Sunday, November 17, 2024
Homeព័ត៌មានសិល្បៈម៉ៅ ហាជី លុបចោល សុំទោស ចម្រៀងលួចទំនុកភ្លេងព្រះរាជនិពន្ធ

ម៉ៅ ហាជី លុបចោល សុំទោស ចម្រៀងលួចទំនុកភ្លេងព្រះរាជនិពន្ធ

ភ្នំពេញ ៖ តារាចម្រៀង ម៉ៅ ហាជី បន្ទាប់ពីបានរងការរិះគន់ស្ពឹកមុខ បន្ទាប់ពីចេញចម្រៀងមួយបទ ដែលមានចំណងជើង “Team ទឹកត្នោតជូរ” ដោយយកទំនុកភ្លេងបទចម្រៀង «ដែនដីខ្មែរប្រែថាសុវណ្ណភូមិ» ដែលជាព្រះរាជនិពន្ធរបស់សម្តេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ក្នុងបទចម្រៀងថ្មីរបស់ខ្លួន ដែលមានអត្ថន័យផ្តោតលើការសេពគ្រឿងស្រវឹង (ទឹកត្នោតជូរ) ទៅវិញនោះមក បានចេញមុខប្រកាសលុបចោលនូវវីដេអូចម្រៀងរបស់ខ្លួន ព្រមទាំងសុំទោសមហាជនភ្លាមៗផងដែរ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ តារាចម្រៀងប្រចាំផលិតកម្មថោន លោកម៉ៅ ហាជី បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ១បទ ដែលមានចំណងជើងថា “Team ទឹកត្នោតជូរ” ដែលមានលាយទំនុកភ្លេងបទ «ដែនដីខ្មែរ» ដែលជាព្រះរាជនិពន្ធរបស់សម្តេចសង្ឃរាជ ជួន ណាត ភ្លាមៗនោះស្រាប់តែមហាជន បានផ្ទុះប្រតិកម្ម រិះគន់យ៉ាងខ្លាំង ដោយ លើកឡើងថាតារាចម្រៀង ម៉ៅ ហាជី មិនគួរយកបទភ្លេងព្រះរាជនិពន្ធតំ ណាងអត្តសញ្ញាណជាតិ មកបញ្ចូលក្នុងបទចម្រៀងបែបលេងសើច ក្នុងន័យជំរុញលើកទឹកចិត្តការសេពគ្រឿងស្រវឹងបែបនេះឡើយ។

ជាក់ស្តែង ក្នុងចំណោមអ្នកប្រតិកម្មរិះគន់ទាំងនោះ លោកអាចារ្យធំ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ថា “ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសង្ឃរាជ ជួន ណាត “ដែនដីខ្មែរប្រែថា សុវណ្ណភូមិ…” មិនមែនដែនដីខ្មែរប្រែថាគ្រឿងស្រវឹងប្រមឹកទេ បទជាតិមួយទាំងមូល ដែលត្រូវតម្កល់ដោយការគោរព និងបណ្តុះគំនិតជាតិនិយម បែរជាថ្លើមធំ ហ៊ានប្រមាថ។ តើក្នុងក្បាលរបស់អ្នកនិពន្ធ និងអ្នកច្រៀង មានខួរដែរឬទេ? តើពួកនេះជាខ្មែរ ឬទេ? ហេតុអ្វីវង្វេង? សូមគោរពរាយការណ៍ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ…”។

ក្រោយផ្ទុះការរិះគន់ពីមហាជន ភ្លាមៗនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ទៅតារាចម្រៀង ម៉ៅ ហាជី ឲ្យលុបបទចម្រៀងដែលយកទំនុកភ្លេងព្រះរាជនិពន្ធដោយសម្តេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix នាំឲ្យខូចទម្រង់ដើម និងត្រូវសុំទោសជាសាធារណៈ ហើយក្រសួង ក៏នឹងធ្វើលិខិតព្រមានផងដែរ។

លោកប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ថា “យើងបានឱ្យគាត់ដកបទចម្រៀងចេញ និងឱ្យសុំទោសជាសាធារណៈ ហើយយើងក៏នឹងធ្វើលិខិតព្រមានផងដែរ”។

ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានចេញសេចក្ដីព្រមានផលិតកម្មថោន ចំពោះការផលិតចម្រៀងបទ «Team  ទឹកត្នោតជូរ» ដែលរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលផងដែរ។

លិខិតព្រមានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លេខ ០៧ ស.ជ.ណ ចុះថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ជម្រាបមក លោកស្រី ជូប មាន អគ្គនា យិកាផលិតកម្មថោន អេនធើរធេនមេន មានខ្លឹមសារថា “ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមធ្វើការព្រមានផលិតកម្មថោន អេនធើរធេនមេន ចំពោះការផលិតបទចម្រៀងក្រោមចំណងជើងថា «Team ទឹកត្នោតជូរ» ច្រៀងដោយលោកម៉ៅ ហាជី និពន្ធទំនុកច្រៀងដោយលោក ថុន ស៊ីថែន និងនិពន្ធបទភ្លេងដោយលោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយលើប្រព័ន្ធ YouTube នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ។

 ការផលិតបទចម្រៀងខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ (សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ) និងជាការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និងប្រជាជន ទៅបំភ្លៃ ដោយពុំមានខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម ។

 ផលិតកម្មថោន អេនធើធេនមេន ត្រូវលុបចោលជាបន្ទាន់ នូវការបង្ហោះផ្សព្វផ្សាយបទចម្រៀងខាងលើនេះ តាមគ្រប់មធ្យោបាយ និងត្រូវបញ្ឈប់នូវរាល់ការផលិតផបទចម្រៀងដែលរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល ព្រមទាំងត្រូវធ្វើលិខិតសុំទោសសាធារណជន ចំពោះកំហុសដែលបានកើតឡើងខាងលើនេះ ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏សូមអំពាវនាវដល់គ្រប់ផលិតកម្ម សូមគោរពឲ្យបានម៉ឺងម៉ាត់នូវច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងរួមគ្នាលើកតម្លៃសីលធម៌សង្គម និងកិត្តិយសរបស់ជាតិ» ។បន្ទាប់ពីរងការរិះគន់យ៉ាងផុលផុសពីសំណាក់មហាជនរួចមក តារាចម្រៀង ម៉ៅ ហាជី បានបញ្ចេញវីដេអូមួយ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ សំពះសុំទោសដល់មហាជនខ្មែរ ចំពោះកំហុសឆ្គងរបស់ខ្លួន ដោយបានបញ្ជាក់ថា បទចម្រៀងនោះ ខ្លួនបានលុបចោលហើយ។

ក្នុងវីដេអូនោះ តារាចម្រៀង ម៉ៅ ហាជី បានបង្ហាញមុខជាមួយអ្នកនិពន្ធម្នាក់ បាននិយាយថា “ជម្រាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះពួកខ្ញុំទាំង២នាក់ សូមចេញវីដេអូ មកសំពះសុំទោសពុកម៉ែ បងប្អូនទាំងអស់គ្នា ដែលខ្ញុំបាទទើបតែចេញបទចម្រៀងមួយបទ ដែលមាន ចំណងជើងថា “Team ទឹកត្នោតជូរ” ហើយបទហ្នឹងបែបសប្បាយៗស្រុកស្រែ ប៉ុន្តែវាធ្លាក់ចូលបន្តិច ដែលមាន Melody សម្តេចសង្ឃរាជ ជួន ណាត ។ បទហ្នឹង តាមពិតយើងទាំងអស់គ្នាធ្លាប់ច្រៀងហើយ កាលពីនៅក្មេង តាមសាលា តាមបឋមសិក្សាអី យើងធ្លាប់ច្រៀង គ្រូតែងតែបង្រៀនយើង ប៉ុន្តែដល់ពេលធំទៅ ខានច្រៀងបទហ្នឹងយូរ យើងក៏រាងចង់ភ្លេច Melody ហើយដល់ពេលដែលធ្វើទៅ វាចូល Melody បទសម្តេចសង្ឃរាជ ហ្នឹង អត់ដឹងទេ ពុកម៉ែ បងប្អូន អត់ដឹងថាចូលបទហ្នឹងទេ ស្រាប់តែនៅពេលបង្ហោះបទហ្នឹងទៅ បងប្អូនខមិនច្រើនថា យើងហេតុអីបានយកបទសម្តេចសង្ឃរាជ បទភ្លេងជាតិ យកមកធ្វើបទចម្រៀងអ៊ីចឹង? វាជាកំហុសដោយអចេតនា បងប្អូនទាំងអស់គ្នា សង្ឃឹមថា ពុកម៉ែ បងប្អូន ទាំងអស់គ្នា នឹងអធ្យាស្រ័យដល់ពួកខ្ញុំទាំង២នាក់ ហើយពួកខ្ញុំទាំង២នាក់ សន្យាថា មិនធ្វើឱ្យមានការប៉ះពាល់ដល់ភ្លេងជាតិ ឬក៏បទណាមួយ ជាបទប្រពៃណីជាតិខ្មែរយើងទេ»។

ម៉ៅ ហាជី បន្តថា «ហើយបទនេះដែរ បើនិយាយទៅ សម្រាប់ផលិតកម្មថោន គឺគាត់អត់ដឹងទេ អ៊ីចឹងសូមពុកម៉ែ បងប្អូនទាំងអស់គ្នា កុំបន្ទោសផលិតកម្មថោន អី ព្រោះគាត់យកពីខ្ញុំទៅ គាត់បង្ហោះតាមខ្ញុំទេ អ៊ីចឹងពុកម៉ែ បងប្អូនទាំងអស់គ្នា បើថាចង់ជេរ ចង់ថាអី ខ្ញុំទទួលយក ខ្ញុំពិតជាមានអារម្មណ៍ថាសោកស្តាយ និងបន្ទោសខ្លួនឯងមែនទែន ដែលសាងកំហុស១នេះ អ៊ីចឹងសង្ឃឹមថា ពុកម៉ែ បងប្អូនទាំងអស់គ្នា នឹងទទួលយកការសុំទោសពីខ្ញុំ និងលើកលែងទោសដល់ប្អូនប្រុស ថន ផានិត ផង ហើយពួកខ្ញុំទាំង២នាក់ នឹងមានបទចម្រៀងច្រើនទៀត សម្រាប់ចូលឆ្នាំខ្មែរ ដែរ ប៉ុន្តែអត់មានពាក់ព័ន្ធជាមួយភ្លេងជាតិហ្នឹងទៀតទេ។ អ៊ីចឹងសង្ឃឹមថា ពុកម៉ែ បងប្អូនទាំងអស់គ្នា នឹងអធ្យាស្រ័យ និងផ្តល់នូវឱកាសថ្មីមួយទៀត ជូនដល់ពួកខ្ញុំទាំងអស់គ្នា សង្ឃឹមថាពួកយើងខ្ញុំទាំង២នាក់ ចេញនូវបទក្រោយៗទៀត នឹងផ្តល់នូវអ្វីដែលសប្បាយៗ និងល្អចែកជូនដល់ ពុកម៉ែ បងប្អូន និងមានអត្ថន័យអប់រំផងដែរ។ អ៊ីចឹងនៅថ្ងៃនេះ មានតែប៉ុណ្ណឹងទេ ដើម្បីសុំទោសពុកម៉ែ បងប្អូនទាំងអស់គ្នា សូមមេត្តាអធ្យាស្រ័យ។ អ៊ីចឹងអរគុណច្រើន ជម្រាបលាពុកម៉ែ បងប្អូនទាំងអស់គ្នា…”។

សូមបញ្ជាក់ថា បទចម្រៀង «ដែនដីខ្មែរ» ជាចម្រៀងជាតិ ព្រះរាជនិពន្ធដោយសម្តេចព្រះមមហាសង្ឃរាជ ជួន ណាត អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ដែលជនរួមជាតិខ្មែរ គោរពលើកតម្កើង និងចងចាំគ្រប់គ្នា ទាំងក្មេង ទាំងចាស់។

បទចម្រៀង «ដែនដីខ្មែរ» មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

១-ដែនដីខ្មែរ ប្រែថាសុវណ្ណភូមិ ខ្មែរគ្រប់ភូមិ រមណីយស្ថាន ជាដរាបតមកតាំងពីបុរាណ ខ្មែរគ្រប់ប្រាណស្វាគមន៍សាមគ្គី។

២-ថ្ងៃមួយមានសត្រូវប្រទូសរ៉ាយ ខ្មែរគ្រប់កាយសុខចិត្តប្តូរជីវី សឹកសង្គ្រាមឈាមស្រក់លើប្រថពី  ឱ! ព្រះភូមិរិទ្ធីវង្សគង្គា។

៣-កម្ពុជាឯករាជ្យបានឃ្លាតពីទុក្ខ ខ្មែរបានសុខទាំងអស់គ្រប់អាត្មា សូមទេព្តាឲ្យពរសព្ទសាធុការ ព្រះមហាក្សត្រយើងគ្រប់គ្រងផែនដី៕

RELATED ARTICLES