Wednesday, January 22, 2025
Homeព័ត៌មានជាតិរ៉ុង ឈុន បង់ប្រាក់ពិន័យ ២លាន ក្រោយតុលាការព្រមានចាប់ឃុំខ្លួន

រ៉ុង ឈុន បង់ប្រាក់ពិន័យ ២លាន ក្រោយតុលាការព្រមានចាប់ឃុំខ្លួន

ភ្នំពេញ ៖ លោករ៉ុង ឈុន អតីតអនុប្រធានគណបក្សភ្លើងទៀន សព្វថ្ងៃជាទីប្រឹក្សាគណបក្សកម្លាំងជាតិ បានចូលខ្លួនទៅបង់ប្រាក់ពិន័យ ២លានរៀល នៅសាលាដំបូង រួចរាល់ហើយ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីតុលាការព្រមានចាប់ឃុំខ្លួន បើមិនបង់ប្រាក់ពិន័យនៅក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីឆ្នាំ២០២០ បានទាន់ពេលវេលាកំណត់ ។ បា្រក់ពិន័យ ២លានរៀល ដែលលោករ៉ុង ឈុន បានយកទៅបង់ជូនតុលាការនេះ គឺបានមកពីការរៃអង្គាសរបស់គណបក្សកម្លាំងជាតិ ដើម្បីជួយសម្រាលបន្ទុកលោករ៉ុង ឈុន ដែលលោកមានការខ្វះខាត និងបញ្ចៀសការចាប់ខ្លួន។

លោករ៉ុង ឈុន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ លោកមិនខ្លាចការចាប់ខ្លួនទេ ប៉ុន្តែអ្វីដែលលោកបង់ប្រាក់ពីរលានរៀល ឲ្យតុលាការ គ្រាន់តែចង់ធ្វើតាមច្បាប់ ។ ម្យ៉ាងទៀត លុយពីរលានរៀលនេះ សម្រាប់អ្នកមាន មិនច្រើនទេ តែសម្រាប់លោកពិតជាច្រើន និងស្ទើរគ្មានឱកាសរកបានបង់ទាន់ពេល ឲ្យតុលាការ បើសិនជាគ្មានការជួយវិភាគទានពីសប្បុរសជន និងសមាជិក សមាជិកាគណបក្សកម្លាំងជាតិ ។

លោករ៉ុង ឈុន បានមានប្រសាសន៍ថា “ខ្ញុំបានទៅបង់ជូនសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ ។ ដូច្នេះអ្វីដែលខ្ញុំបានប្រកាសព័ត៌មាន ពីម្សិលមិញ ហើយគណបក្ស បានប្រកាសព័ត៌មានពីម្សិលមិញហ្នឹងថា ទៅបង់ប្រាក់ពិន័យជូនសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃហ្នឹង (០១ មីនា) បានរួចរាល់ហើយ ។ ការបង់នេះ ជាប្រាក់វិភាគរបស់បងប្អូនជនរួមជាតិ ដែលចូលរួមបង់ជូនមកខ្ញុំ គឺគាត់បង់បន្តិចម្នាក់អ៊ីចឹងទៅ យើងបានគ្រប់ចំនួន យកទៅបង់ជូនតុលាការ ហើយយើងដឹងហើយថា ឃើញថាតុលាការ ចេញលិខិតជូនដំណឹងថ្ងៃ១៩ ខ្ញុំទទួលបានថ្ងៃ២៨ (កុម្ភៈ) ម៉ោង៤កន្លះ ហើយនៅក្នុងលិខិតហ្នឹង បង្គាប់ថា ធ្វើម៉េចឲ្យបង់មុនថ្ងៃ៤ (មីនា) ។ អ៊ីចឹងយើងអត់មានពេល យើងឃើញការដាក់បន្ទុកវាធ្ងន់ធ្ងរសម្រាប់ខ្ញុំ ដោយសារមិនមានប្រាក់ចំណូលអ្វីទេ ។ លុយ ២លាន ចំពោះអ្នកមានលុយ វាមិនមានបញ្ហាទេ ប៉ុន្តែចំពោះអ្នកដូចខ្ញុំ វាមានចំណោទបញ្ហាដែរ ហើយយើងឃើញថា វាបែបហ្នឹងជាបន្ទុកធ្ងន់ធ្ងរដែរ មិនទុកពេលវេលាឲ្យបានច្រើន អាហ្នឹងងាយស្រួលជឿបុលគេយ៉ាងណាយ៉ាងណី យើងរកវិធីសព្វបែបយ៉ាង ដើម្បីដោះស្រាយ ។ ហើយអ្វីដែលយើងធ្វើកិច្ចការងារសង្គម រាប់សិបឆ្នាំ ហើយយើងទទួលរងនូវអំពើអយុត្តិធម៌ ត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគារ ២ឆ្នាំ អនុវត្តទោស ១៥ខែ ១១ថ្ងៃ ហើយជាប់ប្រាក់ពិន័យបន្ថែមទៀត បើតុលាការអនុវត្តតាមវិជ្ជាជីវៈ តាមយុត្តិធម៌ យើងគិតថា វាមិនមានអ្វីកើតឡើងចំពោះខ្ញុំទេ ហើយការពិត អ្នកដែលធ្វើកិច្ចការងារសង្គម ត្រូវតែទទួលបានការសាទរ ការលើកទឹកចិត្តពីថ្នាក់ដឹកនាំរដ្ឋ ប៉ុន្តែជារឿយៗ អ្នកដែលធ្វើកិច្ចការងារសង្គម តែងតែប្រឈមជាប់គុក ត្រូវគេចាប់ខ្លួន ធ្វើទុកបុកម្នេញជាហូរហែ ។ តាមការពិតទៅ ខ្ញុំមិនទៅខ្លាចការជាប់ឃុំ ការអីទេ វារស់នៅក្នុងសង្គម ព្រោះយើងដឹងខ្លួនយើងច្បាស់ហើយ យើងមានកំហុស មិនមានកំហុស ការប្រព្រឹត្តិ ហើយខ្ញុំធ្វើអ្វីដែលត្រឹមត្រូវ គ្រាន់តែថា បើច្បាប់តម្រូវបង្គាប់ឲ្យអ៊ឺចឹងហើយ ទោះបីពេញចិត្ត មិនពេញចិត្ត អាហ្នឹងយើងត្រូវតែបង់» ។

លោករ៉ុង ឈុន បានមានប្រសាសន៍បន្តថា “ចំពោះសំណួរថា ក្រោយបង់ប្រាក់ពិន័យ ២លានរៀលហើយ ខ្ញុំលែងទទួលរងសម្ពាធពីតុលាការទៀត ឬយ៉ាងណានោះ? ខ្ញុំមិនសន្និដ្ឋានថា បែបម៉េចដែរ បើដូចរាល់ថ្ងៃនេះ ខ្ញុំក៏មិនទាន់ផុតពីបម្រាម ។ អ៊ីចឹងខ្ញុំមិនធ្វើការវាយតម្លៃបែបម៉េចទេ គ្រាន់តែថា អ្វីៗដែលយើងធ្វើ យើងចង់ចូលរួមជួយស្រុកទេសយើងឲ្យបានល្អ ឲ្យមាននីតិរដ្ឋពិតប្រាកដ គោរពសិទ្ធិមនុស្ស មានសេរីភាព ពលរដ្ឋមានសេរីភាព ពលរដ្ឋមានជីវភាពរុងរឿង មានប្រជាធិបតេយ្យដូចស្រុកគេ មានការងារធ្វើ ប្រាក់ខែខ្ពស់ អាហ្នឹងដែលជាគោលបំណង សេចក្ដីប្រាថ្នារបស់ខ្ញុំកន្លងមក ប៉ុន្តែឥឡូវនេះ ខ្ញុំប្រឡូកនៅក្នុងជីវភាពនយោបាយ ។ ប្រឡូកក្នុងជីវភាពនយោបាយ ក៏គ្មានអ្វីដែលខុសដែរ គ្រាន់តែចង់ធ្វើការប្រកួតប្រជែងជាមួយអ្នកនយោបាយគ្រប់និន្នាការនយោបាយ ដោយសេរី ត្រឹមត្រូវ អត់មានល្បិចកលអីទេ យើងត្រូវតែប្រកួតស្មោះត្រង់នឹងគ្នា អ្នកចាញ់ៗដោយអស់ចិត្ត អ្នកឈ្នះៗដោយកិត្តិយស ។ បើសិនជាយើងមិនមានភាពស្មោះត្រង់ ហើយគ្រាន់តែប្រជែងទៅ គ្រាន់តែបានឈ្នះ តែមិនមានការស្វាគមន៍ពីមតិជាតិ អន្តរជាតិ អាហ្នឹងក៏មិនសូវមានន័យដែរ ។ ដូច្នេះមានតែផ្លូវប្រកាន់ជំហរស្មោះត្រង់នឹងគ្នា ប្រកួតប្រជែងបោះឆ្នោត ។ គ្មានអ្វីដែលល្អជាងការបោះឆ្នោតហ្នឹងទេ ហើយឲ្យមានភាពស្មោះត្រង់នឹងគ្នាទៅ រវាងគណបក្សនីមួយៗហ្នឹង អ្នកនយោបាយគ្រប់និន្នាការនយោបាយហ្នឹង ស្មោះត្រង់ ប្រកួតប្រជែងទៅ ហើយ គ.ជ.ប ហ្នឹងរៀបចំឲ្យបានល្អប្រសើរទៅ ។ នៅពេលហ្នឹងហើយ អ្នកដែលទទួលបានផល គឺប្រជាពលរដ្ឋខ្មែរ ហើយគេនឹងសប្បាយចិត្តមកទេសចរណ៍ មកវិនិយោគអ៊ីចឹងទៅ គឺប្រជាពលរដ្ឋមានការងារធ្វើ មានអីសព្វបែបយ៉ាង“ ។ 

គួរកត់សម្គាល់ដែរថា មុនពេលលោករ៉ុង ឈុន បង់ប្រាក់ពិន័យ ២លានរៀល ជូនតុលាការដំបូងភ្នំពេញ លោកសម រង្ស៊ី បានបង្ហោះរូបភាពកាន់ដៃជ្រោងឡើងលើជាមួយលោករ៉ុង ឈុន អតីតអនុប្រធានគណបក្សភ្លើងទៀន នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយភ្ជាប់សំណេរថា “សូមបងប្អូនជនរួមជាតិ ទុកចិត្ត រ៉ុង ឈុន ដូចទុកចិត្ត សម រង្ស៊ី អ៊ីចឹងដែរ។ រ៉ុង ឈុន ជាអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យពិតប្រាកដ ជាមនុស្សស្មោះត្រង់ ដែលមិនលក់ឧត្តមគតិ ឲ្យនរណាឡើយ ។  អ៊ីចឹងហើយ បានជាមនុស្សអាក្រក់ តាមរករឿងគាត់ និងធ្វើបាបគាត់ ឥតឈប់ឈរ“ ។

ក្រោយលោកសម រង្ស៊ី បង្ហោះរូបភាពនិងសំណេររបស់ខ្លួនតាមហ្វេសប៊ុកខាងលើនេះ ស្រាប់តែមានមជ្ឈដ្ឋានមួយចំនួន លើកឡើងថា លោករ៉ុង ឈុន អាចនឹងជាប់ពន្ធនាគារវិញ បើសិនសម្ដីរបស់លោកសម រង្ស៊ី អាចជាការដាក់បន្ទុកដល់លោករ៉ុង ឈុន។

ទោះយ៉ាងណា ជុំវិញការលើកឡើងខាងលើនេះ លោករ៉ុង ឈុន មិនឯកភាពទេ ដោយលោកបញ្ជាក់ថា អ្វីដែលលោកសម រង្ស៊ី លើកឡើង ជាសិទ្ធិសេរីភាពរបស់គាត់ គ្មានអ្វីដាក់បន្ទុកដល់រូបលោក ឲ្យប្រឈមនឹងផ្លូវច្បាប់នោះទេ ។

លោករ៉ុង ឈុន បានមានប្រសាសន៍បន្តថា “តាមការពិតទៅ អ្នកដែលយល់ឃើញបែបហ្នឹង ខ្ញុំមិនជាឯកភាពអីទេ ពីព្រោះលោកសម រង្ស៊ី គាត់មានសិទ្ធិសេរីភាពពេញលេញ គាត់ចង់និយាយ គាត់ពេញចិត្តនឹងអ្នកណា គាត់មើលឃើញ អាហ្នឹងការពិតជាក់ស្ដែង គាត់និយាយតែការពិតជាក់ស្ដែង អាហ្នឹងគាត់មានសិទ្ធិសេរីភាពរបស់គាត់ ។ បើគាត់យល់ឃើញថា ខ្ញុំរក្សាឧត្ដមគតិជាតិ ជួយជាតិ និងជួយពលរដ្ឋខ្មែរ អាហ្នឹងគាត់មានសិទ្ធិលើកឡើង ។ អ៊ីចឹងបើសិនគ្រាន់តែលើកឡើងអ៊ីចឹង វាមានបញ្ហាដល់ខ្ញុំ វាមិនមែនដូច្នោះទេ ។ អ៊ីចឹងឧទាហរណ៍ថា គាត់ទៅលើកឡើងឥស្សរជនដែលកំពុងដឹកនាំកាន់អំណាចសព្វថ្ងៃ អ៊ីចឹងប្រឈមផ្លូវច្បាប់ហើយ មិនអ៊ីចឹង? ហើយគ្រាន់តែគាត់បញ្ចេញទស្សនៈរបស់គាត់ ហើយយើងភ័យខ្លាច យើងជាប់ពាក់ព័ន្ធបញ្ហាដល់ខ្លួន វាមិនមែនអ៊ីចឹងទេ ។ អ៊ីចឹងបើគាត់និយាយទៅកាន់ឥស្សរជនណា សរសើរឥស្សរជនណាមួយដែលគាត់ចង់ អ៊ីចឹងឥស្សរជនហ្នឹងត្រូវប្រឈមនឹងផ្លូវច្បាប់ហើយ វាមិនមែនដូច្នោះទេ ។ បានន័យថា វាអត់មានអីដែលគាត់មកដាក់បន្ទុកឲ្យខ្ញុំទេ គ្រាន់តែគាត់និយាយសេរីភាពរបស់គាត់តើ! ហើយដូចខ្ញុំបានលើកខាងដើមអ៊ីចឹងថា ឲ្យតែគាត់និយាយទៅកាន់អ្នកណា អ្នកហ្នឹងទទួលដាក់បន្ទុក អ៊ីចឹងគាត់និយាយទៅកាន់អ្នកណាមួយដែលកំពុងកាន់អំណាចហ្នឹង អ្នកហ្នឹងត្រូវទទួលបន្ទុកផ្លូវច្បាប់ហើយអ៊ីចឹង? យើងគិតបែបហ្នឹងទៅវិញចុះ!“ ។

គួររំលឹកថា លោក រ៉ុង ឈុន អតីតអនុប្រធានគណបក្សភ្លើងទៀន បច្ចុប្បន្នជាទីប្រឹក្សាគណបក្សកម្លាំងជាតិ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ និងពិន័យជាប្រាក់ ២លានរៀល ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីឆ្នាំ២០២០ ខណៈដែលលោកចុះទៅពិនិត្យនៅព្រំដែនខេត្តត្បូងឃ្មុំ ដែលពលរដ្ឋអះអាងថា វៀតណាម បានរំលោភយកដីស្រែចម្ការរបស់ពួកគាត់។ ក្នុងនោះសាលាដំបូង បានផ្ដន្ទាទោសលោក​ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ប៉ុន្តែសាលាឧទ្ធរណ៍ បន្ថយទោសជាប់ពន្ធនាគារ មកនៅត្រឹមរយៈពេល ១៥ខែ និង១១ថ្ងៃ នៃទោសជាប់ពន្ធនាគារសរុបចំនួន ២៤ខែ ហើយទោសនៅសល់ ត្រូវបានព្យួរ និងពិន័យជាប្រាក់ ២លានរៀល។ គិតមកដល់ពេលនេះ លោក រ៉ុង ឈុន បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអនុវត្តទោស តាមរយៈសាលដីការបស់តុលាការកំពូល ដែលបានចេញកាលពីខែសីហា ឆ្នាំ២០២២ ដោយលោក និល ណុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ ក្នុងកាលៈទេសៈនេះ លោក រ៉ុង ឈុន អាចនឹងត្រូវចាប់ខ្លួននិងឃុំខ្លួនវិញ ប្រសិនបើមិនអនុវត្តតាមសាលក្រមរបស់តុលាការ ហើយក៏មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានដែរ បើមិនទាន់បានស្តារនីតិសម្បទា។

យោងតាមលិខិតឆ្លើយតបរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្ញើជូនគណៈកម្មាធិការរៀបចំការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញ ដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឲ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា ៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ក្នុងសាលដីការបស់សាលាឧទ្ធរណ៍ ហើយក៏ត្រូវបានតុលាការកំពូល តម្កល់សាលដីកាព្រហ្មទណ្ឌលេខ ១១០ បានកំណត់ផ្ដន្ទាទោសលោករ៉ុង ឈុន ដាក់ពន្ធនាគារ កំណត់រយៈពេល ២ឆ្នាំ ត្រូវកែប្រែមកជាទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារ កំណត់រយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ។ ទោសដែលនៅសល់ ត្រូវព្យូរទោសសាកល្បង ដោយកំណត់រយៈពេល៣ឆ្នាំ ។

សាលដីកាដដែល បានបញ្ជាក់ទៀតថា ទណ្ឌិតរ៉ុង ឈុន ត្រូវតែគោរពតាមដីកាកោះរបស់ព្រះរាជអាជ្ញា ឬរបស់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឲ្យ ត្រូវមកទទួលនូវការមកពិនិត្យមើលរបស់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឲ្យ ត្រូវប្រគល់ដល់ព្រះរាជអាជ្ញា ឬដល់បុគ្គលដែលព្រះរាជអាជ្ញា បានប្រគល់អំណាចឲ្យនូវគ្រប់ឯកសារ សម្រាប់ធ្វើការផ្ទៀតផ្ទាត់លើការបញ្ចូលឲ្យទៅរស់នៅក្នុងសង្គមវិញ ត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា អំពីការផ្លាស់ប្ដូរអាសយដ្ឋាន និងមុខរបររបស់ខ្លួន និងត្រូវតែអនុញ្ញាតពីព្រះរាជអាជ្ញា មុនពេលធ្វើដំណើរទៅបរទេស ។

បើទោះបីប្រឈមនឹងដីកាតុលាការក៏ដោយ ក៏លោករ៉ុង ឈុន នៅតែមានសេរីភាពបានធ្វើនយោបាយជាបន្តបន្ទាប់ ដោយចេញពីគណបក្សភ្លើងទៀន លាលែងតំណែងអនុប្រធាន មកចូលរួមជាមួយគណបក្សកម្លាំងជាតិ ក្នុងឋានៈជាទីប្រឹក្សា ហើយបានចុះទៅជួបសកម្មជននៅតាមបណ្ដាខេត្តនានា តាំងពីមុនពេលបោះឆ្នោតព្រឹទ្ធសភា រហូតដល់បោះឆ្នោតព្រឹទ្ធសភាហើយ ដោយមិនមានរឿងអ្វីកើតឡើងចំពោះលោកទេ ។ ប៉ុន្តែចូលមកដល់ចុងខែកុម្ភៈ លោករ៉ុង ឈុន ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញលិខិតជូនដំណឹងឲ្យទៅបង់ប្រាក់ពិន័យ ចំនួន២លានរៀល ឲ្យបានមុនថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ បើមិនចង់ប្រឈមនឹងការចាប់ខ្លួន ឃុំខ្លួន ។

លិខិតជូនដំណឹង ឲ្យបង់ប្រាក់ពិន័យ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលចុះហត្ថលេខាដោយលោកលោកឆាយ ហុង ព្រះរាជអាជ្ញារង បានបញ្ជាក់ថា «យើងឆាយ ហុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់មកទណ្ឌិតឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ។ ទីកន្លែងកំណើត ភូមិចុងកោះតូច ឃុំកាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ លំនៅបច្ចុប្បន្ន ផ្ទះលេខ៨៨ ផ្លូវលេខ៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ឪពុកឈ្មោះ ឡោ រ៉ុង “ស្លាប់” ម្ដាយឈ្មោះដឿ ស្រី “ស្លាប់” ។ នៅលីវ ជានីតិជន ទោសពីមុនគ្មាន ។ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល០១ (មួយ) ឆ្នាំ ០៣ (បី) ខែ ១១ (ដប់មួយ) ថ្ងៃ នឹងពិន័យជាប្រាក់ ២ ០០០ ០០០ (ពីរលាន) រៀល ។ តាមអំណាចសាលដីកាលេខ ៣៥១ l ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។ ឲ្យមកបង់ប្រាក់ពិន័យចំនួន ២ ០០០ ០០០ (ពីរលានរៀល) ។ នៅការិយាល័យកិច្ចការគណនេយ្យរបស់សាលាដំបូងរាជធានីភ្នំពេញ (ជាន់ទី១) ឲ្យបានមុនថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ ជាកំណត់ ។ ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងអំពីការបង់ប្រាក់ពិន័យនេះទេ យើងនឹងចេញដីកាបញ្ជាឱ្យបង្ខំ និងឱ្យឃុំខ្លួនតាមនីតិវិធី» ។

ស្របពេលលោករ៉ុង ឈុន កំពុងរងការព្រមានរបស់តុលាការ ដូចខាងលើនេះ គណបក្សកម្លាំងជាតិ បានចេញសេចក្ដីអំពាវនាវ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជនគាំទ្រ និងសប្បុរសជននានា មេត្តាចូលរួមលះបង់ថវិកាផ្ទាល់ខ្លួនតាមសមានចិត្ត សម្រាប់ជួយសម្រាលបន្ទុកលោករ៉ុង ឈុន ក្នុងការបង់ប្រាក់ពិន័យឲ្យតុលាការ តាមលិខិតជូនដំណឹងរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជាមួយនឹងការអំពាវនាវ លោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានប្រកាសនៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក រ៉ុង ឈុន រួមជាមួយថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ នឹងធ្វើដំណើរទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង់ប្រាក់ ២ ០០០ ០០០រៀល ករណីលោក រ៉ុង ឈុន តាមការបង្គាប់របស់តុលាការ ។

បន្ទាប់ពីប្រកាសបាន ១ថ្ងៃ គឺនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានបញ្ជាក់ភ្ជាប់ជាមួយរូបភាពថា លោក រ៉ុង ឈុន រួមជាមួយថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ បានធ្វើដំណើរទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង់ប្រាក់ ២ ០០០ ០០០ (ពីរលាន) រៀល ករណីលោក រ៉ុង ឈុន តាមការបង្គាប់របស់តុលាការ ។

លោកស៊ុន ចន្ធី បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ថា ការដែលគណបក្សកម្លាំងជាតិ ប្រកាសរកសប្បុរសជួយលោករ៉ុង ឈុន ក្នុងការបង់ប្រាក់ពិន័យឲ្យតុលាការ ចំនួន ២លានរៀល បានទាន់ពេល ដោយសារគណបក្ស មិនចង់ឲ្យលោករ៉ុង ឈុន ប្រឈមនឹងការព្រមានចាប់ខ្លួនពីតុលាការ ។

លោកស៊ុន ចន្ធី បានមានប្រសាសន៍ថា “បាទ! យើងបានចូលរួមអមដំណើរលោករ៉ុង ឈុន គាត់បានធ្វើដំណើរទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តលើលិខិតជូនដំណឹងរបស់តុលាការ ដែលបង្គាប់ឲ្យគាត់បង់ប្រាក់ពិន័យ ចំនួន២លានរៀលនោះ ។ ២លានរៀលនេះ ជាថវិកាដែលបងប្អូនសប្បុរសជន ហើយនិងសកម្មជន សមាជិក សមាជិកា ដែលមានសមានចិត្តជាមួយលោករ៉ុង ឈុន បានរៃអង្គាសគ្នាតាមសមានចិត្តបន្តិចបន្តួច ដើម្បីបង្រ្គប់ជូនទៅលោករ៉ុង ឈុន សម្រាប់បង់ពិន័យទៅតុលាការ ។ ដូច្នេះមិនមែនជាលុយរបស់គណបក្សទេ ។ ប៉ុន្តែមូលហេតុដែលយើងជួយសម្រាលបន្ទុកគាត់ ដើម្បីឲ្យគាត់បានរួចផុតពីតុលាការ ដោយយើងមិនចង់ឃើញគាត់ត្រូវបានបន្តរងការគំរាមកំហែងផ្លូវច្បាប់ទៅមុខទៀតទេ ។ បើសិនជាគាត់ពុំអាចរកថវិកាបានពីរលានរៀល ឲ្យទាន់ពេលវេលា ដើម្បីបង់ជូនតុលាការ ពេលនោះ គាត់នឹងប្រឈមជាមួយនឹងការអនុវត្តច្បាប់ពីសំណាក់តុលាការហើយ ដោយសារពេលវេលាដែលតុលាការបានជូនដំណឹងឲ្យលោករ៉ុង ឈុន បង់លុយហ្នឹង វាខ្លីពេក ។ លោករ៉ុង ឈុន ទើបតែទទួលបានលិខិតជូនដំណឹងបង្គាប់ឲ្យបង់លុយហ្នឹង នៅថ្ងៃទី២៨ ពេលរសៀលទៅហើយ ហើយបង្គាប់ឲ្យមុនថ្ងៃទី០៤ (មីនា) ហើយថ្ងៃទី២ ទី៣ វាត្រូវសៅរ៍ អាទិត្យហើយ ។ អ៊ីចឹងយើងសល់ពេលតែ ១ថ្ងៃគត់ ដូច្នេះ ១ថ្ងៃហ្នឹង គាត់អត់អាចរកលុយបានទេ ដោយសារជីវភាពគាត់ខ្វះខាត គាត់មិនមានមុខរបរ ។ ដូច្នេះបានយើងអំពាវនាវឲ្យសប្បុរសជន សមាជិក សមាជិកាហ្នឹង ចូលរួមតាមសមានចិត្តទៅ ដើម្បីឲ្យគាត់មានលទ្ធភាពគ្រប់គ្រាន់បង់លុយទៅតុលាការ តាមការកំណត់ហ្នឹង“ ៕ កុលបុត្រ  

RELATED ARTICLES