Wednesday, March 19, 2025
Homeព័ត៌មានជាតិស្ត្រីចំណាស់​ផឹក​ប៉ះស្រាកាច ទាញដុំឈើ​គប់ក្បាល​គូទំនាស់​សន្លប់

ស្ត្រីចំណាស់​ផឹក​ប៉ះស្រាកាច ទាញដុំឈើ​គប់ក្បាល​គូទំនាស់​សន្លប់

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីវ័យចំណាស់២នាក់ បានទិញស្រាមកអង្គុយផឹកជុំគ្នា លុះផឹក ប៉ះស្រាកាច ក្រោយពេលស្រវឹងធ្លាក់ភ្នែក ក៏ ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តីតឹងសរសៃក ដាក់គ្នា រហូតដល់ភាគីម្ខាងទប់កំហឹងមិនបាន ក៏ទាញដុំ​ឈើ​គប់ប្រហារទៅលើគូទំនាស់ ដែល កំពុងអង្គុយផឹករួមវង់ បណ្តាលឱ្យបែកក្បាល ហូរឈាមស្រោចខ្លួនសន្លប់ស្តូកស្តឹង។

ករណីស្ត្រីចំណាស់ផឹកស្រាស្រវឹងផ្ទុះជម្លោះ រហូតកើតហិង្សានេះ បានកើតឡើង កាលពី វេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី​០២ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្រោយផ្សារសំរោង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង។

ស្ត្រីរងគ្រោះ និងស្ត្រីបង្កហេតុ មិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា សុទ្ធ តែមានវ័យចំណាស់ដូចគ្នា និងជាមនុស្សមាន សតិ មិនប្រក្រតីចូលចិត្តផឹកស្រាដូចគ្នា ព្រម ទាំងស្នាក់នៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ ជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ និងស្ត្រីបង្កហេតុដែលជាមិត្តភក្តិនឹងគ្នាបានទិញ ស្រាមកអង្គុយផឹកជុំគ្នា។ លុះទំនងជាផឹកប៉ះ ស្រាកាច ទើបក្រោយពីផឹកស្រវឹងធ្លាក់ភ្នែក រៀងៗខ្លួន អ្នក​ទាំង២ស្រាប់តែនិយាយគ្នាគង ពាក្យសម្តីគ្នា រហូតកើតមានទំនាស់យ៉ាងក្តៅ គគុក រហូតដល់ស្ត្រីបង្កទប់កំហឹងមិនបាន ក៏ស្ទុះ ទៅទាញដុំឈើគប់សំដៅស្ត្រីរងគ្រោះ បណ្តាល ឱ្យចំក្បាល បែកក្បាលហូរឈាមស្រោចខ្លួន រួចក៏សន្លប់បាត់ស្មារតីតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ ចំណែកស្ត្រីដៃដល់ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់សំរោង។

គួរបញ្ជាក់ថា រវាងជនរងគ្រោះ និងជនបង្កហេតុសុទ្ធសឹងជាមនុស្សមានសតិមិនប្រក្រតី ដូចគ្នា ហេតុនេះគេនៅមិនទាន់ដឹងថា តើសមត្ថកិច្ចនឹងមានចំណាត់ការបែបណានៅឡើយ៕ ឡុង

RELATED ARTICLES