៅសោយកម្មដែលភ្លើសិនហើយ គឺអ្នកត្រូវគិតថយក្រោយថា អូ អញខុសមែន អញភ្លើមែន គ្មានអ្នកណាអាចជួយអញបានទេ បើពូគាត់ជួយពន្យល់អញប៉ុណ្ណឹងហើយ អញនៅតែភ្លើ មិនចេះគិតហេតុផលតាមពូពន្យល់ បើក្នុងលោកនេះមានព្រះ ឬអាទិទេពខ្លាំងដល់កម្រិតណាក៏មិនអាចជួយមនុស្សភ្លើដូចអញនេះបានដែរ អញខុសមែនហើយ អាត្មាអញពភ្លើណាស់ វាសមតែងាប់អ៊ីចឹងហើយ បានវាត្រូវនឹងសភាពភ្លើរបស់អញ។ បើអ្នកគិតយល់ពីកំហុសរបស់ខ្លួន នោះពេលអ្នកងាប់ទៅ សោយកម្មអស់កម្មហើយ ខ្សែកម្មវិលថយក្រោយដល់កន្លែងដែលអ្នកដឹងត្រូវ គឺសម្បយុត្តនោះ អ្នកនឹងភ្ញាក់ត្រឹមត្រូវវិញ អ៊ីចឹងបានជាពូបញ្ជាក់ប្រាប់ថា ពូអស់អីពន្យល់ឲ្យក្មួយដែលមិនភ្ញាក់នៅពេលនេះ ត្រឹមពូប្រឹងពន្យល់សព្វថ្ងៃហ្នឹងហើយ ដល់ពេលហេតុការណ៍ទឹកលិចលោកបានមកដល់ ជារឿងហួសពេលដែលពូអាចជួយមនុស្សបានហើយ ពូអត់អាច់ពន្យល់ពួកអ្នកមិនយល់ធម៌នៅពេលនោះទៀតទេ គឺនៅផែនដីពីរផ្សេងគ្នាហើយ ហួសពេលហើយ មានតែពាក្យផ្ដាំផ្ញើចុងក្រោយនេះ ទុកជាបណ្ដាំឲ្យក្មួយៗដែលមិនយល់ធម៌ យកទៅគិតដោយខ្លួនឯង នៅឱកាសចុងក្រោយ មុននឹងលិចលង់ងាប់ដោយសារទឹកហ្នុងទេ។ មានតែប៉ុណ្ណឹង គឺអស់ត្រឹមតែប៉ុណ្ណឹង ឯវំ»៕

RELATED ARTICLES