Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរដ្ឋបាលខេត្តកោះកុង បំភ្លឺរឿងទាហាន ការពារជាតិរាប់ឆ្នាំ ការពារដីខ្លួនឯងអត់បាន 

រដ្ឋបាលខេត្តកោះកុង បំភ្លឺរឿងទាហាន ការពារជាតិរាប់ឆ្នាំ ការពារដីខ្លួនឯងអត់បាន 

ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយជុំវិញវិវាទដីធ្លី ពាក់ព័ន្ធនឹងមន្ត្រីយោធា នៅក្នុងខេត្តកោះកុង ដែលបានលើកឡើងថា “ខំការពារជាតិរាប់ឆ្នាំ ចុងក្រោយសូម្បីតែដីខ្លួនឯងការពារសឹងតែមិនបាន” ដែលករណីនេះ កំពុងបង្កការចាប់អារម្មណ៍ជាខ្លាំងលើបណ្តាញសង្គម។

សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង ជុំវិញករណីរីដេអូរបស់បុគ្គលជាទាហាន ឈ្មោះជា ម៉ៅ បាននិយាយថា មានប្លង់ធ្លាក់ពីលើមេយ គ្របយកដីរបស់ពួកគាត់អស់… និងសូមប្រគល់ដីនេះជូនកងទ័ពវិញ នោះថា «រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០ ២៤ គេហទំព័រហ្វេសប៊ុក រាជសីហ៍ឦសាន RSE-News បានផ្សព្វផ្សាយវីដេអូ ដោយភ្ជាប់នឹងសំណេរថា “ឈឺចាប់ណាស់ហើយ ខំការពារជាតិរាប់ឆ្នាំ ចុងក្រោយសូម្បីតែដីខ្លួនឯងការពារសឹងតែមិនបាន ដំបូងថាដីរដ្ឋ បើរដ្ឋ មែន វាមិនអីទេ តែចុងក្រោយក្លាយជាប្លង់រឹងរបស់អ្នកដទៃទៅវិញ អ្នកណាមិនឈឺចាប់” និងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ មានការផ្សព្វផ្សាយតាមរយៈតិកតុក (TikTok) មានគណនីឈ្មោះ សារិកាមាស និងបណ្តាញសង្គមនានា ដោយភ្ជាប់នឹងសំណេរថា “សូមរាជរដ្ឋាភិបាលមេត្តាយោគយល់ដល់ការស្នើសុំរបស់ពួកគាត់ផង ខ្មែរត្រូវចេះជួយខ្មែរ សូមកុំយកខ្មែរដូចគ្នាជាសត្រូវ ជាតិខ្មែរ លំបាកយូរមកហើយ ទើបទទួលបានសុខសន្តិភាព ដូច្នេះយើងត្រូវរក្សាការពារសុខសន្តិភាព ឱ្យបានល្អបំផុត”។

នៅក្នុងវីដេអូរដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមខាងលើនេះ គឺបុគ្គលជាទាហានម្នាក់ ឈ្មោះជា ម៉ៅ បាននិយាយថា “មានប្លង់ធ្លាក់ពីលើមេឃគ្របយកដីរបស់ពួកគាត់អស់… និងសូមប្រគល់ដីនេះជូនកងទ័ពវិញ”។

ចំពោះករណីនេះ រដ្ឋបាលខេត្តសូមជម្រាបជូនថា ដីដែលបុគ្គលជាទាហាន ឈ្មោះជា ម៉ៅ (តាមការអះអាងរបស់អ្នកស្គាល់) បានលើកឡើងក្នុងវីដេអូនេះ មានទីតាំងស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ រដ្ឋបាលខេត្ត សូមបញ្ជាក់ថា នៅមុនឆ្នាំ២០២១ ដីនេះស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ គ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយនៅពេល ដីនេះស្ថិតនៅក្នុងតំបន់ការពារ និងមិនឱ្យមានការកាន់កាប់ពីប្រជាពលរដ្ឋ ប៉ុន្តែមានក្រុមទាហានដែលមានស្នាក់ការនៅក្បែរដីនេះ បានចូលទៅកាប់ឆ្ការព្រៃ ទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ការពារនេះ។ ក្រោយមក នៅឆ្នាំ២០២១ ទីតាំងដីនេះ ត្រូវបានកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ តាមរយៈអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ បន្ទាប់ពីមានការកាត់ឆ្វៀលដីនេះ និងនៅពេលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុមការងារនៃមន្ត្រីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកោះកុង បានចុះបញ្ជីដីស្នាក់ការរបស់ទាហាន ជាសម្បត្តិរបស់រដ្ឋ គ្រប់គ្រងដោយទាហាន និងដីដែលនៅសល់ ចុះបញ្ជីដីជូនប្រជាពលរដ្ឋដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ នៅដំណាក់កាលបិទផ្សាយទិន្នន័យក្បាលដី មានទាហានមួយក្រុម បានដាក់ពាក្យបណ្តឹងមករដ្ឋបាលខេត្ត ដោយជំទាស់មិនឱ្យចេញប័ណ្ណនៃដីនេះជូនប្រជាពលរដ្ឋ ហើយករណ៍នេះ រដ្ឋបាលខេត្ត បានព្យាយាមដោះស្រាយដោយផ្តល់ដីមួយចំនួនជូនពួកគាត់ (ទាហាន) ប៉ុន្តែពួកគាត់មិនយល់ព្រមទទួលយក និងនៅតែរក្សាចិត្តចង់បានដីនៅត្រង់ទីតាំងនេះ។ ការទាមទារ ការចង់បានដីរបស់អ្នកដទៃបែបនេះ គឺជាការចង់បានទាំងបំពាន និងរំលោភសិទ្ធិអ្នកដទៃ»៕

RELATED ARTICLES