Monday, May 13, 2024
Homeសង្គម និងជីវិតវត្ថុបុរាណ៣ ចៅអធិការវត្ត ប្រគល់ជូនសារមន្ទីរជាតិ

វត្ថុបុរាណ៣ ចៅអធិការវត្ត ប្រគល់ជូនសារមន្ទីរជាតិ

ខេត្តពោធិ៍សាត់ ៖ ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ខេត្តពោធិ៍សាត់ បានប្រគល់វត្ថុបុរាណ ចំនួន ៣ប្រភេទ ជូនសារមន្ទីរជាតិកម្ពុជា ដើម្បីរក្សាទុកជាប្រយោជន៍ជាតិ។

តាមប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរដែនដី បានអញ្ជើញទៅថ្វាយបង្គំព្រះតេជព្រះគុណ សាយ ជីវ័ន ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ដែលស្ថិតនៅក្នុងភូមិព្រះហស្ថក្បាល ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ក្នុងឱកាសនោះ ព្រះអង្គ បានបង្ហាញវត្ថុបុរាណចំនួន៣ រួមមាន ១-ក្រឡធំលាបស្រទាប់រលោងពណ៌ត្នោត ជាប្រភេទកម្រ ព្រោះក្រឡ នេះមានទំហំធំ និងមានរូបរាងល្អពេញលេញ ដែលមិនធ្លាប់ប្រទះឃើញនាពេលកន្លងមក។ តាមរយៈការវិភាគលើរូបរាង សាច់ដី ក្បាច់លម្អ និង ស្រទាប់រលោង។ ក្រុមការងារជំនាញបានសន្និដ្ឋានថា ក្រឡធំនេះ ផលិតឡើងនៅសម័យអង្គរ នារវាងសតវត្សទី១២-១៣ ដោយឡែកតួនាទី នៃការប្រើប្រាស់ក្រឡធំនេះ ក្រុមការងារកំពុងវិភាគបន្ថែម។ ២-ក្អមទឹកសម័យអង្គរ នារវាងសតវត្សទី៩-១០ ក្អមប្រភេទនេះ ជាប្រភេទភាជន៍រឹង គ្មានស្រទាប់រលោង ហើយច្រើនប្រទះឃើញនៅក្រុមឡបង្កោង និងតានី ក្នុងតំបន់អង្គរ។ ៣-ដាវត្រួតពលសម័យបារាំង នារវាងឆ្នាំ១៨៦៣-១៩៤០ បានប្រទះឃើញនៅក្នុងបរិវេណវត្ត កាលពី១០ឆ្នាំមុន។

ក្រោយពិនិត្យឃើញវត្ថុបុរាណទាំងបីខាងលើ លោកស្រីរដ្ឋមន្ត្រី បានទូលស្នើសុំវត្ថុបុរាណទាំងនោះ យកមករក្សាទុកនៅសារមន្ទីរជាតិ ដើម្បីអភិរក្ស ដាក់តាំងបង្ហាញ និងផ្សព្វផ្សាយជូនដល់សាធារណជនជាតិ និងអន្តរ ជាតិ ឈ្វេងយល់ពីភាពសម្បូរបែបនៃមរតកវប្បធម៌ខ្មែរ ដែលបន្សល់ទុក ក្រៅពីរូបចម្លាក់ និងប្រាង្គប្រាសាទ។ ម៉្យាងទៀត វត្ថុបុរាណទាំងនេះ ជាផ្នែកមួយនៃការបង្ហាញពីបរិបទនៃប្រវត្តិសាស្ត្រ និងការវិវត្តអារ្យធម៌ខ្មែរសម័យអង្គរ រហូតដល់សម័យអាណានិគមបារាំង។

ដោយការឈ្វេងយល់ពីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ ព្រះគ្រូចៅអធិការ បានយល់ព្រមប្រគល់វត្ថុបុរាណទាំងនោះតាមការស្នើសុំ។

លោកស្រីរដ្ឋមន្ត្រី ក៏បានថ្វាយនូវសេចក្តីអរព្រះគុណប្រគេនចំពោះព្រះគ្រូចៅអធិការ និងអាជ្ញាធរដែនដី ដែលយល់ព្រមប្រគល់វត្ថុបុរាណ មករក្សាទុកនៅសារមន្ទីរជាតិ។

បច្ចុប្បន្ន វត្ថុបុរាណទាំង៣មុខ ត្រូវបានយកមករក្សាទុកនៅក្នុងរោងជាងជួសជុល នៃសារមន្ទីរជាតិ រាជធានីភ្នំពេញ៕

RELATED ARTICLES