ភ្នំពេញ៖នារីវ័យក្មេងម្នាក់ ជាចុងភៅធ្វើការតាមផ្ទះសុំថៅកែទៅស្រុកកំណើត ឲ្យសង្សារជូនទៅត្រូវសង្សារ បោកយកលុយអស់១៨ម៉ឺនរៀល អត់មានលុយទៅស្រុកកំណើតវិញ បង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី០៣ ខែនៅចំណតរថយន្តផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។
នារីរងគ្រោះមានឈ្មោះ ចាន់ រដ្ឋា ហៅម៉ី អាយុ១៨ឆ្នាំ មុខរបរចុងភៅតាមផ្ទះ នៅបុរីពិភពថ្មី ស្ថិតនៅផ្លូវម៉ុងរិទ្ធីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិជំគ្រៀវ ឃុំជំគ្រៀវ ស្រុកទឹកឈូ ខេត្តកំពត។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបាននិយាយថា ជារៀងរាល់ថ្ងៃនាងធ្វើការនៅផ្ទះឲ្យគេនៅ បុរីពិភពថ្មីបានប្រាក់ខែ១០០ដុល្លារ តែមានបុរសម្នាក់គ្រាន់តែថាឈ្មោះរ័ត្ន ជិះរថយន្តឡិច ស៊ីស៥៧០ បានឲ្យគេមកចែចូវទាក់ទងនាងធ្វើជាសង្សារនិងមានគម្រោងចូលស្តីដណ្តឹងធ្វើជាប្រពន្ធទៀតផងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទីនាងបានសុំម្ចាស់ផ្ទះថា ទៅលេងស្រុកកំណើត មានលុយនៅជាប់ខ្លួនចំនួន១៨ម៉ឺនរៀល ហើយបុរសដែលជាសង្សារនោះបានឲ្យទៅចាំនៅម្តុំផ្សារថ្មី បន្ទាប់មកស្រាប់តែឃើញលេខទូរស័ព្ទរបស់សង្សារតែអ្នកផ្សេងជាអ្នកនិយាយប្រាប់អោយនាងវេរលុយតាមវីងចំនួន១៨ម៉ឺនរៀល យកទៅជួសជុលរថយន្តណាមួយរថយន្តបែកកង់ផង ។
ប្រភពដដែលបានបន្តទៀតថា ខណៈពេលដែលរង់ចាំសង្សារជាង២ម៉ោងហើយនៅតែមិន ឃើញគេមកយកសោះពេលដែលនាងទូរស័ព្ទទៅសួរសង្សារប្រាប់ថា គាត់មិនបានទៅទេព្រោះជាប់រវល់ហើយនាងសួររឿងលុយ សង្សាររបស់នាងនិយាយថា មិនដឹងរឿងទេ ព្រោះគាត់មិនទាន់ចេញទៅណាផង ធ្វើឲ្យនាងអស់សង្ឃឹមយ៉ាងខ្លាំងដោយសារនាងអត់មានលុយមួយរៀលនៅជាប់នឹងខ្លួនផង ។
បន្ទាប់ពីនារីខាងលើអស់លុយពីខ្លួនរលីង មិនអាចទៅស្រុកកំណើតវិញបាន ក៏អង្គុយសំកុកជាមួយអ្នករត់ម៉ូតូឌុបក៏បានដឹកនាងទៅដាក់រង្វង់មូលចោមចៅ ក៏មិនដឹងទៅសំរាកនៅទីណារហូតដល់វេលាម៉ោង៩យប់ថ្ងៃដដែល ក៏ត្រូវនគរបាលប៉ុស្តិ៍ចោមចៅដឹកយកទៅសួរនាំនៅប៉ុស្តិ៍ រួចហើយឲ្យស្នាក់នៅក្នុង ប៉ុស្តិ៍បន្តិចនៅវេលាទៀបភ្លឺ ទើបនគរបានដឹកទៅផ្ទះថៅកែចាស់ ឲ្យទៅធ្វើការវិញ ព្រោះម្តាយមិនទាន់ឲ្យទៅស្រុកកំណើតវិញទេ អត់មានប្រាក់កាក់នៅធ្វើការបន្តទៀតសិន ៕ ថោងធីម