Saturday, July 27, 2024
Homeព័ត៌មានជាតិខ្លាធំ៤ក្បាល នាំចូលពីឥណ្ឌា នឹងបញ្ជូនឱ្យមករស់នៅក្នុងព្រៃជួរភ្នំក្រវាញ

ខ្លាធំ៤ក្បាល នាំចូលពីឥណ្ឌា នឹងបញ្ជូនឱ្យមករស់នៅក្នុងព្រៃជួរភ្នំក្រវាញ

ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២មកនោះ ពេលនេះ សត្វខ្លាធំ ឬខ្លាដំបងចំនួន ៤ក្បាល ដែលនាំចូលពីប្រទេសឥណ្ឌា នឹងត្រូវដឹកជញ្ជូនឱ្យមករស់នៅក្នុងព្រៃជួរភ្នំក្រវាញរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០២៤នេះ ។ 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ មុនការរៀបចំតាំងពិព័រណ៍ភ្នំក្រវាញ ក្រោមប្រធានបទ «ភ្នំក្រវាញជារៀងរហូត» ដើម្បីស្វែងរកកិច្ចគាំទ្រការអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅតំបន់នោះ នៅកន្លែងវិចិត្រសាលសិល្បៈ FT និង AIR (Sra Art) ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត (Suwanna Gauntlett) នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA (Wildlife Alliance) បានអះអាងថា ក្រសួងបរិស្ថាន និងរដ្ឋាភិបាលឥណ្ឌា បានរៀបចំ និងខិតខំប្រឹងប្រែងទទួលសត្វខ្លាមកកាន់កម្ពុជា ដល់ដំណាក់កាលចុងក្រោយនៅក្នុងឆ្នាំនេះ។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បញ្ជាក់ថា សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជា មានឈ្មោលចំនួន ១ក្បាល និងញីចំនួន ៣ក្បាល។ ទន្ទឹមនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំដំឡើងកាំមេរ៉ាចំនួន ៤១០គ្រឿង នៅទូទាំងតំបន់ទេសភាពជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឱ្យបានជាក់លាក់។ សត្វខ្លាធំទាំង ៤ក្បាលនេះ នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។

នាយិកាប្រតិបត្តិ បន្តថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះការពារផ្ទាល់នូវតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ ទំហំ ១,៧លានហិកតារ ដើម្បីការពារ និងអភិរក្សព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃឈើ សត្វព្រៃ និងមនុស្សអាចរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ហើយកញ្ញានឹងត្រូវប្រឹងប្រែងដើម្បីសម្រេចគោលបំណងនេះ។


សូមរំលឹកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ ៩០ហិកតារ ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។


គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើងបន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថា សត្វខ្លាធំនៅមានចំនួន ប្រហែល ៣,២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% ធៀបនឹងចំនួនរបស់វាធ្លាប់មានវត្តមានក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល ១០ម៉ឺនក្បាល នៅក្នុងពិភពលោក ។

សម្រាប់គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វាធ្លាប់បានរកឃើញនៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា៕

RELATED ARTICLES