Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរជួបប៉ូលិស ផ្តួលម៉ូតូចោល រត់ចូលព្រៃ

ចោរជួបប៉ូលិស ផ្តួលម៉ូតូចោល រត់ចូលព្រៃ

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចាស់ម្នាក់ កំពុងជិះម៉ូតូតាមផ្លូវនៅពេលយប់ ជួបនឹងកម្លាំងសមត្ថកិច្ចល្បាត ឃាត់ឱ្យឈប់ ដើម្បីសាកសួរនិងត្រួតពិនិត្យ ស្រាប់តែជនសង្ស័យភ័យស្លន់ស្លោ ជិះម៉ូតូរត់គេច តែត្រូវសមត្ថកិច្ចប្រដេញតាមយ៉ាងប្រកិត ក៏ផ្តួលម៉ូតូចោល ហើយស្ទុះរត់ចូលព្រៃបាត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចជិតវត្តសាក់សំពៅ ផ្លូវទំនប់៧មករា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ខណៈពេលនោះ ប្រទះឃើញបុរសម្នាក់ ជាមុខសញ្ញាចាស់ ជិះម៉ូតូ ១គ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1JK-3426 ហើយកម្លាំងសមត្ថកិច្ចបានឃើញ ក៏ឃាត់ដើម្បីសុំធ្វើការត្រួតពិនិត្យ ស្រាប់តែជនសង្ស័យ មិនព្រមឈប់ ព្យាយាមជិះម៉ូតូរត់គេច តែសមត្ថកិច្ចបោះដៃតាមវិទ្យុទាក់ទងតៗគ្នា ហើយធ្វើការប្រដេញតាមយ៉ាងប្រកិត រហូតដល់ផ្លូវទំនប់៧មករា ជិតវត្តសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ស្រាប់តែជនសង្ស័យ បានផ្តួលម៉ូតូចោល ហើយរត់ចូលព្រៃបាត់តែម្តង។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះរុករកក្នុងព្រៃអស់ជាច្រើនម៉ោង តែរកមិនឃើញជនសង្ស័យនោះទេ ដោយសារតែតំបន់នោះ ព្រៃច្រើនហើយណាមួយងងឹតថែមទៀត ទើបសមត្ថកិច្ចផ្អាកការរុករកតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកម៉ូតូរបស់ជនសង្ស័យ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាបន្តទៀត៕

RELATED ARTICLES