Sunday, May 12, 2024
Homeសង្គម និងជីវិតចៅអធិការ សង់វីឡាកុដិក្នុងវត្ត ពុទ្ធបរិស័ទ ផ្ទុះការរិះគន់

ចៅអធិការ សង់វីឡាកុដិក្នុងវត្ត ពុទ្ធបរិស័ទ ផ្ទុះការរិះគន់

ខេត្តកំពង់ចាម ៖ មហាជនបានផ្ទុះការរិះគន់ចៅអធិការវត្តមួយ នៅក្នុងខេត្តកំពង់ចាម ដែលសង់កុដិ ក្នុងរចនាបទបរទេស ជាម៉ូដវីឡា ខុសពីរចនាបទ វប្បធម៌ ប្រពៃណីខ្មែរ ។

 ចៅអធិការវត្តដែលរងការរិះគន់ មានព្រះនាម ប៊ន ស្រឿន ជាចៅអធិការវត្ត គិរីសាលវ័ន (ហៅវត្តថ្មី) ស្ថិតនៅឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ វីឡាកុដិ ដែលព្រះអង្គ ឲ្យជាងសាងសង់ បានប្រើប្រាស់រយៈពេលកសាងជាង ៦ឆ្នាំ មកហើយ គឺកសាងតាំងពីអំឡុងឆ្នាំ២០១៨ ទើបតែធ្វើពិធីបុណ្យឆ្លង និងដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក៏ផ្ទុះការរិះគន់ពេញបណ្ដាញសង្គម ហ្វេសប៊ុក តែម្តង។

 ប្រជាពុទ្ធបរិស័ទ បានសរសេររិះគន់តាមគណនីបណ្តាញសង្គមជាច្រើន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ដូចជាគ ណនីហ្វេសប៊ុកមួយ សរសេរថា “ចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត យូរៗទៅលែងស្គាល់តួនាទីរបស់វត្តអារាមអស់ហើយ… ឯណាទៅពាក្យដែលតែងតែនិយាយថា វត្តអារាម គឺជាឃ្លាំងផ្ទុកនៅវប្បធម៌ ជាឃ្លាំងរក្សាប្រពៃណី អត្តសញ្ញាណជាតិខ្មែរ?“ ។

គណនីហ្វេសប៊ុក មួយទៀត សរសេរនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ដែរថា “ចៅអធិការ អាចារ្យ គណៈកម្មការវត្ត យ៉ាប់ៗ យូរៗទៅលែងស្គាល់តួនាទីរបស់វត្តអារាមអស់ហើយ ។ វត្តអារាម មុននឹងសាងសង់អ្វីមួយ តោងគិតឱ្យគ្រប់ជ្រុងផង ។ កុដិនេះស្អាតហើយ ប៉ុន្តែនៅខ្វះស្កាយបារ (Sky Bar) គួរបន្ថែមស្កាយបារ ផង ដើម្បីទុកឱ្យចៅអធិការវត្ត ជប់លៀងម្តងម្កាល ។ វត្តគិរីសាលវ័ន ( ហៅវត្តថ្មី ) ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម“ ។

 គណនីហ្វេសប៊ុក មួយទៀត បានសរសេរនៅថ្ងៃដដែលថា “មហាកុដិ ឬកុដិតូច មិនជាបញ្ហាទេ ធ្វើឱ្យធំហើយច្រើនជាន់ ក៏ល្អដែរ ដើម្បីចំណេញដីវត្ត ប៉ុន្តែត្រូវធ្វើតាមរចនាបទខ្មែរ ក្បូរក្បាច់តាមរបៀបខ្មែរ ព្រោះវត្តអារាម ជាកន្លែងរក្សានិងអភិរក្សប្រពៃណី វប្បធម៌ ទំនៀមទម្លាប់… ខុសគ្នាពីផ្ទះរបស់ប្រជាជនទូទៅ ស្រឡាញ់ម៉ូដ ណាក៏សង់ម៉ូដនោះទៅចុះ។ នៅកម្ពុជាក្រោម តាមវត្តអារាម គេខំប្រឹងថែរក្សាក្បូរក្បាច់រចនាបទខ្មែរខ្លាំងណាស់ គេអត់យករចនាបទក្បាច់យួន មកប្រើទេ“ ។

 ទោះយ៉ាងណា ជុំវិញការរិះគន់នេះ “នគរធំ” មិនអាចទាក់ទងសុំការឆ្លើយតបពីព្រះតេជគុណ ប៊ន ស្រឿន ព្រះចៅអធិការវត្តថ្មី ខាងលើនេះបានទេ កាលពីម្សិលមិញ ។

 ដោយឡែក ក្រោយពីផ្ទុះការរិះគន់តាមបណ្តាញសង្គម ដូចខាងលើនេះ មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានចាត់ឱ្យក្រុមការងារចុះសិក្សារចនាបទនៃការសាងសង់កុដិមួយនេះផងដែរ។

 ព្រះតេជគុណ គង់ វិចិ្ឆកា អនុគណស្រុកកំពង់សៀម បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ព្រះអង្គបាននិមន្តប្រាប់ទៅព្រះគ្រូចៅអធិការវត្តដែរ ពីរចនាបទកសាងកុដិ ដែលផ្ទុយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនា ប៉ុន្តែព្រះគ្រូចៅអធិការវត្ត និងគណៈកម្មាធិការវត្តបានប្រាប់មកវិញថា កុដិមួយនេះ មានប្លង់រចនាត្រឹមត្រូវហើយ។

ព្រះអង្គបន្តថា សាលាអនុគណស្រុកកំពង់សៀម គ្មានសិទ្ធិបញ្ឈប់ឬផ្អាកការសាងសង់របស់គេឡើយ ពោលគឺបានត្រឹមផ្តល់នូវឱវាទពីរចនាបទ ក្បួនខ្នាត និងពីអ្វីទៅជាវត្តអារាមតែប៉ុណ្ណោះ ។

  ជាមួយគ្នានោះដែរ លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា វត្តអារាម ដែលកសាងខុសរចនាបទនេះ លោកនឹងឲ្យក្រុមការងារចុះសិក្សា ព្រោះថា ការកសាងកុដិមួយនេះ ព្រះគ្រូចៅអធិការវត្ត រួមជាមួយគណៈកម្មាធិការវត្ត បានកសាងតាំងពីឆ្នាំ២០១៨ មក ខណៈលោកមិនទាន់ឡើងជាប្រធានមន្ទីរ មកម្ល៉េះ៕ កុលបុត្រ

RELATED ARTICLES