ភ្នំពេញ៖ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២១ កុម្ភៈ ពេជ្រ សោភា បែជាសើចទៅវិញនៅពេលដែលអ្នកយកព័តមានយើងបានសាកសួរពីពេលវេលាច្បាស់លាស់ នៃការរៀបអាពាហ៍ ពិពាហ៍ របស់នាងនៅឆ្នាំ២០២៤ នេះថាធ្វើឡើងនៅថ្ងៃនិងខែណាឲ្យប្រាកដនោះ។ប៉ុន្ដែនាងសន្យាថាបើមានពិធីនោះមែននឹងប្រាប់អ្នកកាសែតជាចំហ ពោលគឺមិនលាក់បាំងឡើយ។

ពេជ្រ សោភា និយាយក្នុងរលកសម្លេងស្រាលៗនិងលាយឡំទៅដោយសំណើចថា”បើខ្ញុំការឆ្នាំហ្នឹងមែន ខ្ញុំអត់លាក់អ្នកកាសែតទេ ។តែឆ្នាំ២០២៤ ហ្នឹងអ្វីដែលខ្ញុំត្រូវគិតមុនគេគឺការធ្វើបទចម្រៀងសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរដែលខិតចូលមកដល់នាពេលដ៍ខ្លីខាងមុខនេះ”។
នេះជាការផ្ដល់ចម្លើយបែបមិនច្បាស់លាស់ជាថ្មីម្ដងទៀតរបស់ពេជ្រ សោភា ទាក់ទងរឿងរៀបអាពាហ៍ ពិពាហ៍ ហេតុនេះហើយបានជាមានការលើកឡើងថាសោភា បើនៅតែមិនច្បាស់ឬអត់ហ៊ានកំណត់ថ្ងៃរៀបការបែបនេះជាលើកទី២ នោះសុវត្ថិភាពស្នេហារបស់នាងអាចនឹងប្រឈមមានភាពប្រែប្រួលគ្រប់ពេល ព្រោះកាលពីឆ្នាំ២០២៣ សោភា -សក្កដា ដែលព្រមព្រៀងគ្នាថាត្រូវដល់វេលាចូលរោងការដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាមថាពួកគេលែងល្ខោនសាងស្នេហា”ក្លែងក្លាយ “នោះនៅទីបំផុតចុងក្រោយអ្នកទាំងពីរបែជាប្រកាសលុបចោលយ៉ាងទាន់ហន់ទៅវិញ ។ឥឡូវទោះជាសង្កត់សួររឿងរៀបការថាអាចធ្វើនៅដើម ឬចុងឆ្នាំ២០២៤ នេះយ៉ាងណាក៍សោភា ផ្ដល់ចម្លើយមិនអាចយកជាផ្លូវការបានដដែល។

ពេជ្រ សោភា បន្ថែមថា”ឆ្នាំហ្នឹង ខ្ញុំមានការរវល់នៅឆាកតន្រ្ដី និងក្រុមហ៊ុនច្រើន ហើយសម្រាប់បទថ្មីចូលឆ្នាំខ្មែរ២០២៤ ខ្ញុំមាន៤បទ ដែលឥឡូវយើងកំពុងតែរៀបចំហើយ។ចំណែករឿងរៀបការ កុំភ័យបើការមែននឹងប្រាប់តាម ក្រោយ”។
ក្រៅពីអះអាងថារវល់រឿងធ្វើបទចម្រៀងសម្រាប់បុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះពេជ្រ សោភា ក៍បានឲ្យដឹងថាការធ្វើជាBAរបស់នាងនៅហាងគ្រឿងអលង្ការលោកស្រីទ្រី ដាណា នោះ នឹងផុតកុងត្រានៅឆ្នាំ២០២៤ នេះហើយនឹងមិនទាន់បានពិភាក្សារ ការងារថ្មីជាមួយគ្នាទេ ។

ឆ្លើយតបសំណួរថានៅពេលនេះរឿងការជ្រើសរើសប្រធានសិល្បករខ្មែរនៅអាណត្តិថ្មីកំពុងតែក្ដៅគគុក ហើយនៅថ្ងៃបោះឆ្នោតនាងនឹងទៅជ្រើសរើសប្រធានសិល្បករថ្មីដែរ ឬអត់នោះសោភា ថាទាក់ទងរឿងមួយនេះនាងអត់បានដឹងរឿងអ្វីទាំងអស់ ព្រោះជាប់មមាញឹកច្រើននៅហង្សមាស ។នាងថាអត់បានមើលហ្វេសបុកច្រើនទេ អីចឹងអត់ដឹងរឿង។សោភា បានសួរច្រាសមកអ្នកយកព័តមានយើងវិញថា”គេធ្វើអីគេ?” ។

គូររំកលឹកថាពេជ្រ សោភា បានឈរជើងនៅផលិតកម្មរស្មីហង្សមាសរយៈពេល១៩ឆ្នាំ(២០០៥-២០២៤ ) មកហើយដែលពេលនេះនាងត្រូវបានថៅកែរក្សារតំណែងជាគ្រូបង្វឹកThe Voice Cambodia នៅរដូវកាលទី៣ និងជាគណៈកម្មាការThe Beat Best រដូវកាលទី២ ផងដែរ ។ប៉ុន្ដែសោភា ដែលបែកពីដៃគូដ៍យល់ចិត្តគឺលោកឧកញ៉ាព្រាប សុវត្ថិ ជាង៣ឆ្នាំមកនេះនាងនៅតែមិនទាន់រកបានដៃគូពិសេសទេ បើទោះជាបានសាកល្បងចាប់ដៃជាមួយលោកStep ,ហ្សូណូ និងងាកទៅចាប់ដៃគូចាស់លោកឆន សុវណ្ណារាជ ក្ដី ។ តែអ្វីដែលគូរឲ្យកត់សម្គាល់សោភា ដែលមានអាយុ៤១ឆ្នាំ ទៅហើយនោះនាងនៅឈរជើងបានក្នុងទីផ្សារចម្រៀងក្នុងលំដាប់ជូរមុខនាពេលបច្ចុប្បន្ននៅឡើយ ដោយនៅរដូវក្ដៅនេះខែខ្លះ នាងបានចេញច្រៀងConcerts ធំៗដល់ទៅជាង១០កម្មវិធីផ្សេងគ្នាឯណ្ណោះ ដែលមានន័យថានៅខែប្រាំងសោភា រកលុយបានមិនក្រោម៣ម៉ឺនដុល្លារឡើយក្នុង១ខែៗ ។ប៉ុន្ដែសោភា នៅតែមិនចង់បិទបញ្ចប់រឿងគេថានាងជោគជ័យតែអាជីពចម្រៀង តែរឿងស្នេហាសូន្យនោះទេ ព្រោះពេលនេះបន្ដស្ទាក់ស្ទើចិត្តរឿងរៀបការ បើទោះជារូបនាងនិងលោកសក្កដា បានប្រកាសថាបានភ្ជាប់ពាក្យរួមគ្នាកាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ ក្ដី។

អ្នកជំនាញសិល្បៈលើកឡើងថាពេជ្រ សោភា អាចភ័យព្រួយខ្លាចបាត់បង់ទីផ្សារចម្រៀង ប្រសិនបើនាងហ៊ានការប្ដីជាចំហ ហេតុនេះហើយបានជាជ្រើសផ្លូវសាងស្នេហាដូចអ៊ឺរ៉ុបវិញម្ដង ខណៈដែលនៅឆ្នាំ២០១៥ នាងធ្លាប់ឆ្លងកាត់ជីវិតរៀបការម្ដងរួចទៅហើយ ហេតុនេះមង្គលការជាលើកទី២ មិនសំខាន់បំផុតសម្រាប់រូបនាងឡើយ ។ប៉ុន្ដែបើសោភា បន្ដខ្លាចរឿងរៀបការជាមួយលោកសក្កដា បែបនេះទៀតនោះស្នេហានាងកាន់តែប្រឈមហានិភ័យខ្ពស់៕

