Wednesday, May 8, 2024
Homeសង្គម និងជីវិតយកប្តីចិន៣ ដោះដៃរត់ចោលអស់ យកកូន៣ ទម្លាក់ឱ្យតាយាយចិញ្ចឹម

យកប្តីចិន៣ ដោះដៃរត់ចោលអស់ យកកូន៣ ទម្លាក់ឱ្យតាយាយចិញ្ចឹម

ខេត្តកំពង់ធំ ៖ នារីវ័យក្មេងម្នាក់ ជាកូនកំព្រាឪពុកម្តាយរស់នៅជាមួយតាយាយចាស់ជរា លុះជីវភាពទីទ័លខ្លាំងពេក បនសុំតាយាយចេញទៅធ្វើការនៅខេត្តព្រះសីហនុ រំពឹងថាអាចជ្រោងគ្រួសារបានមួយកម្រិត ដឹងអីទៅ ពេលដល់ បែរជាត្រូវប្រុសចិន ៣នាក់ បោកយកខ្លួន បានកូនម្នាក់១ៗ រួចប្តីចិនទាំង៣នាក់ បានដោះដៃចោល បាត់ ធ្វើឱ្យនាងអស់ទីពឹង នាំកូន ៣នាក់ មកទម្លាក់ឱ្យតាយាយជរា នៅស្រុក មើលថែ រួចវិលទៅខេត្តព្រះសី ហនុ វិញបាត់ មិនឃើញផ្ញើលុយកាក់មកចិញ្ចឹមកូនៗទាំង៣នាក់នោះទេ ទុកឱ្យតាយាយ ចិញ្ចឹមចៅទួត ទាំងត្រ ដាបត្រដួស។

តាយាយអភ័ព្វដែលរងថ្មបាក់ ត្រូវចិញ្ចឹមចៅទួត ដល់ទៅ៣នាក់ សព្វថ្ងៃមានលំនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលបានចុះទៅផ្ទាល់ដល់លំនៅឋានរបស់ក្មេងៗទាំង៣នាក់ និងតាយាយទុរគត នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី០៤ មីនា ឆ្នាំ២០២៤ ថា “ហេតុអ្វីបានជាត្រូវធ្លាក់លើពួកគេ? កូនបីនាក់ ឪពុកបីនាក់ដែរ នេះគឺជាករណីទីមួយ ដែលខ្ញុំទើបតែបានជួបប្រទះ អំពីសណ្ឋានរឿងដែលគួរឱ្យអាណិតក្មេងៗមែនទែន ដែលថា ពួកគេជាបងប្អូនបង្កើតនឹងគ្នា តែមានឪពុកដាច់ដោយឡែកពីគ្នា។ ភាពអវិជ្ជា ភាពឆោតល្ងង់ និងការបណ្តែតបណ្តោយខ្លួន ដោយគ្មានការគិតគូរបានវែងឆ្ងាយ វាត្រឹមតែបង្កើតឱ្យមានវិបត្តិគ្រួសារ ព្រមទាំងការសោកស្តាយចំពោះទង្វើររបស់ខ្លួននៅពេលក្រោយណាមួយជាក់ជាមិនខាន»។

លោក ផន ផល្លារ បន្តថា «តួយ៉ាងខ្ញុំសូមលើករឿងរ៉ាងនៃជីវិតពិតរបស់ក្មេងៗទាំងបីនាក់នេះ មកបង្ហាញជូនបងប្អូន ពិសេសយុវជន-យុវនារីដែលនៅក្មេងៗ ហើយត្រូវហែលឆ្លងនូវជីវិតដៃគូ ក៏ដូចជាជីវិតគ្រួសារទៅថ្ងៃក្រោយ។ ខ្ញុំទទួលស្គាល់ថា ជីវិតរបស់យើងម្នាក់ៗ វាចៀសមិនផុតទេ អំពីទំនាក់ទំនងស្នេហា ឬដៃគូជីវិតជាដើម តែយ៉ាងណា មុននឹងចាប់ផ្តើមនូវទំនាក់ទំនងទាំងអស់នោះ ខ្ញុំគ្រាន់តែចង់ដាស់សតិឱ្យបងប្អូនបានគិតពិចារណា ថាតើយើងចាស់ទុំគ្រប់គ្រាន់ហើយឬនៅ សម្រាប់សមត្ថភាពនៃការងារ សមត្ថភាពនៃការរកប្រាក់ចំណូល សមត្ថភាពនៃការបង្កើតគ្រួសារ និងសមត្ថភាពនៃការចិញ្ចឹមបីបាច់ថែទាំកូន? ព្រោះថាបើយើងពុំមានសមត្ថភាពទាំងអស់នេះទេ ហើយចេះតែបង្កើតនូវដៃគូជីវិតរប៉ាត់រប៉ាយ នោះយើងកំពុងតែធ្វើឱ្យខ្លួនឯងរងគ្រោះក្នុងវិបត្តិគ្រួសារ ឬវិបត្តិសង្គមមួយទៅហើយ ពិសេសគឺតំំណក់ឈាមរបស់អ្នក ពួកគេគឺជាអ្នករងគ្រោះបន្ត ដោយសារតែអ្នកនេះឯង។ ដូចបងប្អូនបានដឹងស្រាប់ហើយ ថាសព្វថ្ងៃនេះ ខ្ញុំកំពុងតែទទួលចិញ្ចឹមកូនៗកំព្រា ចំនួន ១៦៧នាក់ឯណោះ ដែលពួកគេទាំងអស់នោះ គឺបានរងគ្រោះទៅតាមករណីផ្សេងៗគ្នា ដែលករណីខ្លះ វាពិតជាគួរឱ្យខ្លោចផ្សាណាស់នូវអ្វីដែលបានកើតឡើងចំពោះជីវិតរបស់ពួកគេ ដែលធ្វើឱ្យខ្ញុំមិនអាចបើកបង្ហាញអំពីជីវិតឯកជនភាពរបស់ពួកគេបានទៅទៀត ព្រោះវាជារឿងដែលគួរឱ្យឈឺចាប់ពេក»។

លោក ផន ផល្លា បានបន្តថា “ជាក់ស្តែង ដូចក្មេងទាំងបីនាក់នេះអ៊ីចឹង ពួកគេមានម្តាយបង្កើតតែមួយ តែមានឪពុកដែលជាជនជាតិចិន រហូតដល់ទៅបីនាក់ ផ្សេងគ្នា។ ជាការពិត ប្អូនមានដើមកំណើតនៅខាងស្រុកបារាណ៍ ខេត្តកំពង់ធំ ហើយបានសុំអ៊ំ តាយាយ ទៅធ្វើការនៅក្រុងកំពង់សោម ដោយបានទំនាក់ទំនងដៃគូដំបូង ជាជនជាតិចិន ហើយមានកូនស្រីទី១ អាយុ៨ឆ្នាំ (ជាកូនច្បង) ដោយក្រោយមក ពួកគេក៏បានបែកគ្នា។ មិនយូរប៉ុន្មាន ប្អូនស្រីដែលត្រូវជាម្តាយក្មេងៗទាំងបីនាក់នេះ ក៏បានមានទំនាក់ទំនងជាមួយបុរសចិន ទី២ ដោយគិតថា គេនឹងអាច ទទួលចិញ្ចឹមខ្លួន ហើយនិងកូនបាន តែក្រោយពីរស់នៅជាមួយគ្នាមួយរយៈ ពួកគេក៏មានកូនម្នាក់បន្ថែមទៀតដែរ ដែលក្រោយមក បុរសជនជាតិចិន ទី២នេះ គេបានវិលត្រឡប់ទៅកាន់ស្រុករបស់គេវិញ ធ្វើឱ្យប្អូនស្រីនៃទឹកដីកំពង់ធំម្នាក់នេះ ទទួលបានកូន២នាក់ ដោយអត់ឪពុកទាំងពីរ”។

លោក ផន ផល្លា បានបន្តទៀតថា “មកដល់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនផងដែរថា ប្អូនស្រីម្នាក់នេះ គាត់គឺជាកូនកំព្រាឪពុកម្តាយ ដោយផ្ញើកាយជាមួយតាយាយ (ក្នុងរូបថតនេះ គឺជាលោកតាលោកយាយរបស់ប្អូនស្រីហើយ ដែលឥឡូវនេះពួកគាត់មានព្រះជន្ម ៨២វស្សា)។ ពិតជាគួរឱ្យខ្លោចផ្សាមែន ក្រោយពីមានកូនទាំងពីរនាក់នេះហើយ ប្អូនស្រីបានធ្វើដំណើរមកកាន់ស្រុកកំណើត ដោយយកកូនទាំងពីរនាក់នេះ មកឱ្យលោកតាលោកយាយជាអ្នកមើលថែទាំ ហើយខ្លួនបានវិលទៅកាន់ក្រុងកំពង់សោម វិញ ដើម្បីរកលុយផ្ញើមកចិញ្ចឹមកូនខ្លះ”។ជីវិតអើយ…តើដោយសារនាងឆោតល្ងង់ ឬក៏គ្មានការយល់ដឹងរាក់ជ្រៅ ទើបនាងទៅមានទំនាក់ទំនងជាមួយបុរសចិន ជាលើកទី៣ ហើយក៏បានបង្កើតកូនម្នាក់ទៀត (កូនពៅដែលខ្ញុំកំពុងតែបីនៅក្នុងដៃនេះហើយ) ហើយបុរសចិន ដែលជាប្តីហេងស៊យតាមទឹកលុយនេះ ក៏បានដោះដៃចោលនាងបាត់ទៅទៀត។ គ្មានអ្វីត្រូវនិយាយ នាងក៏បានបីកូនក្រោយនេះ មកផ្ញើជាមួយតាយាយថែមមួយទៀត។ អ្នករស់នៅក្បែខាង បានលួចប្រាប់ខ្ញុំថា ដំបូងឡើយ នាងបានផ្ញើលុយកាក់មកឱ្យតាយាយខ្លះដែរ គ្រាន់បានចិញ្ចឹមកូន តែពេលនេះគឺអត់ សោះតែម្តង ដែលធ្វើឱ្យតាយាយ រឹតតែត្រដាបត្រដួល ណាមួយខ្លួនកាន់តែចាស់ ពិសេសគឺលោកតាតែម្តង ដែលតាមការកក់សម្គាល់របស់ខ្ញុំ គឺគាត់ចាប់ផ្តើមរង្វេងហើយ ដោយមិនអាចមើលថែទាំចៅៗបាននោះឡើយ…”។

លោក ផន ផល្លា បានបន្តទៀតថា “ពិតណាស់ ខ្ញុំបានធ្វើដំណើរពីភ្នំពេញ មកដល់ទីនេះ គឺដើម្បីពួកគេទាំងបីនាក់នេះហើយ ហើយដំណោះស្រាយយ៉ាងណានោះ ខ្ញុំនឹងបញ្ជាក់ជូនបងប្អូននៅថ្ងៃស្អែក ព្រោះថាខ្ញុំត្រូវជួបអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរសង្គមកិច្ចស្រុក នៅព្រឹកស្អែកនេះសិន។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថា តាមរយៈសាច់រឿងមួយនេះ វាអាចជួយយើងជាមេរៀននៃជីវិតខ្លះ ក្នុងការដាស់តិ និងដំណើរជីវិតរបស់យើងម្នាក់ៗ ក្នុងការរៀបចំដំណើរជីវិតឱ្យបានត្រឹមត្រូវមួយ…”៕

RELATED ARTICLES