Sunday, May 12, 2024
Homeសង្គម និងជីវិត អត់ផឹកផង ផ្លុំឃើញស្រវឹង ប៉ូលិសផាក៤០ម៉ឺន អុជធូបស្បថ

 អត់ផឹកផង ផ្លុំឃើញស្រវឹង ប៉ូលិសផាក៤០ម៉ឺន អុជធូបស្បថ

ភ្នំពេញ ៖ បុរសម្នាក់ បានកើតទុកមិនសុខចិត្ត ដោយអះអាងថា ខ្លួនមិនបានទទួលទានគ្រឿងស្រវឹងសោះ ស្រាប់តែធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ច នៅក្នុងខណ្ឌព្រែកព្នៅ បែរជាមន្ត្រីជំនាញចរាចរណ៍ ហៅឱ្យធ្វើតេស្តចេញលទ្ធផល មានជាតិអាល់កុល 0.33mg/L និងបានផាកពិន័យប្រាក់ ៤០ម៉ឺនរៀល ជាហេតុធ្វើឱ្យបុរសខាងលើ សម្តែងនូវការហួសចិត្ត រហូតអុជធូបស្បថ និងទទូចសុំរកយុត្តិធម៌។

ជុំវិញការកើតទុក្ខមិនសុខចិត្តរបស់បុរសរូបនេះ នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបុរសម្នាក់ កើតទុក្ខមិន សុខចិត្តថា ខ្លួនមិនបានផឹកគ្រឿងស្រវឹង បែរជាមន្ត្រីជំនាញចរាចរណ៍ ធ្វើតេស្តឃើញលទ្ធផលជាតិស្រវឹង 0.33mg/L ផាកពិន័យប្រាក់៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ និងថែមទាំងចោទប្រកាន់មន្ត្រីជំនាញអនុវត្តច្បាប់ បានកែច្នៃម៉ាស៊ីនតេស្តជាតិស្រវឹង ដើម្បីផាកពិន័យ យកប្រាក់។

បន្ទាប់ពីឃើញមានការចុះផ្សាយព័ត៌មានបែបនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ ស្នងការរង ទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើស្រាវជ្រាវលើករណីនេះជាបន្ទាន់។

រហូតមកដល់រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចបានកោះហៅអ្នកបើករថយន្តម៉ាក Lexus RX-330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-9617 ឈ្មោះខេង សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ ចូលមកសាកសួរនៅកន្លែងធ្វើការរបស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ។

នៅពេលនោះ សមត្ថកិច្ច បានពន្យល់ពីការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹង ដោយម៉ាស៊ីននោះផលិតនៅ ក្នុងប្រទេសអូស្ត្រាលី ត្រូវបានដាក់ឱ្យប្រើប្រាស់តាមផ្លូវច្បាប់ និងមានការត្រួតពិនិត្យបច្ចេកទេសស្តង់ដារត្រឹមត្រូវដោយ ទទួលស្គាល់តាមរបៀបរបបស្តង់ដារប្រតិបត្តិ (standard operation procedure) ហៅកាត់ (SOP) ដោយមន្ត្រីអ្នកអនុវត្តច្បាប់នៅគោលដៅ មិនអាចកែច្នៃម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងនេះបានឡើយ។ ម៉ាស៊ីននេះ ត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ ទូទាំងប្រទេស សម្រាប់ធ្វើតេស្តជាតិស្រវឹង ហើយជាទូទៅម៉ាស៊ីននេះ បើធ្វើតេស្តឃើញលទ្ធផលជាតិស្រវឹង គឺឃើញហើយ បើគ្មានជាតិស្រវឹង គឺគ្មាន។ មិនតែប៉ុណ្ណោះ បណ្តាប្រទេសមួយចំនួននៅលើពិភពលោក ក៏គេប្រើប្រាស់ម៉ាស៊ីននេះផងដែរ។ អ្វីដែលជាការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅរយៈពេលជាង១ខែមកនេះ ដែលសមត្ថកិច្ចចុះអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង គឺមិនមានបាតុភាពតវ៉ារបស់ប្រជាពលរដ្ឋ អ្នកធ្វើតេស្តរកឃើញជាតិស្រវឹង ទៅលើការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងនេះទេ។

ប៉ុន្តែក្នុងករណីដែលឈ្មោះខេង សុជាតិ អ្នកបើករថយន្ត Lexus RX-330 កើតទុក្ខមិនសុខចិត្តលើការអុវត្តច្បាប់ចំពោះខ្លួន សូមធ្វើការប្តឹងរកយុត្តិធម៌ មកប្រធានអង្គភាព ឬទៅតុលាការ ពីព្រោះសមត្ថកិច្ចអនុវត្តទៅតាមជំ នាញលទ្ធផលម៉ាស៊ីនធ្វើតេស្តស្តង់ដារ ហើយរកឃើញជាតិស្រវឹង 0.33mg/L ដែលត្រូវផាកពិន័យ ៤០ម៉ឺនរៀល តាមច្បាប់ និងក៏បានណែនាំមិនត្រូវសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ចោទប្រកាន់គ្មានមូលដ្ឋាន បង្កប៉ះពាល់កិត្តិយសអង្គភាព និងមន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់ និងថែមទាំងធ្វើឱ្យបាត់បង់ជំនឿរបស់ប្រជាពលរដ្ឋ មកលើ សមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចអនុវត្តច្បាប់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែង ក្នុងរយៈពេល ១ខែ ក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹងនៅពេលយប់ គឺសង្កេតឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅគោលដៅខាងមុខផ្សារព្រែកព្នៅ សមត្ថកិច្ចពិនិត្យយានយន្តសរុប ៦៦គ្រឿង (រថយន្តចំនួន៤៥គ្រឿង ម៉ូតូចំនួន២១គ្រឿង) ក្នុងចំណោមយានយន្តទាំងនេះ សមត្ថកិច្ចពិនិត្យធ្វើតេស្តចំពោះអ្នកបើកបរយានយន្ត គឺមានអ្នកបើកក្រោមឥទ្ធិពលជាតិស្រវឹង សរុប៦គ្រឿងប៉ុណ្ណោះ (រថយន្ត ចំនួន១គ្រឿង ម៉ូតូ ចំនួន៥គ្រឿង)៕

RELATED ARTICLES