Monday, May 13, 2024
Homeសង្គម និងជីវិត ម៉ែរវល់ធ្វើម្ហូប កូនលេងអំពូលភ្លើង ឆ...ក់...ស្លា...ប់

 ម៉ែរវល់ធ្វើម្ហូប កូនលេងអំពូលភ្លើង ឆ…ក់…ស្លា…ប់

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ អាយុជិត ២ខួប ត្រូវម្តាយទុកឱ្យលេងនៅក្នុងផ្ទះតែម្នាក់ឯង ខណៈម្តាយរវល់ធ្វើម្ហួបនៅផ្ទះបាយ លុះក្រោយមកក្មេងស្រីតូច បានដើរទៅលេងនៅក្បែរជំនាងផ្ទះ រួចលូកដៃចាប់កាន់លេងអំពូលភ្លើងជំនាងផ្ទះ បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងផ្ទះ ស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល។

ក្មេងស្រីរងគ្រោះ មានឈ្មោះម៉ម ស្រីពេជ្រ អាយុ១ខួប៩ខែ ជាកូនទី២ ក្នុងចំណោមបងប្អូន២នាក់ មានឪពុកឈ្មោះម៉ម រស្មី អាយុ៥០ឆ្នាំ ជាមន្ត្រីរាជការ ម្តាយឈ្មោះថូ ឃន អាយុ៤០ឆ្នាំ និងមានលំនៅ ផ្ទះកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ គាត់នៅផ្ទះ តែ២នាក់កូនស្រីប៉ុណ្ណោះ ដោយប្តីគាត់បានចេញទៅធ្វើការងារបាត់ ចំណែកកូនច្បងម្នាក់ទៀត ចេញទៅរៀន។ លុះជិតដល់វេលាម៉ោងបាយថ្ងៃត្រង់ គាត់បានរៀបចំដាំស្ល នៅចង្ក្រានបាយ ហើយខណៈនោះភ្លេចខ្លួន មិនបានមើលមួយភ្លែត ស្រាប់តែឮកូនស្រីស្រែកយំខ្លាំងៗ។ ភ្លាមនោះគាត់ក៏ប្រញាប់រត់ទៅមើល ឃើញកូនស្រីកាន់អំ ពូលភ្លើងនោះ គាត់បានដឹងថាកូនស្រីត្រូវចរន្តអគ្គិសនីឆក់ ក៏ដកឌុយភ្លើងចេញភ្លាមៗដែរ។

ស្ត្រីជាម្តាយ បានបន្តថា កូនស្រីបានដួលដេកនៅក្បែរជំនាងផ្ទះ ហើយគាត់បានស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើល បន្ទាប់មកបាននាំយកកូនស្រីទៅរកគ្រូពេទ្យនៅក្នុងភូមិ ឱ្យជួយសង្គ្រោះដែរ ប៉ុន្តែពេលទៅដល់គ្រូ ពេទ្យបានប្រាប់ថា កូនស្រីគាត់បានស្លាប់បាត់ទៅហើយ ទើបគាត់នាំយកសពកូនស្រី វិលទៅផ្ទះវិញ រួចរាយ ការណ៍ជូននគរបាលប៉ុស្តិ៍កន្ទោក ខណ្ឌកំបូលឱ្យចុះទៅពិនិត្យតែម្តង។

ក្រោយទទួលបានដំណឹងខាងលើនេះភ្លាម នគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់កន្លែងកើតហេតុ រួចរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធនីភ្នំពេញ ឱ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយ សារចរន្តអគ្គិសនីឆក់ប្រាកដមែន ដោយជ័រគម្របបការពារគល់អំពូល បានរបូត ធ្វើឱ្យគល់អំពូលនៅទទេ លុះ ពេលក្មេងស្រីរងគ្រោះចាប់កាន់  ក៏ឆក់ស្លាប់តែម្តង។

សពក្មេងស្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES