Monday, April 29, 2024
Homeព័ត៌មានជាតិចាក់ដីលុបសមុទ្រកែប សហការីសម រង្ស៊ី ថាក្បែរសាលាខេត្ត ចៅហ្វាយខេត្ត ធ្វើមិនឃើញ?

ចាក់ដីលុបសមុទ្រកែប សហការីសម រង្ស៊ី ថាក្បែរសាលាខេត្ត ចៅហ្វាយខេត្ត ធ្វើមិនឃើញ?

ភ្នំពេញ ៖ អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) លោក អ៊ុំ សំអាន ដែលជាសហការីលោកសម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានលើកឡើងថា អ្នកមានលុយ មានអំណាច ចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅក្បែរសាលាខេត្តកែប បែរជាចៅហ្វាយខេត្ត ធ្វើជាមើលមិនឃើញ ។

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ថា “ចាក់ដីចូលឆ្នេរសមុទ្រ នៅក្បែរសាលាខេត្ត នៅក្រុងកែប ខេត្តកែប។ អ្នកមានលុយ មានអំណាច ចាក់ដីរំលោភចូលឆ្នេរសមុទ្រ ហើយនៅក្បែរសាលាខេត្តទៀត បែរជាចៅហ្វាយខេត្ត ធ្វើជាមើលមិនឃើញ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ថា ការដែលចៅហ្វាយខេត្តកែប មើលមិនឃើញការចាក់ដីលុបសមុទ្រ នៅក្បែរសាលាខេត្ត ដោយសារ ទី១ អាចបានលាភសក្ការៈពីអ្នកចាក់ដី និងទី២ អាចដោយសារអ្នកចាក់ដី មានខ្នងក្រាស់ ឬក៏ជាមន្រ្តីធំ អ្នកមានលុយ ឧកញ៉ា ទើបចៅហ្វាយខេត្ត មិនហ៊ានចាត់ការទៅតាមផ្លូវច្បាប់ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ហ្នឹងហើយចៅហ្វាយខេត្តកែប ហ្នឹងធ្វើជាមើលមិនឃើញ ទោះបីជាគេលុបសមុទ្រ នៅក្បែរសាលាខេត្តក៏ដោយ ។ ខ្ញុំយល់ថា ការដែលមើលមិនឃើញហ្នឹង ទី១ អាចបានលាភសក្ការៈពីអ្នកចាក់ដីហ្នឹង។ ទី២ ដោយសារអ្នកចាក់ដីហ្នឹង អាចដោយសារមានខ្នងក្រាស់ ឬក៏ជាមន្រ្តីធំ ឬក៏អ្នកមានលុយ ឧកញ៉ាអ៊ីចឹង ។ អ៊ីចឹងចៅហ្វាយខេត្ត មិនហ៊ានជាមួយគេទេ អ៊ីចឹងហើយបានជាគាត់មិនចាត់ការទៅតាមផ្លូវច្បាប់ ដើម្បីចាប់ខ្លួនអ្នកដែលលុបសមុទ្រហ្នឹង ហើយនិងឲ្យកាយដីពីការលុបសមុទ្រហ្នឹងចេញមកវិញ  ។ យើងសំណូមពរឲ្យធ្វើម៉េច ចាប់ខ្លួនអ្នកដែលលុបសមុទ្រហ្នឹង យកមកដាក់គុកទៅ ទៅតាមផ្លូវច្បាប់ ព្រោះគាត់បានរំលោភទៅលើឆ្នេរដែលគេបានកំណត់ក្នុងច្បាប់ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋហ្នឹង គឺកាលណាមានការរំលោភបំពាន គឺត្រូវមានទោស ជាប់គុក ត្រូវផាកពិន័យ ហើយបើសិនជាមិនចាប់អ្នកដែលលុបសមុទ្រហ្នឹងដាក់គុកទេ វានឹងធ្វើឲ្យជនល្មើសដទៃទៀត នឹងលុបសមុទ្របន្ថែមទៀត គេមិនខ្លាចញញើតទេ ព្រោះឲ្យតែគេមានលុយ មានអំណាច គឺអាជ្ញាធរមិនហ៊ានចាត់ការទៅតាមផ្លូវច្បាប់ ។ ដូច្នេះកុំចាំដល់ទៅមានបទបញ្ជាពីថ្នាក់លើ បានចាត់ការ ត្រូវចាត់ការទៅតាមផ្លូវច្បាប់ទៅ។ ហើយទី២ ត្រូវឲ្យកាយអាចម៍ដីហ្នឹងចេញមកវិញ កុំឲ្យទុកនៅក្នុងសមុទ្រ ឬគ្រាន់តែឈូសចូលក្នុងសមុទ្រ អត់បានទេ អាហ្នឹងវាប៉ះពាល់ទៅដល់បរិស្ថាន ។ ដូច្នេះយើងឃើញមួយរយៈនេះ រដ្ឋាភិបាលថ្មី របស់លោកហ៊ុន ម៉ាណែត ហ្នឹង មានការលុបទន្លេ លុបសមុទ្រ អាហ្នឹងឃើញអាក្រក់មែនទែន កើតសឹងគ្រប់ទីកន្លែងទាំងអស់ ប៉ុន្តែបែរជាអាជ្ញាធរ បែរជារដ្ឋាភិបាល គ្មានចំណាត់ការអីទៅវិញ ។ អ៊ីចឹងមានន័យថា នេះជាកម្សោយនៃការដឹកនាំរបស់លោកហ៊ុន ម៉ាណែត ដែលធ្វើឲ្យមានការលុបសមុទ្រ លុបស្ទឹង លុបទន្លេហ្នឹង“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “អ្នកដែលលុបទន្លេ លុបសមុទ្រហ្នឹង មិនមែនជាប្រជាពលរដ្ឋធម្មតាទេ ។ បើប្រជាពលរដ្ឋសាមញ្ញធម្មតា គេចោទពីបទល្មើសជាក់ស្ដែង ចាប់ដាក់គុកបាត់ហើយ ។ បើមន្រ្តីបក្សប្រឆាំង ក៏គេចាប់ដាក់គុកដែរ ប៉ុន្តែអ្នកដែលចាក់លុបទន្លេ លុបសមុទ្រហ្នឹង គឺសុទ្ធតែជាឧកញ៉ា ឬក៏អ្នកដែលមានអំណាច ឬអ្នកដែលមានខ្នងក្រាស់ ។ បើអ្នកហ្នឹងធ្វើទៅ អាជ្ញាធរដែនដី មិនហ៊ានចាត់វិធានការទៅតាមផ្លូវច្បាប់នោះទេ ទាល់តែមានបទបញ្ជាពីថ្នាក់លើ បានហ៊ានចាត់ការ ។ អាហ្នឹងយើងឃើញជាក់ស្ដែងអ៊ីចឹង ដូច្នេះអ្នកមានលុយ មានអំណាចហ្នឹង ធ្វើអីស្រេចចិត្ត ទោះបីចាក់លុបទន្លេ លុបសមុទ្រអី ក៏អត់មានទោសពៃរ៍ដែរ ហើយក៏គ្មានអ្នកណា ឬអាជ្ញាធរណាទៅហាមឃាត់ដែរ ។ ដូច្នេះសង្គមកម្ពុជា សព្វថ្ងៃនេះ គឺសង្គមអនាធិបតេយ្យ វាអត់មានច្បាប់ទម្លាប់អី ។ ច្បាប់ហ្នឹង គេសម្រាប់អនុវត្តចំពោះតែអ្នកក្រីក្រតូចតាច ប៉ុន្តែសម្រាប់អ្នកមាន អ្នកធំ គឺអង្គុយលើច្បាប់ ស្ថិតនៅលើច្បាប់ ដោយសារតែអំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយមហ្នឹងហើយ បានមានការលុបបឹង លុបទន្លេ លុបសមុទ្រ អីហ្នឹង អត់មានទោសពៃរ៍អី ហើយអ្នកទាំងអស់ហ្នឹង គឺជាអ្នកមានលុយ មានអំណាច គប់គិតជាមួយអាជ្ញាធរដែនដីហ្នឹងឯង ។ អ៊ីចឹងហើយបានគេចេះតែលុបទន្លេបាន លុបសមុទ្របាន“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សប្រឆាំង ខាងលើនេះ ធ្វើឡើងបន្ទាប់ពីបែកធ្លាយព័ត៌មាននៅដើមខែមីនា ឆ្នាំ២០២៤ នេះថា មានការចាក់ដីរំលោភចូលឆ្នេរសមុទ្រខេត្តកែប នៅក្បែរច្រមុះសាលាខេត្ត តែអាជ្ញាធរ និងសមត្ថកិច្ច មន្រ្តីដែលពាក់ព័ន្ធ មើលមិនឃើញ ។ សកម្មភាពនៃការចាក់ដីរំលោភចូលឆ្នេរសមុទ្រខេត្តកែប នេះ កំពុងតែរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ព្រងើយកន្តើយ គ្មានវិធានការទប់ស្កាត់ ឬក៏បង្រ្កាបនោះទេ គឺបណ្ដែតបណ្ដោយឲ្យបុគ្គលដែលមានលុយ ចាក់ដីលុបឆ្នេរសមុទ្រ ដែលជាសម្បត្តិរបស់ជាតិតាមតែអំពើចិត្ត ។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានបុគ្គលដែលមានឥទ្ធិពល មានលុយកាក់ម្នាក់ បាននិងកំពុងតែធ្វើសកម្មភាពចាក់ដីលុបចូលទៅក្នុងសមុទ្រ ដែលជាចំណីឆ្នេរសមុទ្រអស់ជាច្រើនមែ់ត្រ ដែលស្ថិតនៅត្រង់ចំណុចក្បែសាលាខេត្តកែប ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។ ប្រភព បញ្ជាក់ថា ម្ចាស់ទីតាំងដែលមានលុយ មានឥទ្ធិពលនេះ បានទិញអាចម័ដីលាយជាមួយថ្ម និងបានដឹកយកទៅចាក់បំពេញដីរបស់ខ្លួន ហើយក៏បានចាក់រំលោភចូលទៅក្នុងឆ្នេរសមុទ្រទាំងបំពាន ។ ប៉ុន្តែប្រភពថា អាជ្ញាខេត្តកែប ក៏ដូចជាមន្រ្តីជំនាញ និងអាជ្ញាធរសង្កាត់ ក្រុង មិនមានវិធានការក្នុងការទប់ស្កាត់ឡើយ ។

ប្រភពព័ត៌មាន បានឲ្យដឹងបន្តថា ករណីបុគ្គលដែលមានឥទ្ធិពល ធ្វើសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ ក្បែរសាលាខេត្តកែប នេះ កើតមានជាយូរមកហើយ ប៉ុន្តែមហាជនហាក់មានជាចម្ងល់ថា ហេតុអ្វីសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរខេត្ត មើលមិនឃើញ ឬមួយមានអ្វីបិទបាំងនូវសកម្មភាពដែលខុសច្បាប់ទាំងនេះ បានជាអស់លោក មើលមិនឃើញបែបនេះ?

ជុំវិញករណីចាក់ដីលុបសមុទ្រ នៅមុខសាលាខេត្តកែប ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បំភ្លឺពីលោកណុប សំអុល ចៅសង្កាត់កែប លោកឃុត វុទ្ធី អភិបាលស្ដីទីក្រុងកែប និងអ្នកនាំពាក្យសាលាខេត្តកែប បានទេ កាលពីម្សិលមិញ ។

ទោះបីយ៉ាងណា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ រដ្ឋបាលខេត្តកែប បានចេញសេចក្ដីបំភ្លឺមួយ ច្រានចោលព័ត៌មានដែលផ្សព្វផ្សាយថា មានអ្នកចាក់ដីលុបសមុទ្រ នៅមុខសាលាខេត្តកែប ។

សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តកែប នៅពេលនោះ បានបញ្ជាក់ថា ចំពោះព័ត៌មានដែលផ្សព្វផ្សាយថា មានអ្នកចាក់ដីលុបសមុទ្រ នៅមុខសាលាខេត្តកែប ហើយអាជ្ញាធរខេត្ត អនុញ្ញាតឲ្យមានការចាក់ដីលុបសមុទ្រ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប គឺជាការផ្សព្វផ្សាយព័ត៌មានមិនមានការពិត មានចរិតបង្កការរាំងស្ទះដល់ការអភិវឌ្ឍរបស់ខេត្ត។ រដ្ឋបាលខេត្តកែប សូមធ្វើការបំភ្លឺជូនសាធារណជនជ្រាបថា កន្លងមក រដ្ឋបាលខេត្តកែប បានពិនិត្យឃើញថា ទីតាំងនេះ មិនអាចឲ្យអ្នកទេសចរហែលទឹកកម្សាន្តលេងបានឡើយ ព្រោះមានថ្មដុះរដិបរដុប តាមបណ្តោយឆ្នេរ អាចបង្កឲ្យមានរបួស មិនមានខ្សាច់សម្រាប់លេងកម្សាន្ត និងមានការបង្ហូរទឹកកខ្វក់ ចូលសមុទ្រ ពីសំណាក់អាជីវករដែលកំពុងអាស្រ័យផល នៅលើដីចំណីឆ្នេរសាធារណៈ។ ដូច្នេះរដ្ឋបាលខេត្តកែប បានរៀបចំសិក្សាគម្រោងរៀបខឿនច្រាំងសមុទ្រ ចាក់ដីនិងចាក់ខ្សាច់បំពេញ ពង្រីកឆ្នេរ ដើម្បីរៀបចំតំបន់គោលដៅទេសចរណ៍ថ្មី ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកសម្រាកលម្ហែកម្សាន្ត នៅតាមបណ្តោយឆ្នេរថ្មីនេះ ក្នុងគោលបំណងបម្រើដល់ផលប្រយោជន៍សាធារណៈ ពិសេសរក្សាបានសណ្តាប់ធ្នាប់សាធារណៈ នៅតំបន់នេះ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តកែប នៅពេលនោះ បញ្ជាក់ថា ការរៀបចំគម្រោងនេះ គឺផ្អែកតាមចក្ខុវិស័យផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំ រំកិល របស់រដ្ឋបាលខេត្ត និងស្របតាមសេចក្តីសម្រេច ស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងកែប ខេត្តកែប ចក្ខុវិស័យឆ្នាំ២០៣០ របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ។ ចំពោះការលើកឡើងអំពីការបាត់បង់ផលប្រយោជន៍របស់អាជីវករ ដែលកំពុងអាស្រ័យផលលើដីចំណីឆ្នេរសាធារណៈ នៅតំបន់នេះ រដ្ឋបាលខេត្ត សូមធ្វើការបញ្ជាក់ជូនថា ការអនុវត្តគម្រោងរៀបខឿនពង្រីកច្រាំងសមុទ្រនេះ មិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ ឬធ្វើការបិទការប្រកបអាជីវកម្មប្រចាំថ្ងៃ របស់អាជីវករនៅតំបន់នេះឡើយ ៕ កុលបុត្រ

RELATED ARTICLES