Monday, May 13, 2024
Homeសង្គម និងជីវិតកូនកើតមិនគ្រប់ខែ មានបញ្ហាផ្លូវដង្ហើម ពេទ្យគន្ធបុប្ជាសង្គ្រោះជីវិត ម៉ែយំអរគុណ

កូនកើតមិនគ្រប់ខែ មានបញ្ហាផ្លូវដង្ហើម ពេទ្យគន្ធបុប្ជាសង្គ្រោះជីវិត ម៉ែយំអរគុណ

ខេត្តសៀមរាប ៖ ស្ត្រីជាម្តាយមួយរូប បានផ្ញើសារទាំស្រក់ទឹកភ្នែក ក្តីរំភើប និងថ្លែងអំណរគុណដល់ក្រុមគ្រូ ពេទ្យនៃមន្ទីរពេទ្យជយវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងអស់ជាច្រើនថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតកូនប្រុសគាត់ ដែលស្ទើរតែបាត់បង់ជីវិតទៅហើយនោះ។

ស្ត្រីជាម្តាយរបស់កុមារ បានសរសេររៀបរាប់ថា “កូនតូចអេដេន (Eden) បានកើតមិនគ្រប់ខែនៅអាយុ ៣២ សប្តាហ៍ ក្នុងទម្ងន់ត្រឹមតែ ២,៣គីឡូក្រាមប៉ុណ្ណោះ។ ខ្ញុំកើតនៅមន្ទីរពេទ្យឯកជនមួយ ដោយធ្វើការវះកាត់សម្រា លបន្ទាន់។ កូនខ្ញុំ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជយវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដោយសារអាការពិបាកដកដង្ហើម និងហត់។ ពួកយើងជ្រើសរើសមន្ទីរពេទ្យគន្ធបុប្ផា ព្រោះមានទីតាំងនៅជិត ហើយប្តីខ្ញុំក៏ធ្លាប់ទទួលបានការព្យា បាលនៅទីនោះ កាលគាត់នៅក្មេងដែរ គឺប្រហែល២៨ឆ្នាំមុន ហើយប្តីខ្ញុំបានទទួលបទពិសោធន៍នៃការមើលថែទាំល្អ របស់មន្ទីរពេទ្យគន្ធបុប្ផា ហើយមានទំនុកចិត្តនៅទីនោះ។ អេដេន នៅជាមួយជីដូន ពីរបីថ្ងៃដំបូងនៃជីវិតរបស់គាត់ រហូតដល់ខ្ញុំអាចក្រោកឈរ ហើយដើរបានហើយទៅលេងគាត់ ដែលជាកន្លែងដែលខ្ញុំបានជួបគាត់ ហើយបានឃើញគាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានដាក់នៅក្រោមម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយកម្រិតអុកស៊ីសែនរបស់គាត់ ដោយសារតែសួតនិងបំពង់ខ្យល់របស់គាត់ មិនទាន់លូតលាស់ពេញលេញ…”។

ស្ត្រីជាម្តាយ បានបន្តថា “ពេលខ្ញុំមកដល់ ខ្ញុំបានជួបគ្រូពេទ្យដែលអង្គុយនៅមុខខ្ញុំ ហើយពន្យល់លម្អិតអំពីស្ថានភាព និងកម្រិតធ្ងន់ធ្ងររបស់អេដេន។ បន្ទាប់ពីខ្ញុំនៅជាមួយគាត់ពីរបីថ្ងៃ អុកស៊ីសែនរបស់គាត់បានធ្លាក់ចុះ ហើយគ្រូពេទ្យបានពន្យល់ខ្ញុំថា ស្ថានភាពរបស់គាត់កាន់តែដុនដាបទៅៗ ហើយក្រុមគ្រូពេទ្យនឹងត្រូវធ្វើការស៊កទុយោចូលបំពង់ខ្យល់ភ្លាមៗ ហើយនោះគឺជាថ្ងៃដែលខ្ញុំពិតជាមានអារម្មណ៍អស់សង្ឃឹមខ្លាំងបំផុត។ ប៉ុន្តែមិនថាអស់សង្ឃឹម និងខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតទាំងអស់មិនដែលបោះបង់ក្តីសង្ឃឹមទេ ជាពិសេស លោកវេជ្ជបណ្ឌិតឯកទេស សរ ប៊ុនថុន ហើយថែមទាំងប្រាប់ខ្ញុំថា ក្តីសង្ឃឹមនឹងមិនរលត់ទេ សូម្បីតែខ្ញុំសួរគាត់ថា តើខ្ញុំដល់ពេលត្រូវរៀបចំពិធីបុណ្យសពឱ្យកូនខ្ញុំហើយឬនៅ? គិលានុបដ្ឋាយិកា បានចាប់ផ្តើមបំបៅទឹកដោះគោ ២មិល្លីលីត្រដំបូង ឱ្យគាត់ ជាការចាប់ផ្តើមនៃការសាកល្បង និងបន្តបំបៅបរិមាណទឹកដោះគោដែលត្រឹមត្រូវជាបន្ត។ បន្ទាប់ពីដំណើរការប្រើម៉ាស៊ីនសប់បញ្ចូលខ្យល់ និងអុកស៊ីសែនចេញចូល ប្រហែល ១៦ថ្ងៃ និងការព្យាយាមដោះចេញជាច្រើនដង នៅទីបំផុតគាត់ទទួលបានជោគជ័យ ហើយត្រូវបានគេយកមកដាក់នៅលើម៉ាស៊ីនជំនួយដង្ហើម CPAP ម្តងដែលជាកន្លែងដែលគាត់ស្នាក់នៅគេងពេទ្យ ពីរបីសប្តាហ៍ទៀត រហូតដល់ពេលដែលខ្ញុំត្រូវបានផ្តល់សិទ្ធិក្នុងការថែទាំកូនតាមរបៀបកង់ហ្គូរូ (kangaroo mother care) ជាមួយបុរសតូចរបស់ខ្ញុំ។ គិលានុបដ្ឋាយិកា បានណែនាំខ្ញុំ អំពីរបៀបបីគាត់ របៀបសម្រាក និងរបៀបថែទាំគាត់ ពេលគាត់នៅជាមួយខ្ញុំ…”។

ស្ត្រីជាម្តាយ បានបន្តទៀតថា “អេដេន ថតកាំរស្មីអ៊ិច ជាច្រើនដង ជួនរៀងរាល់២ថ្ងៃម្តង ហើយជួនកាលរាល់ថ្ងៃ ដើម្បីមើលពីមូលហេតុដែលគាត់ប្រសើរឡើង ឬធ្លាក់ចុះ។ ការធ្វើតេស្តឈាម ក៏ត្រូវបានគេធ្វើជាញឹកញាប់ ហើ យសូម្បីតែនៅពេលដែលគ្រូពេទ្យរកឃើញថា គ្រាប់ឈាម និងជាតិដែករបស់គាត់ មានកម្រិតទាប ពេលដែលគាត់មានជាតិប្រូតេអ៊ីនទាប (hypoproteinemia) ក៏ដោយ ពួកគេមិនដែលស្ទាក់ស្ទើរក្នុងការបញ្ចូលឈាម និងការបញ្ចូលប្លាស្មា ដោយមិនគិតថ្លៃនោះទេ។ គិលានុបដ្ឋាយិកា បានស្រលាញ់និងមើលថែទាំអេដេន គ្រប់ពេល ទាំងថ្ងៃទាំងយប់ ហើយរត់ទៅជួយសង្គ្រោះ រាល់ពេលដែលគាត់ប្រែជាស្វាយ ស្លេកស្លាំង ហើយត្រូវការបឺត ស្លេ ស្មចេញពីច្រមុះនិងមាត់របស់គាត់។ គិលានុបដ្ឋាយិកា បានធ្វើការវិលជុំ និងបឺតស្លេស្ម រៀងរាល់ ៣ម៉ោងម្តង ហើយផ្លាស់ប្តូរទីតាំង និងការដេករបស់ទារក ឱ្យសមស្របបំផុតនឹងស្ថានភាព និងការដកដង្ហើមរបស់ពួកគេ ព្រមទាំងពិនិត្យមើលសីតុណ្ហភាពរបស់ទារកគ្រប់រូប ជាញឹកញាប់ ដើម្បីប្រាកដថា ពួកគេមានសុខភាពល្អ។ បន្ទាប់ពីការប្រើម៉ាស៊ីនសប់បញ្ចូលខ្យល់ ការប្រើម៉ាស៊ីនជំនួយដកដង្ហើម CPAP និងការបញ្ចូលឈាម ប្លាស្មា ដែលអាចសង្គ្រោះជំងឺធ្ងន់ធ្ងររបស់កូនខ្ញុំ ដូចជាជំងឺធ្លាយស្រោមសួត pneumothorax ជំងឺរលាកសួត ជំងឺខាន់លឿង ការបង្ករោគក្នុងឈាម sepsis ភាពស្លេកស្លាំង និងបញ្ហាជាច្រើនទៀត យើងត្រូវបានគេជូនដំណឹងថា គាត់មានសុខភាពល្អគ្រប់គ្រាន់ ដើម្បីទៅផ្ទះហើយ។ នោះគឺជា ដំណឹងល្អបំផុតដែលយើងចង់ឮជាយូរមកហើយ»។

ស្ត្រីជាម្តាយខាងលើ បានបន្ថែមថា “ពេលយើងដើរចេញពីមន្ទីរពេទ្យ ដោយមានគិលានុបដ្ឋាយិកាអមដំណើរយើងដល់ខ្លោងទ្វារ ខ្ញុំស្រក់ទឹកភ្នែក ហើយខ្ញុំដឹងតាំងពីថ្ងៃនោះមកថា កូនស្រីរបស់ខ្ញុំ មានប្អូនប្រុស ប្តីខ្ញុំមានកូនប្រុសម្នាក់ ហើយខ្ញុំកំពុងបីទារកដែលមានសុខភាពល្អនៅក្នុងដៃរបស់ខ្ញុំ ទៅផ្ទះ ដោយសារការខិតខំប្រឹងប្រែងព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា។ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត បានធ្វើការដោយមិនខ្លាចនឿយហត់ ហើ យអង្គុយជាមួយខ្ញុំ ដើម្បីពន្យល់យ៉ាងលម្អិត ហើយបានឆ្លើយរាល់សំណួរដែលខ្ញុំមាន អំពីកូនប្រុសរបស់ខ្ញុំ និងជំងឺរបស់កូនប្រុសខ្ញុំ។ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត បានង្រៀនខ្ញុំឱ្យចេះបំបៅកូនរបស់ខ្ញុំ ជាលើកដំបូង ទាំងដែលខ្ញុំមិនចេះអ្វីសោះ ហើយនៅញ័រដៃនៅឡើយ។ ពាក្យពេចន៍របស់ខ្ញុំ មិនអាចនឹងគ្រប់គ្រាន់សម្រាប់ថ្លែងអំណរគុណដែលខ្ញុំមាន ចំពោះគ្រូពេទ្យ និងគិលានុបដ្ឋាយិកាទាំងអស់ នៅមន្ទីរពេទ្យគន្ធបុប្ផា បានឡើយ សម្រាប់ពួកគាត់ដែលបានជួយថែរក្សាកូនរបស់ខ្ញុំ និងបានផ្តល់ឱ្យគ្រួសាររបស់ខ្ញុំនូវកូនប្រុស ក្មួយប្រុស បងប្រុស ចៅប្រុស និងចៅទួត ព្រមទាំងមានសុខភាពល្អ ដែលពេលនេះគាត់មានទម្ងន់ 7kg អាយុ៥ខែ។ ពីក្រអៅបេះដូងរបស់យើង សូមអរគុណដល់មន្ទីរពេទ្យគន្ធបុប្ផា…”៕

RELATED ARTICLES