Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជល់មាន់ក្នុងចម្ការចន្ទី ប៉ូលិសចុះចាប់

ជល់មាន់ក្នុងចម្ការចន្ទី ប៉ូលិសចុះចាប់

ខេត្តរតនគិរី ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ជាច្រើននាក់ បាននាំគ្នារត់បាតជើងសព្រាតពេញចម្ការស្វាយចន្ទី ខណៈអាជ្ញាធរស្រុកអូរជុំ ឆ្មក់ចុះបង្ក្រាប ជាលទ្ធផល សមត្ថកិច្ចដកហូតបានត្រឹមវត្ថុតាងមួយចំនួនប៉ុណ្ណោះ ខណៈក្រុមអ្នកញៀនល្បែង បានរត់ចែកជើងគ្នាអស់។

ប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់នេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិគោក ឃុំល្អក់ ស្រុកអូរជុំ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ទៅលោកអភិបាលស្រុក ថាមានគេលេងល្បែងជល់មាន់ នៅទីតាំងខាងលើភ្លាមនោះ លោកគៀង តុលា អភិបាលស្រុកអូរជុំ និងលោកអភិបាលរងស្រុក បានដឹកនាំកម្លាំងអធិការនគរ បាលស្រុកចុះទៅទីតាំងលេងល្បែងជល់មាន់ ពេលទៅដល់ទីតាំងល្បែងជល់មាន់ ស្រាប់តែក្រុមអ្នកញៀនល្បែងទាំងនោះ បានដឹងខ្លួនមុន នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ម្ចាស់ទីតាំងលេងល្បែងជល់មាន់ បានរៀបចំអ្នកយាមមើលផ្លូវបានយ៉ាងល្អ ដោយមិនឱ្យមនុស្សចម្លែកណាចូលទៅខាងក្នុងបានឡើយ ហើយផ្លូវចូលទៅទីតាំងជល់មាន់នោះ មានផ្លូវខ្វែងខ្វាត់ច្រើន ពង្វាងដានអ្នកទៅរកល្បែងជល់មាន់នោះ មិនឱ្យឃើញ ទាល់តែអ្នកលេងល្បែងជល់មាន់ ទើបពួកគេបានដឹង ងាយស្រួលពួកគេនិងនាំគ្នារត់បានឆាប់រហ័ស និងទាន់ពេលវេលាទៀតផង។

ជុំវិញប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃើញបង្គោលសម្រាប់ដាក់ព័ន្ធស័ង្កសី ស្កុតរុំខ្នាយមាន់ សំបកកំប៉ុងទឹកសុទ្ធ នៅពេញក្រោមដើមចន្ទី។

ករណីនេះ លោកអភិបាលស្រុក បានឱ្យលោកអធិការ តាមដានមើលអំពីសកម្មភាពក្រុមអ្នកញៀនល្បែងជល់មាន់ បើនៅតែលេងបន្តទៀត ត្រូវបង្ក្រាបឱ្យខាងតែបាន៕

RELATED ARTICLES