Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបខារ៉ាអូខេចិន ជួញជក់ថ្នាំញៀន វ៉ៃខ្នោះ៨៧នាក់

បង្ក្រាបខារ៉ាអូខេចិន ជួញជក់ថ្នាំញៀន វ៉ៃខ្នោះ៨៧នាក់

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង ដែលពាក់ព័ន្ធជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនមនុស្សចំនួន ៨៧នាក់ (ស្រី៤៣នាក់) ព្រមទាំងដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេនេះ បានធ្វើឡើងកាលវេលាម៉ោង ១និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចខារ៉ាអូខេ «ជីនឌានហ្ស៊ីយី»ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» នេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្រប សម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ផងដែរ។

យោងតាមរបាយការណ៍ របស់ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផែនសន្តិសុខផ្ទៃក្នុង នៅវេលាម៉ោង ១និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានឆ្មក់ចូល បង្ក្រាបទីតាំងខារ៉ាអូខេ ជីនឌានហ្ស៊ីយី ម៉ៃទូ (KTV &BAR) ១ទីតាំង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ពាក់ព័ន្ធជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនមនុស្សចំនួន ៨៧នាក់ (ស្រី៤៣នាក់)។

វត្ថុតាងចាប់យក រួមមាន ៖ ម្សៅសថ្លាសង្ស័យសារធាតុញៀន ១១កញ្ចប់ ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន ៧ដប។ ដុំក្រាមពណ៌ស សង្ស័យសារធាតុញៀន ២កញ្ចប់។ ថ្នាំគ្រាប់សញ្ញា WY សង្ស័យសារធាតុញៀន ១គ្រាប់។ សារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀន ៣៥ដប។ ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ និងពណ៌លឿង សង្ស័យសារធាតុញៀន ៥ចំណិត។ កញ្ចប់ចម្រុះពណ៌ សង្ស័យសារធាតុញៀន ១០កញ្ចប់។ រុក្ខជាតិញៀន (កញ្ឆាក្រៀម) ២កញ្ចប់។ ឧស្ម័នណាយទ្រីអុកសៃ (Nitrous oxide) បញ្ចូលក្នុងប៉េងប៉ោង ៣បំពង់ ឧបករណ៍កែច្នៃគ្រឿង ញៀនមួយចំនួន។ ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ៦ដប។ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ៦គ្រឿង។ សារធាតុផ្សំ (មិនច្បាស់) មួយចំនួន។ សម្ភារៈសម្រាប់វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀន មួយចំនួន។ ជ្រញ់សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។ លិខិតឆ្លងដែន ចំនួន៥ក្បាល និងកាតរឹង មួយចំនួន។

ជនសង្ស័យទាំង៨៧នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅសាកសួរ និងស្រាវជ្រាវបន្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES