Monday, April 29, 2024
Homeសង្គម និងជីវិតតូចចិត្តប្រពន្ធមិនយល់ចិត្ត ប្តីបីកូ...ន...តូ...ច ឡើងស្ពានលោ...ត...ទឹក

តូចចិត្តប្រពន្ធមិនយល់ចិត្ត ប្តីបីកូ…ន…តូ…ច ឡើងស្ពានលោ…ត…ទឹក

ភ្នំពេញ ៖ បុរសម្នាក់ បានកើតមានវិបត្តិផ្លូវចិត្តរឿងប្រពន្ធចេះតែសោះអង្គើយដាក់ មិនសូវយល់ចិត្ត ទើបធ្វើឱ្យតូចចិត្តតូចថ្លើម រហូតដល់បែកគំនិតលែងចង់រស់នៅតទៅទៀត ដោយសម្រេចចិត្តបីកូនតូច អាយុជិត១ខួប ជិះម៉ូតូសំដៅមកលើស្ពានជ្រោយចង្វា បំណងលោតទឹក សម្លាប់ខ្លួន តែមិនដាច់ចិត្ត ដោយកូនតូចស្រែកយំខ្លាំងពេក ណាមួយមានយុវតីរូបស្រស់ម្នាក់ ប្រទះឃើញទាន់ ចូលមកជួយលួងលោម រហូតដល់បុរសរូបនេះ រំសាយចិត្ត បញ្ឈប់គំនិតលោតទឹកវិញ។

ករណីបុរសខូចចិត្ត បីកូនតូចមកលោតទឹកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១១និង២០នាទីយប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី (ស្ពានមិត្តភាពកម្ពុជា-ចិន) ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បុរសដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាកម្មករសំណង់ មានវ័យប្រមាណ២០ឆ្នាំប្លាយ ចំណែកកូនតូចដែលត្រូវបុរសជាឪពុករូបនេះ បីមកលើស្ពានជ្រោយចង្វាជាមួយគ្នា មានអាយុប្រមាណជិត១ខួបប៉ុណ្ណោះ។

តាមសម្តីយុវតីដែលជួយលួងលោមបុរសប៉ុនប៉ងធ្វើអត្តឃាតនោះ បានរៀបរាប់ថា មុនពេលកើតហេតុ នាងទើបនឹងត្រឡប់មកពីដើរលេងនៅម្តុំអូតែលសុខា ជ្រោយចង្វា លុះពេលធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វាថ្មី ស្រាប់ តែប្រទះឃើញបុរសម្នាក់ បីកូនតូចក្នុងដៃ កំពុងឈររេរានៅលើស្ពាន គួរឱ្យសង្ស័យ ទើបមិនអស់ចិត្ត ក៏ត្រឡប់មកវិញមើល ព្រោះខ្លាចបុរសខាងលើគិតខ្លី ក៏ប្រទះឃើញបុរសនោះបានទុកកូនតូចចោលនៅលើស្ពាន ចំណែ កខ្លួនកំពុងឈរតោងបង្កាន់ដៃស្ពាន បម្រុងលោតទឹក ទើបនាងប្រញាប់ស្ទុះចូលមកឃាត់ និងចាប់បីកូនតូច ដែលកំពុងស្រែកយំ លុះឃើញបែបនេះ បុរសជាឪពុកនោះ បាននិយាយមកកាន់នាងថា “ខ្ញុំសុំផ្ញើកូនផង”។

យុវតីខាងលើ បន្តថា ឃើញសភាពបែបនេះ នាងព្យាយាមអង្វរលួងលោមបុរសជាឪពុកនោះ ថាមានរឿងអ្វី គួររកវិធីដោះស្រាយ កុំជ្រើសយកផ្លូវបញ្ចប់ជីវិតមកដាក់មុខបែបនេះ គឹមិនល្អនោះទេ ពិសេសមុននឹងធ្វើអ្វីមួយ គួរអាណិតដល់កូនតូចនេះផង។ លុះក្រោយពីនាង ព្យាយាមលួងលោមអស់មួយសន្ទុះ បុរសខាងលើ សម្រេចចិត្តលែងលោតទឹកសម្លាប់ខ្លួន  និងបានមកអង្គុយទួញយំនៅលើស្ពាន ហើយត្រូវបានអ្នកដំណើរផ្សេងទៀតឆ្លងកាត់ ប្រទះឃើញ ផ្តល់ដំណឹងទៅអ្នកសារព័ត៌មាន និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍តែម្តង។

តាមសម្តីបុរសដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន បានរៀបរាប់ទាំងទឹកភ្នែកថា “ខ្ញុំប្រឹងប្រែងគ្រប់យ៉ាងដើម្បីកូន ម៉ូតូក៏ខ្ញុំបង់រំលស់គេដែរ ដើម្បីកូន ដើម្បីគ្រួសារ ប្រពន្ធខ្ញុំនៅតែទាស់សម្តីគ្នា គាត់អត់ដែលអាណិតកូនខ្ញុំទេ អត់យល់ចិត្តខ្ញុំទេ គាត់និយាយថា ទៅណាទៅៗ ខ្ញុំទៅមែន ហើយ កូនខ្ញុំៗស្រលាញ់ ខ្ញុំយក តែពេលមកលោតទឹក នេះ គឺខ្ញុំអត់លោតចុះជាមួយកូនទេ ខ្ញុំទុកនៅហ្នឹង (លើស្ពាន) ហើយទៅតែឯងទេ តែដល់ខ្ញុំភ្ញាក់មកឃើញកូនខ្ញុំយំ ខ្ញុំក៏បកមកវិញ មកបីកូនវិញ ហើយបម្រុងទៅទាំង២ហើយ តែប្អូនស្រីក៏មកដល់។ វិបត្តិគ្រួសារខ្ញុំមានច្រើន ណាស់ តែខ្ញុំអត់ចង់និយាយទេ កុំឱ្យប៉ះបាល់ដល់គេ (ប្រពន្ធ) តែសម្រាប់ខ្ញុំ គឺខ្ញុំពិបាក ខ្ញុំអាណិត ស្រលាញ់គាត់ តែគាត់អត់មានអាណិតខ្ញុំទេ ខ្ញុំធ្លាប់ឃើញគេលោតច្រើនហើយ តែខ្ញុំមិនធ្លាប់គិតដល់រឿងនេះទេ តែចុង ក្រោយនេះ ខ្ញុំអស់ផ្លូវត្រូវទៅហើយ ក៏សម្រេចចិត្តឡើងមកលើស្ពានជ្រោយចង្វា ដើម្បីលោតទឹកតែម្តង…”។

ក្រោយកើតហេតុ សមត្ថកិច្ចនិងអ្នកសារព័ត៌មាន បានជួយអន្តរាគមន៍ លួងលោមបុរសខាងលើ កុំឱ្យគិតខ្លីបែបនេះតទៅទៀត។ បន្ទាប់មក ក្រោយពីស្ងប់អារម្មណ៍បន្តិច បុរសខាងលើ បានបីកូនតូច ជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES