Wednesday, May 8, 2024
Homeសង្គម និងជីវិតចៅអធិការវត្ត ទទួលស្គាល់កំហុស ឯកភាពកែដំបូលវីឡាមហាកុដិ

ចៅអធិការវត្ត ទទួលស្គាល់កំហុស ឯកភាពកែដំបូលវីឡាមហាកុដិ

ខេត្តកំពង់ចាម ៖ ក្រោយផ្ទុះការរិះគន់រឿងចៅអធិការវត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅឃុំទ្រាន ស្រុកកំពង់ សៀម ខេត្តកំពង់ចាម  សាងសង់មហាកុដិ ដែលមានរចនាបទបរទេស ជាម៉ូដវីឡា ខុសពីរចនាបទវប្បធម៌ ប្រពៃណីខ្មែរ នោះមក ព្រះចៅអធិការវត្តគិរីសាលវ័ន ហៅវត្តថ្មី បានទទួលស្គាល់កំហុស ដោយបញ្ជាក់ថា គោលបំណងដែលព្រះអង្គ សង់កុដិ មានរចនាបទដូចវីឡានេះ គឺគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ពុទ្ធបរិស័ទប៉ុណ្ណោះ គ្មានបំណងលុបបំបាត់ប្រពៃណី វប្បធម៌ ឬក៏រចនាបទខ្មែរ នោះទេ។ ជាមួយនេះ ចៅអធិការវត្ត ក៏បានឯកភាពជាមួយគណៈកម្មការចម្រុះ ក្នុងកិច្ចប្រជុំមួយ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ សម្រេចកែដំបូលវីឡាមហាកុដិ មកជារចនាបទខ្មែរវិញ។

លោករ៉េត សារ៉ាត់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម មានឲ្យដឹងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ថា ក្រោយពីផ្ទុះការរិះគន់តាមបណ្ដាញសង្គម ចំពោះមហាកុដិ នៅវត្តគិរីសាលវ័ន ហៅវត្តថ្មីនេះ គណៈកម្មការចម្រុះ រួមមាន មន្ទីរធម្មការខេត្ត មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ សាលាមេគណខេត្ត អភិបាលស្រុកកំពង់សៀម ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានប្រជុំដោះស្រាយជាបន្ទាន់ នៅក្នុងមហាកុដិ ដោយមានការចូលរួមពីព្រះចៅអធិការវត្ត ព្រះនាម ប៊ន ស្រឿន និងងគណៈកម្មការវត្ត ហើយក៏មានការឯកភាពពីព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត យល់ព្រមកែដំបូលមហាកុដិ ឲ្យចេញជារចនាបទខ្មែរ ។

លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម បញ្ជាក់ថា មហាកុដិនេះ មានទំហំ១៦ម៉ែត្រ គុណ១៤ម៉ែត្រ មានកម្ពស់ ៣ជាន់ ត្រូវបានកសាងឡើងចាប់តាំងពីឆ្នាំ២០១៨ បន្តរហូតមកដល់ឆ្នាំ២០២៤ នេះ ត្រូវបានចំណាយបច្ច័យប្រមាណ ៣៥ម៉ឺនដុល្លារអាមេរិក ។

សូមបញ្ជាក់ថា ព្រះតេជគុណ ប៊ន ស្រឿន ចៅអធិការវត្តគិរីសាលវ័ន ហៅវត្តថ្មី បានចាត់ចែងសាងសង់មហា កុដិ ដែលមានរចនាបទដូចវីឡានេះ អស់រយៈពេលជាង៦ឆ្នាំ គឺចាប់ផ្តើមការកសាងតាំងពីអំឡុងពាក់កណ្តាលឆ្នាំ២០១៨ ហើយទើបតែធ្វើពិធីបុណ្យឆ្លង និងដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក៏ផ្ទុះការរិះ គន់កក្រើកពេញបណ្តាញសង្គមតែម្តង។

ជុំវិញការរិះគន់ទៅលើទៅលើការសាងសង់កុដិ ជាម៉ូដវីឡាបរទេសនេះ ព្រះតេជគុណ ប៊ន ស្រឿន ព្រះចៅអធិការវត្តគិរីសាលវ័ន ហៅវត្តថ្មី មានថេរដីកា បញ្ជាក់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ថាគោលបំណងដែលព្រះអង្គ សង់មហាកុដិ មានរចនាបទដូចវីឡានេះ គឺគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ពុទ្ធបរិស័ទប៉ុណ្ណោះ។

ព្រះចៅអធិការវត្តគិរីសាលវ័ន បានបញ្ជាក់ថា “អាត្មា ព្រះនាម ប៊ន ស្រឿន បច្ចុប្បន្នជាព្រះចៅអធិការវត្តគិរីសាលវ័ន ហៅវត្តថ្មី ដែលវត្តនេះ ស្ថិតក្នុងភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយយើងបានកសាងរួចរាល់នៅក្នុងនោះ ពិសេសគឺកុដិថ្មីនេះឯង ដែលយើងបានដាក់ឈ្មោះកុដិថ្មីនេះថា មហាកុដិ មានការចាប់អារម្មណ៍ពីបងប្អូនមហាជន នៅក្នុងនោះក៏បងប្អូនអ្នករិះគន់ក៏មានមួយចំនួន ដល់អ៊ីចឹងគឺពាក់ព័ន្ធនឹងការកសាងកុដិ ១នេះ គឺសូមបញ្ជាក់ជូនបងប្អូនអ្នកទស្សនាថា បំណងដែលយើងកសាងកុដិមួយនេះឡើង គឺបំណងអាត្មា ជាមួយអាចារ្យគណៈកម្មការហ្នឹង គឺចង់ឱ្យវត្តរបស់យើង គឺចូលមក មានកុដិមួយដែលមានភាពស្អាត បែបទំនើប ហើយកុដិនេះ គឺមិនមែនសម្រាប់តែជាកន្លែងព្រះសង្ឃគង់ទេ តែវាជាទីកន្លែងសក្ការៈបូជា ជាសាលសមាធិ ជាកន្លែងតម្កល់ព្រះសារីរិកធាតុ ដូចនៅជាន់ផ្ទាល់ដីនេះ គឺមានព្រះពុទ្ធដល់ទៅ ១០៨អង្គ ដែលព្រះពុទ្ធអង្គស្ពាន់តូចៗ និងព្រះពុទ្ធអង្គធំ ៤-៥អង្គទៀត។ ហើយនៅជាន់ទី២ យើងតម្កល់សារីរិកធាតុ ហើយនៅជាន់ទី៣ គឺសាលសុទ្ធ ហើយនៅជាន់ទី២ យើងតម្កល់សារីរិកធាតុនៅកណ្តាល សងខាងគឺមានបន្ទប់ផ្សព្វផ្សាយព្រះធម៌ បន្ទប់បណ្ណាល័យ និងបន្ទប់ស្នាក់នៅ ២-៣បន្ទប់ទៀត ហើយនៅជាន់ទី៣ គឺសាលសមាធិសុទ្ធ អត់មានជាកន្លែងលោកសឹងទេ គឺជាសាលបដិបត្តិ ដោយសារតែពេលដែលយើងឆ្លងហើយ យើងធ្វើរួចរាល់ហើយ នឹងមានការបដិបត្តិសមាធិវិបស្សនា ប្រចាំសៅរ៍-អាទិត្យ ដោយសារតែវត្តរបស់យើង គឺថ្ងៃចន្ទ ដល់ថ្ងៃសុក្រ គឺយើងមានព្រះសង្ឃពុទ្ធិកបឋមសិក្សា ហើយប៉ែកខាងក្មេង គឺយើងមានសាលាក្មេង ហ្វឹកហាត់បង្រៀនក្មេង រាប់រយនាក់នៅទីនេះ ដល់ពេលថ្ងៃសៅរ៍-អាទិត្យ យើងទំនេរ ២ថ្ងៃហ្នឹង គឺយើងគម្រោងថា ធ្វើកុដិហ្នឹងហើយ ហើយសាលាជាន់ទី៣ នៃមហាកុដិហ្នឹង គឺជាសាលាសមាធិតែម្តង ហើយខាងមុខមហាកុដិហ្នឹង ក៏យើងមានបរិវេណដែលយើងមានកន្លែងអង្គុយសមាធិ យើងធ្វើជាឥដ្ឋដុំៗ ៨តឹក៤ជ្រុង សម្រាប់ក្រាល ហើយមានដាំស្មៅនៅកណ្តាល ហើយមានព្រះពុទ្ធរូប នៅកណ្តាល ដែលមានគូទឹក រង្វង់មូល ទឹកមានដាំផ្កាឈូក ដើម្បីតម្កល់នូវព្រះពុទ្ធអង្គ កម្ពស់៣ម៉ែត្រ អ៊ីចឹងជុំវិញព្រះអង្គហ្នឹង គឺកន្លែងបរិបត្តិធម៌ សម្រាប់ពេលយប់ គម្រោងយើង ពីម៉ោង៦ ដល់ម៉ោង៩យប់ហ្នឹង គឺមានការផ្តល់ឱវាទ និងសម្តែងធម៌ទេសនា ហើយយើងឃើញមានរោងស័ង្កសីមួយ នៅជាយមហាកុដិ ជាជួរប្រហែលជា ២០-៣០ម៉ែត្រហ្នឹង គឺជារោងបាយ ដែលដល់ម៉ោង គាត់ទទួលទាន គឺយើងរៀបតុ ឱ្យគាត់ទទួលទានអាហារ…”។

ព្រះតេជគុណ ប៊ន ស្រឿន មានថេរដីកាបន្តថា “សរុបមកវិញ គឺយើងធ្វើបែបរាងទំនើប យើងមើលពីក្រៅមក គឺវាហាក់ដូចជាខុសរចនាបទ ដូចយ៉ាងញាតិញោមបងប្អូនបានរិះគន់មួយចំនួន ក៏ប៉ុន្តែទាក់ទងនឹងជ្រី ទាក់ទងនឹងក្បាច់អីមួយចំនួនហ្នឹង គឺជាលក្ខណៈក្បាច់ខ្មែរ គ្រាន់តែជាទម្រង់កូនកាត់ៗ ជាពិសេសដំបូលហ្នឹង ចេះតែកែៗទៅ វាទៅជាដំណាក់កាលលើសលប់ប៉ុណ្ណឹង ប៉ុន្តែបើនៅខាងក្នុង អត្ថន័យនៅខាងក្នុង គឺញាតិញោម បងប្អូន អាចមើលដោយផ្ទាល់បាន គឺជាកន្លែងសក្ការបូជា កន្លែងបដិបត្តិសុទ្ធសាធតែម្តង…”។

ព្រះចៅអធិការវត្តគិរីសាលវ័ន ហៅវត្តថ្មី បានមានថេរដីកាបន្តទៀតថា “វត្ថុបំណងរបស់អាត្មាហ្នឹង គឺថាមិនមានបំណងថា លុបបំបាត់ប្រពៃណី វប្បធម៌ ឬក៏រចនាបទខ្មែរទេ ហើយផ្ទុយទៅវិញ មានតែការស្រលាញ់ ប៉ុន្តែដូចអាត្មាថាអ៊ីចឹង ដល់ពេលយើងធ្វើទៅ វារាងលើសលប់ពេក ទៅជាកន្លែងខ្លះគឺមើលទៅវាហាក់ដូចជាបែបទំនើប ធ្លាប់ឃើញទៅវត្តមួយចំនួន មានការធ្វើដូចវីឡាអ៊ីចឹងដែរ គ្រាន់តែថាវាមិនទំនើបអីចឹងពេក ដូចវីឡាផ្ទះទូទៅអ៊ីចឹង ប៉ុន្តែដល់ពេលអាត្មាធ្វើទៅវា វីឡាដូចគេដែរ ប៉ុន្តែវាច្នៃទៅវាទំនើប ហើយមែនទែនទៅ សឹងថាទំនើបជាងវីឡា ទៅទៀត ហើយដល់អ៊ីចឹង វាអាចប៉ះពាល់ដល់អារម្មណ៍បងប្អូនយើងមួយចំនួន ដែលគាត់មិនបានដឹងពីបំណងដែលអាត្មាធ្វើហ្នឹង…”។

ព្រះចៅអធិការវត្តថ្មី មានថេរដីកាបន្ថែមថា “យ៉ាងណា អាត្មាក៏សូមអភ័យទោស អធ្យាស្រ័យពីបងប្អូន ញាតិ ញោម អ្នករិះគន់ទាំងអស់គ្នាដែរ ដែលអាត្មាបំណងធ្វើនេះ គឺយើងចង់ឱ្យវាស្អាត មានសោភណភាព ហើយជាទីទាក់ទាញអ្នកដែលមកដល់ ហើយចូលមក គួរជាទីជ្រះថ្លា មើលពីក្រៅ គួរឱ្យទាក់ទាញបែបម៉្យាង ដល់ពេលចូលមកខាងក្នុង គឺបែបសក្ការបូជា បែបស្ងប់ស្ងាត់ មានកន្លែងបដិបត្តិអីត្រឹមត្រូវ បំណងគឺដើម្បីបាននូវការចាប់ អារម្មណ៍ ការទាក់ទាញពីអ្នកដែលគាត់មកបដិបត្តិ ព្រោះប្រសិនបើកន្លែងមួយយើងចង់ឱ្យគេមកបដិបត្តិ តែអត់មានភាពទាក់ទាញ វាអត់សូវដំណើរការទៅមុខ ប៉ុន្តែដល់ពេលយើងធ្វើឱ្យទាក់ទាញជ្រុលពេកទៅ ដូចដែលបងប្អូនបានរិះគន់ហ្នឹងឯង វាលើសពីការគិតទុករបស់អាត្មា កុដិនេះធ្វើកាលហ្នឹង ពាក់កណ្តាលឆ្នាំ២០១៨ ហើយកន្លងមក ការធ្វើហ្នឹង ក៏អត់មានបានទទួលមតិយោបល់ការរិះគន់អីបែបនេះទេ…”៕ ដារិទ្ធ

RELATED ARTICLES