ភ្នំពេញ៖អតីតអគ្គនាយរងទូរទស្សន៍CTN ,Sea Tv និងE Tv លោកគួច ខេវិន ដែលអាចនឹងឈឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ អាណត្តិថ្មីឆ្នាំ២០២៤ នេះបានចេញសារបង្កប់ទៅដោយខ្លឹមសារស៊ីជម្រៅ និងដាស់តឿនស្មារតីយុវវ័យ ក្រោយពីមានភាពចម្រូងចម្រាសពីអ្នកខ្លះព្រមានឈប់មើលភាពយន្ដថៃ និងប្រើប្រាស់ផលិតផលថៃ តទៅទៀត ក្រោយពីរឿង”ម៉ែក្រឡាភ្លើង” ផលិតដោយSastra Film “របស់អ្នកស្រីប៊ុន ច័ន្ទនិមល ទៅដាក់បញ្ចាំងនៅថៃកាលពីប៉ុន្មានថ្ងៃដំបូងនេះបានរងបរាជ័យទាំងស្រុងតែម្ដង ព្រោះគ្មានអ្នកមើល ទើបធ្វើឲ្យអ្នកគាំទ្រផលិតកម្មមួយនេះបានព្រមានធ្វើពហិកា លើរឿងថៃ វិញដែលនាំឲ្យកំដៅកាន់តែឡើងក្ដៅដូចភ្នំភ្លើង។
យ៉ាងណាជុំវិញរឿងរ៉ាវនេះលោកគួច ខេវិន បានមានប្រសាសន៍ថា”បើរបស់យើងល្អ កុំថាកុំថាឡើយសៀម ទោះជាអាមេរិកក៍បុកក្បាលគ្នាទិញដែរ។លោកគួច ខេវិន បានថ្លែងសារថា”លោកឪពុក អ្នកម្តាយខ្ញុំ លោកធ្លាប់ទូន្មានប្រៀនប្រដៅថា”ចូរកូនរៀនបើកចិត្តឲ្យទូលាយ មើលឲ្យបានឆ្ងាយ និយាយឲ្យតិចជាងគិត”ខ្ញុំព្យាយាមចងចាំ!។ ក្នុងប៉ុន្មានថ្ងៃនេះខ្ញុំបានឃើញនៅលើទំព័រfacebookឃើញនូវការបញ្ចេញមតិចំពោះការបាក់ទឹកចិត្តត្បិតតែប្រជាជនសៀមមិនចូលទៅមើលកុនខ្មែររឿង(ម៉ែក្រឡាភ្លើង)ដែលជារឿងកុនបែបខ្មោចលង ស្រដៀងគ្នាទៅនឹងរឿងខ្មោចនាងនាថ នាងណាត ឯណាឯណីរបស់សៀមដែលគេមើលឡើងធុញទៅហើយនោះ។បើនិយាយរឿងកុនសៀមកាលពីទសវត្សរ៍ឆ្នាំ៧០ហៅថាមហាអន់តែដើម្បីល្បីគេមកសុំខ្មែរយើងសហការគ្នាថតរឿង”ស្នេហាឆ្លងដែន”រឿងឥន្រ្ទីយ៍ក្រហម”ដែលមានតួខ្មែរសៀមរួមគ្នាសម្តែងដូចជាលោកជា យុទ្ធថន អ្នកស្រីឌី សាវ៉េត នឹងសៀម លោកសម្បត្តិមេធានី នាងអៈរ៉ាន់យ៉ាណាំវង្ស ហើយប្រជាជនសៀម រាប់ទាំងចៃកុនផងចូលមើលស្ទើរបាក់រោង?នោះគឺសៀមពីមុន ! តែសៀមឥឡូវខុសពីមុន?
ចាប់ទសវត្សរ៍ណាណីមកសៀមអត់សង្គ្រាមទេ ចុងទសវត្សរ៍៦០មកខ្មែរច្បាំងគ្នាជិត៤០ឆ្នាំទម្រាំមានសន្តិភាព ឥឡូវយើងមានប្រជាជន១៦លានប្រឹងកសាងស្រុកទេសដោះមីនសឹងមិនទាន់អស់ផង ឯសៀមជិ៧០លាននាក់ដើហួចពេញផ្លូវ ដើរអួតពេញពិភពលោកអួតរាប់ទាំងstreetfoodកំប៉ិកកំប៉ុក ចុះយើងវិញបានអីហៅម៉ូយ ទំនងមានតែស្លាបមាន់ជើងមាន់ប្រហិតCPរបស់ក្រុមហ៊ុនសៀមបុកល្ហុងម៉ុកកាថាក់ទឹកកាពិដែលមិនមែនជាចំណីខ្មែរហ្នឹងហ្មែន?
បើរបស់យើងល្អនរណាក៏ចង់មើល បើរបស់យើងឆ្ងាញ់នរណាក៏ចង់ញ៉ាំ មិនខ្វះផ្សារ។ ផ្សារសេរីកុំនិយម”ពហិកា” មិនប្រសើរទេ កុំឲ្យរឿងតូចខូចរឿងធំ ដូចកាលឆ្នាំ២០០៣ រឿង នាងកុបស៊ូវ៉ាណាន់ តោងទាមអង្គរវត្ត កើតរឿងដុតទូតសៀមមួយខ្ទេច? ទំនាក់ទំនងការទូតកម្ពុជា-សៀម រលាយមួយរយៈ? ។ សុំនិទានតាមសាមកុក(រក្សាព្រៃស្រស់បានមិនខ្វះអុសដុត) សាមកុកសម័យថ្មី(ឈើមួយដើមធ្វើឈើគុសបានរាប់លានដើម តែឈើគុសមួយដើមរលាយព្រៃមួយភ្នំ) ។រៀនមើលគេមើលឯង បើអ្វីមិនល្អបោះវាចោលទៅ តែត្រូវរៀនធ្វើតាមអ្វីដែលល្អ ខំស្លរ ដាំជញ្ជាត់ឲ្យរិតតែល្អធ្វើជារបស់ខ្លួនយើងលក់ឲ្យគេវិញបើរបស់យើងល្អកុំថាសៀម អាម៉េរិកក៏បុកក្បាលគ្នាទិញដែរ។ កុំតូចចិត្តនាំឲ្យដេកអត់លក់!។
ខុសទាស់អីកុំប្រកាន់ “បើកចិត្តឲ្យទូលាយ មើលឲ្យឆ្ងាយ និយាយតិចជាងគិត” អរគុណ!”។
គូរបញ្ជាក់ថាមុនលោកគួច ខេវិន បញ្ចេញយោបល់ និងលើកពីទស្សនៈមួយចំនួនរបស់លោកពាក់ព័ន្ធគុណភាពវិស័យភាពយន្ដខ្មែរនិងបង្ហាញពីតឹកតាងប្រវត្តិសាស្ត្រពីភាពយន្ដប្រទេសទាំងពីរនោះនៅលើបណ្ដាញសង្គមមានការជជែកគ្នាកាន់តែច្រើនពីរឿងនេះពិសេសអ្នកធ្វើការពាក់ព័ន្ធសិល្បៈ ឬវិស័យកុន ។ប៉ុន្ដែមហាជនមួយចំនួនលើកឡើងថាមតិខ្លះអាចនឹងឈានទៅជាការញុះញង់កំហឹងប្រជាជាតិ អាចនឹងគ្រោះថ្នាក់ ហេតុនេះទស្សនដ៍ចាក់ដោត របស់លោកខេវិន អាចជាការពិចារណាបាន ៕