Monday, April 29, 2024
Homeសង្គម និងជីវិតបើកឡានបុករបាំងថ្ម បាក់២កង់ ដាច់កង់១

បើកឡានបុករបាំងថ្ម បាក់២កង់ ដាច់កង់១

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តម៉ាក Ford Ranger ១គ្រឿង ក្នុងល្បឿនលឿន រួចរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួន២កង់ ចំណែករថយន្តខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្បែរស្តុបបូកគោ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹង កេងកងទី១ ខណ្ឌបឹងកេងកង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-0985 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិស ដៅពីកើត មកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឱ្យរបាំងថ្ម បាក់ចំនួន២កង់ ចំណែករថយន្តបង្កហេតុ ដាច់កង់មុខខាងស្តាំ ខូចខាតស្ទើរទាំងស្រុង តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស ហើយពេលនោះ ម្ចាស់រថយន្តបង្កហេតុ ក៏បានបើកទ្វារចុះគេចចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌបឹងកេងកង បានចុះមកពិនិត្យ រួចទាក់ទងទៅជំនាញចរាចរណ៍ ឱ្យចុះមកវាស់វែង ស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យម្ចាស់រថយន្ត ចូលខ្លួនមកធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES