Sunday, April 28, 2024
Homeសង្គម និងជីវិត ប្រពន្ធកើតកូនតាមផ្លូវ ប្តីមិនហ៊ានជួយ ឪជួយបង្កើតឲ្យ

 ប្រពន្ធកើតកូនតាមផ្លូវ ប្តីមិនហ៊ានជួយ ឪជួយបង្កើតឲ្យ

ខេត្តព្រះសីហនុ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានឈឺពោះសម្រាល ទើបត្រូវបានប្តីដឹកសំដៅទៅមន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាល តែទៅដល់ពាក់កណ្តាលផ្លូវ ប្រពន្ធបែកទឹកភ្លោះ ទើបឈប់សម្រាលនៅតាមផ្លូវ ដោយទារកកើតបញ្ច្រាសជើង ចេញជើងមកក្រៅ ទើបស្ត្រីជាប្រពន្ធបានប្រាប់ឱ្យប្តីជួយទាញ តែប្តីអត់ហ៊ាន រហូតដល់ឪពុកមកដល់ ក៏ជួយទាញទារកចេញមកដោយសុវត្ថិភាព រួចដឹកបញ្ជូនបន្តទៅកាន់មន្ទីរ ពេទ្យ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។

ស្ត្រីដែលសម្រាលកូននៅតាមផ្លូវខាងលើនេះ មានឈ្មោះភាព សុជា អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។ ចំណែកទារកដែលទើបនឹងសម្រាលនោះ គឺជាកូនស្រី មានទម្ងន់ ២,៩០គីឡូក្រាម និងកូនទី៣ ក្នុងគ្រួសារ។

ជុំវិញករណីស្ត្រីសម្រាលកូននៅតាមផ្លូវនេះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានផុសវីដេអូមួយ ភ្ជាប់ជាមួយនឹងសំណេររៀបរាប់ថា “ស្តាប់សម្តីក្មួយស្រី ភាព សុជា អាយុ២៥ឆ្នាំ ដែលសម្រាលកូននៅតាមផ្លូវ ភូមិចាំស្រី ឃុំកំពង់សីលា កាលពីម៉ោង ៩និង៣០ព្រឹកនេះ “ឈឺពោះតិចៗបែកទឹកភ្លោះ ហៅប្តីដឹកទៅពេទ្យបានបន្តិច ក៏សម្រាលតាមផ្លូវ កូនចេញជើង ឱ្យប្តីជួយទាញ ប្តីអត់ហ៊ាន លុះឪពុកមកដល់ ទើបជួយទាញកូនចេញ” ទើបពេទ្យទៅដល់យកមកពេទ្យ និងជួយសម្អាជូន…”។

តាមរយៈវីដេអូឃ្លីបនោះ គេឃើញស្ត្រីឈ្មោះភាព សុជា ដែលបានសម្រាលកូននៅតាមផ្លូវ បានរៀបរាប់ប្រាប់លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានចុះសួរសុខទុក្ខនាងដល់មន្ទីរពេទ្យថា “ដំបូងឈឺដែរ តែឈឺអត់ខ្លាំង អត់ឈឺញាប់ផង ឈឺធម្មតា ហើយកូននេះ ជាកូនទី៣ តែអត់ដឹង ព្រោះធ្លាប់កូនមុនៗឈឺខ្លាំង តែនេះឈឺតិចៗ ដូចឈឺលេងៗ គ្រាន់តែចេញមកបានពាក់កណ្តាលផ្លូវ រាន់តែម្តង ឈឺអត់ប្រឹង ឱ្យប្តីឈប់ ដេកកើតនឹងដីតែម្តងទៅ។ ដល់ខ្ញុំប្រឹងចេញកូនពាក់កណ្តាលហើយ ខ្ញុំឱ្យប្តីខ្ញុំជួយទាញកូន ប្តីខ្ញុំថាអត់ហ៊ានទេ ដល់ប៉ាគាត់មកពីក្រោយ តាមផ្លូវ គាត់ឃើញ គាត់ចូលមកជួយសម្រាលតែម្តង…”។ ក្រោយទារកសម្រាលបានដោយសុវត្ថិ ភាពរួចហើយ ក្រុមគ្រួសារស្ត្រីខាងលើ បានទាក់ទងមកក្រុមគ្រូពេទ្យ ដើម្បីឱ្យគ្រូពេទ្យចុះជួយអន្តរាគមន៍ បន្ទាប់ មកក្រុមគ្រូពេទ្យប្រញាប់ចុះទៅដល់ទីតាំងខាងលើ និងបានជួយសង្គ្រោះទាំងម្តាយទាំងកូន បញ្ជូនមកកាន់ មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលបន្ត៕

RELATED ARTICLES