ភ្នំពេញ៖តារាចម្រៀងលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានប្ដូរម៉ូដសក់ថ្មីនៅឆ្នាំ២០២៤ នោះគឺក្រញ៉ាញ់ ឬគេហៅថាសំបុកមាន់ ដែលការលេងខ្លួនដើម្បីឲ្យគេចាប់អារម្មណ៍នេះមិនត្រឹមតែនៅលើផ្នែកសក់នោះទេ ប៉ុន្ដែលោកថៃ ក៍បញ្ចេញគ្រឿងអលង្កា ទាំងឈុតៗពាក់ពេញខ្លួនដូចជាខ្សែក ,ខ្សែដៃ និងជញ្ជៀនស្ទើតែគ្រប់ម្រាមតែម្ដង។តែគេសង្កេតឃើញថាម៉ូដសក់របស់ប៊ុនថៃ នេះមិនសូវមានការពេញនិយមដូចលោកលេងម៉ូដសក់កាលពីឆ្នាំមុនៗនោះទេ ពោលគឺក្រោយតារាកូន៣លេងម៉ូដសក់មួយនេះគេកម្រឃើញមានតារា ឬFan ណាធ្វើតាមណាស់ ដែលមើលទៅពិតជាចម្លែកមែន ។
ទោះជាយ៉ាងណាអ្នកជំនាញសិល្បៈបានលើកឡើងថាសត្រូវដ៍ធំបំផុតរបស់តារាគឺការគ្មានអ្វីថ្មី លេងស្ទីលដដែលៗ នាំឲ្យអ្នកគាំទ្រធុញទ្រាន់ ឬលែងចាប់អារម្មណ៍ ហេតុនេះការលេងខ្លួនរបស់សិរីមន្ដ នាពេលនេះគឺជាភាពឆ្លាតវៃមួយដើម្បីប្រមូលការទាក់ទាញជាថ្មី ព្រោះក្រោយលោកថៃ ទទួលបានគោរម្យងារជាឧកញ៉ាជាង២ឆ្នាំមកនេះលោកថៃ ដែលស្ពឹកមុខព្រោះមានការរិះគន់ចំៗលើខ្លួនដោយសារតែចេញមុខការពារថៅកែស្ទួនៗ ដាច់ខាតត្រូវតែមានអ្វីថ្មីបំផុតទើបអូសទាញអ្នកគាំទ្រឲ្យក្រឡេកមកមើលខ្លួនវិញបាន។ប៉ុន្ដែបើការលេងម៉ូដសក់ហើយគ្មានអ្នកកាត់ម៉ូដនោះតាមមានន័យថាស្ទីលថ្មីរបស់អតីតតារាហង្សមាសរូបនេះមិនសូវធ្វើឲ្យFan ចាប់អារម្មណ៍ច្រើនទេ ។
គូររំលឹកថាខេមរៈ សិរីមន្ដ ធ្លាប់លេងម៉ូដសក់ចម្លែកពីគេដូចជាកាត់ជុំវិញក្បាលអស់នៅសល់តែផ្នែកខាងលើ និងពេលខ្លះទុកផ្នែកខាងក្រោយវែងដល់កជាដើមដែលម៉ូដនោះកាលលោកច្រៀងនៅសាន់ដេមានយុវវ័យច្រើនកាត់តាម ព្រមទាំងមានអ្នកខ្លះលេងម៉ូដសក់នោះហើយពាក់វែនតាខ្មៅធ្វើខ្លួនដូចសិរីមន្ដ ដើរផ្អើលពេញផ្សារទៀតផង។ប៉ុន្ដែឆ្នាំនេះសិរីមន្ដ មិនត្រឹមតែលេងម៉ូដសក់ក្រញ៉ាញ់នោះទេ តែលោកក៍តែងតែបង្អួតពីសាច់ដុំណែនរបស់ខ្លួនទៅនារីៗជាច្រើនផងដែរតាមរយៈការរាំដោះអាវ ហែកអាវ នៅលើឆាកតន្រ្ដី ដែលបញ្ជាក់ថារូបរាងតារាកូន៣នាពេលនេះផ្ទុយគ្នាស្រឡះ ដូចមេឃ និងដី បើប្រៀបធៀបលោកថៃ ចូលU2 ដំបូងនៅឆ្នាំ២០០៤ ព្រោះពេលនោះមើលទៅលោកស្គមឃើញតែស្បែកដណ្ដប់ឆ្អឹងហើយត្រូវតារាវ័យ៣៨ឆ្នាំរូបនេះធ្លាប់ប្រាប់ទៅFan ថាកាលនោះលោកស្គម ព្រោះគ្មានអាហារញាំ ។
សូមបញ្ជាក់ថាក្រៅពីខេមរៈ សិរីមន្ដ នៅឆ្នាំ២០២៤ នេះមានតារា២ដួងទៀតដែលលេងខ្លួនមិនចាញ់លោកឡើយនោះគឺតារាហង្សមាសលោកសុខ វិបុល ហៅStep និយមដោះអាវបង្ហាញសាច់ដុំ ទុកសក់វែងដូចស្រី និងលោកងួន ចាន់ដេវីត លេងខោអាវម៉ាក ប្រេន ប្រេន និងពេលខ្លះស្លៀកខោដូចជាសំពត់របស់ប្រពន្ធលោកទៅច្រៀងទៀតផង។ចំពោះលោកថៃ វិញតាំងពីចូលជ្រកនៅGalaxy ជាង១ឆ្នាំនេះលោកល្បីបាន២បទហើយនោះគឺបទ”រាំទយ “និងបទ”Call Me PaPa “ហើយថ្មីៗនេះលោកថៃ ថែមទាំងបានចាប់ដៃជាមួយតារារ៉េបរបស់ថៃ លោកB King និងMcca ច្រៀងសម្ដែងរួមគ្នាទៀតផង ។ប៉ុន្ដែការចាប់ដៃតារាថៃនេះមិនមែនជាលើកទី១នោះទេ ព្រោះកន្លងមកលោកថៃ ក៍ធ្លាប់ច្រៀងជាមួយលោកទិកហ្សីរ៉ូ ផងដែរ។
ទស្សនសិកជនរងចាំមើលថាម៉ូដសក់របស់ខេមរៈ សិរីមន្ដ នេះប្រើបានយូប៉ុណ្ណា ហើយមានអ្នកហ៊ានធ្វើតាមដែរ ឬអត់ ?ប្រសិនបើលោកថៃ នៅតែមានការលេងម៉ូដសក់ចម្លែកៗ បែបនេះទៀត នោះច្បាស់ជាតារាប្រុសរួមទ្រនុំដូចជាលោកព្រាប សុវត្ថិ ,ខេម និងខាន់ ជេមស៍ ជាដើម បើមិនប្រញ៉ាប់ប្ដូរម៉ូដសក់របស់ខ្លួនដែរទេ ច្បាស់ជាពិបាករត់តាមលោកថៃ ជាមិនខាន ព្រោះតំណែងតារាចម្រៀងឈានមុខនៅឆ្នាំ២០២៣ នៅGalaxy មិនទាន់ធានាសុវត្ថិភាព១០០% ថានៅតែជាលោកព្រាប សុវត្ថិ ទៀតឡើយ ដោយសារតែលោកថៃ ចេញមកម្ដងនេះកាន់តែកាចទាំងម៉ូដសក់ និងគ្រឿងអលង្កា ហើយពេលខ្លះហ៊ានថតសម្ដែងដោយបីកូនខ្លាមែនទែនទៀតផង ។យ៉ាងណាគេចាំមើលថាសកម្មភាពរបស់លោកថៃ នាពេលនេះអាចយកឈ្នះអ្នកដែលព្រមានធ្វើពហិការ លែងស្ដាប់បទចម្រៀងលោកក្រោយអតីតតារាU2 ,សាន់ដេ និងហង្សមាស រូបនេះចេញមុខការពារថៅកែ រហូតមានពេលខ្លះយំអាណិតថៅកែនោះបានដែរ ឬទេ ?