ភ្នំពេញ៖រយៈពេល១៨ឆ្នាំមកហើយដែលអ្នកនាងគឹម លក្ខិណា បានឃ្លាតឆ្ងាយពីអាជីពចម្រៀងទាំងស្រុងក្រោយនាងបានរៀបការស្វាមីអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកដែលមានជំនាញជាគ្រូពេទ្យម្នាក់។ប៉ុន្ដែនៅដើមឆ្នាំ២០២៤ នេះអ្នកនាងលក្ខិណា បានបង្ហាញសញ្ញានៅអាលោះអាល័យអាជីពចាស់តាមរយៈការបង្ហោះឡើងវិញនូវរូបភាពវីដេអូចម្រៀងជាច្រើនបទរបស់នាងនៅផលិតកម្មរស្មីហង្សមាសតាមបណ្ដាញTik Tok ដែលនាងធ្លាប់ច្រៀងដៃគូជាមួយលោកព្រាប សុវត្ថិ និងណុប បាយ៉ារិទ្ធ ជាដើម។Fan ដែលមិនដែលបានឃើញនាងច្រៀងជិត២០ឆ្នាំមកនេះនៅតែចង់ឃើញសកម្មភាពបច្ចុប្បន្ននៃជីវិតរស់នៅរបស់អ្នកនាងលក្ខិណា លើទឹកដីអាមេរិកដូចគ្នាទៅនិងតារាមួយចំនួនទៀតដែរ ។ប៉ុន្ដែទាំងនៅលើTik Tok និងហ្វេសបុកផេក អ្នកនាងលក្ខិណា មិនដែលបង្ហា ញរូបភាពថ្មីៗរបស់នាងឬរូបភាពជាមួយក្រុមគ្រួសារនាងឡើយ គឺមានតែរូបភាពចាស់កាលពីជិត២០ឆ្នាំមុនរបស់នាងប៉ុណ្ណោះពិសេសគឺរូបលើគម្របឌីសចម្រៀង។ប្រភពបានឲ្យដឹងថាអ្នកនាងលក្ខិណា មានកូន២នាក់ ហើយនាងខុសពីតារាផ្សេងៗទៀត ពោលគឺកម្រនឹងមកលេងនៅស្រុកកំណើតណាស់ ហើយបើមកក៍ស្ងាត់ៗបំផុតមិនចេញដើរជាចំហបញ្ចេញនៅលើបណ្ដាញសង្គមនោះទេ ជាក់ស្ដែងដូចកាលពីឆ្នាំ២០១៣ អីចឹងដែលតាមព័តមានថានាងបាននាំស្វាមីនិងកូនៗមកលេងស្រុក តែពេលនាងទៅដល់អាមេរិកវិញទើបអ្នកធ្លាប់រួមអាជីពជាមួយនាងបានដឹង។តែការបង្ហាញសញ្ញាអាលោះអាល័យអាជីពចាស់កាលពីជិត២ទសវត្សន៍មកនេះរបស់នាងបញ្ជាក់ថាអ្នកនាងលក្ខិណា អាចនឹងវិលមករកការច្រៀងសម្ដែងតាមវិទិការខ្លះនៅលើទឹកដីអាមេរិកឬយ៉ាងណានោះគេមិនទាន់អាចទាក់ទងសុំការបំភ្លឺពីនាងបានឡើយ ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅឪពុករបស់អ្នកនាងគឹម លក្ខិណា ដែលលោកកំពុងរស់នៅជិតផ្សារកណ្ដា ល ទីក្រុងភ្នំពេញ ប៉ុន្ដែលេខទាំង២ប្រព័ន្ធតេមិនចូលឡើយ ។ប្រភពបានឲ្យដឹងថាជិត២០ឆ្នាំលើទឹកដី អាមេរិកអ្នកនាងលក្ខិណ មិនដែលចេញច្រៀងសម្ដែងតាមរង្គសាល ឬកម្មវិធីដែលអ្នកសិល្បៈខ្មែរទៅច្រៀងនៅទីនោះដូចតារាផ្សេងៗទៀតទេ ពោលគឺដកខ្លួនចេញដាច់ស្រឡះពីអាជីពចាស់តែម្ដង។គេក៍នៅមិនទាន់ដឹងថាបញ្ហានេះដោយសារតែអ្នកនាងលក្ខិណា ត្រូវស្វាមីហាមផ្ដាច់ពីការច្រៀងសម្ដែង ឬមកពីរូបនាងជាអ្នកសម្រេចចិត្តដោយខ្លួនឯងនោះទេ ខណៈដែលអ្នកគាំទ្រសោកស្ដាយចំពោះទេពកោសល្យរបស់នាងនិងចង់ឲ្យអតីតតារាហង្សមាសរូបនេះនៅតែបន្ដអាជីពចាស់ដូចតារាផ្សេងៗទៀតដែលទៅរស់នៅបរទេសដែរ។
ក្រៅពីគឹម លក្ខិណា តារាដែលមានស្វាមីនៅអាមេរិកមានដូចជាអ្នកនាងវេត រតនា ,សារ៉ាយ សក្ខណា និងសូ សុភ័ក្រ ជាដើម ។សម្រាប់អ្នកនាងលក្ខិណា ក្រោយរៀបការប្ដីជាលោកដុកទ័រភ្លាមនាងត្រូវបានអ្នកខ្លះរិះគន់ថាយកស្វាមីដែលមានអាយុបងខ្លួនច្រើនឆ្នាំ ពេកទើបធ្វើឲ្យបណ្ដើរគ្នាទៅមិនសូវសាកសមគ្នា ។ប៉ុន្ដែអ្នកខ្លះទៀតបានសរសើរនូវភ័ព្វសំណាងរបស់នាងថាបានប្ដីជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ហើយរស់នៅយ៉ាងមានសុភមង្គល ។
គេកត់សម្គាល់ថាក្រោយអ្នកនាងគឹម លក្ខិណា ចាប់ផ្ដើមបង្ហោះបទចម្រៀងចាស់ៗ របស់នាងនៅលើTik Tok នោះក៍មានFan ចូលទៅខមិនចង់ឲ្យនាងច្រៀងគោកឲ្យពួកគេបានស្ដាប់ដើម្បីផ្ទៀងផ្ទាត់ថាតើសម្លេងរបស់នាងនាពេលបច្ចុប្បន្ននិងអតីតកាលដូចគ្នាដែរ ឬអត់ តែអ្នកនាងលក្ខិណា មិនទាន់បំពេញតាមបំណងអ្នកគាំទ្រឡើយ ។ដោយឡែកតារាពន្លកថ្មីៗនាពេលបច្ចុប្បន្នវិញ ក៍គេកម្រឃើញលើកយកបទចម្រៀងរបស់អ្នកនាងលក្ខិណា ទៅច្រៀងក្នុងកម្មវិធីប្រលងចម្រៀងក្នុងកម្មវិធីធំៗ ឬនៅតាមផាប់ រង្គសាលជាដើមដូចតារាផ្សេងៗទៀតណាស់ ដែលចំណុចនេះគេជឿរថាមកពីអ្នកនាងលក្ខិណា កប់ចោលបទចម្រៀងរបស់ខ្លួនជិត២ទសវត្សន៍ឆ្នាំមកនេះមិនបញ្ចេញនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ។តែពេលនេះនាងចាប់ផ្ដើមគាស់កកាយបទចាស់ៗរបស់ខ្លួនឡើងវិញបង្ហោះលើTik Tok បែបនេះ នាំឲ្យអ្នកខ្លះមិនធ្លាប់ស្គាល់បទទាំងនោះថាម្ចាស់ដើមជាសម្លេងនាងងាកទៅចាប់អារម្មណ៍និងចង់ដឹងពីបច្ចុប្បន្នភាពរបស់នាងនៅលើទឹកដីអាមេរិកច្រើនជាងមុន ៕