Wednesday, March 19, 2025
Homeព័ត៌មានជាតិលោកជា សុផារ៉ា ប្រកាសដោះ​ស្រាយ​ទំនាស់ដី​ឧកញ៉ាស៊ុយ សុផាន ជាមួយ​ពលរដ្ឋ ៥៥៤គ្រួសារ

លោកជា សុផារ៉ា ប្រកាសដោះ​ស្រាយ​ទំនាស់ដី​ឧកញ៉ាស៊ុយ សុផាន ជាមួយ​ពលរដ្ឋ ៥៥៤គ្រួសារ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានប្រកាសថា ក្រសួងរៀបចំដែនដី នឹងធ្វើការដោះស្រាយលើករណីទំនាស់ដីធ្លី រវាង លោកស្រីឧកញ៉ា ស៊ុយ សុផាន ជាមួយពលរដ្ឋ ៥៥៤គ្រួសារ ដែលមានទីតាំង ស្ថិតនៅក្នុងខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកពញាឮ ខេត្តកណ្តាល។

យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោកជា សុផារ៉ា បានបញ្ជាក់ឱ្យដឹង កាលពី ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ថា “ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹង ធ្វើការដោះស្រាយលើករណីវិវាទដីធ្លី ស្ថិតនៅ ក្នុង​​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុក ពញាឮ ខេត្តកណ្តាល រវាងលោកស្រីស៊ុយ សុផាន និងប្រជាពលរដ្ឋ៥៥៤គ្រួសារ។

សូមអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋពាក់ព័ន្ធ ចូលរួមសហការក្នុងកិច្ចការនេះ”។

យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តី ការគណៈរដ្ឋមន្ត្រី លេខ ១០៥ ស.ជ.ណ ឧស ចុះហត្ថលេខាដោយលោកបណ្ឌិតហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី កាលពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ មានខ្លឹមសារ ទាំងស្រុងដូចខាងក្រោម ៖

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី

ជម្រាបជូន

ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

កម្មវត្ថុ ៖ ករណីរបាយការណ៍ស្តីពី ករណី វិវាទដីធ្លីពាក់ព័ន្ធនឹងលោកស្រីស៊ុយ សុផាន។

យោង ៖ -លិខិតលេខ១៩៨ ដ.ន.ស ចុះ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់

-ចំណារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោង ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូន ឯឧត្តមជ្រាបថា រាជរដ្ឋាភិបាលបានយល់ព្រម ដូចខាងក្រោម ៖

១.តម្រូវឱ្យលោកស្រីស៊ុយុ សុផាន ចូល រួមដោះស្រាយជាមួយប្រជាពលរដ្ឋនិងជាមួយ អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ដោយសុឆន្ទៈ បញ្ចប់វិវាទ និងស្មារតីទទួលខុសត្រូវ។

២.រដ្ឋបាលសុរិយោដី ផ្អាកការចុះបញ្ជី ឬ ធ្វើការផ្ទេរដីដែលមិនទាន់ដោះស្រាយ ចៀសវាង ធ្វើឱ្យវិវាទកាន់តែរីករាលដាលតទៅទៀត។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម មេត្តាជ្រាប និងចាត់ចែងអនុវត្ត តាមការគួរ។

យោងតាមរបាយការណ៍របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ប្រជា- ពលរដ្ឋដែលមានវិវាទដីធ្លីជាមួយនឹងលោកស្រី ស៊ុយ សុផាន រួមមាន ៖

ក)ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជ- ធានីភ្នំពេញ

១-ឈ្មោះរស់ ប៊ុនហេង តំណាងប្រជា- ពលរដ្ឋ៥៥គ្រួសារ រស់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ សុំជួយអន្តរាគមន៍ ករណីក្រុម- ហ៊ុន ផាន អ៊ីម៉ិច រំលោភកាត់ផ្តាច់ផ្លូវសាធារណៈ ដែលតភ្ជាប់ពីផ្លូវលេខ៣៦៩ ទៅផ្លូវជាតិលេខ ១ កាត់ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី និងភូមិ ស្វាយតាអុក សង្កាត់វាលស្បូវ និងចាក់ដីរំលោភ យកដីបឹងធម្មជាតិ ធ្វើជាកម្មសិទ្ធិឯកជនរបស់ ក្រុមហ៊ុន។

២-ឈ្មោះគ្រួច ព្រុំ និងសុខ អាត តំណាង ប្រជាពលរដ្ឋ៤៨គ្រួសារ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី សុំជួយអន្តរាគមន៍ ករណីក្រុមហ៊ុន ផាន អ៊ីម៉ិច រំលោភយកផ្លូវសាធារណៈ ដែល តភ្ជាប់ពីផ្លូវលេខ៣៦៩ ទៅផ្លូវជាតិលេខ១ កាត់ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី និងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ធ្វើជាកម្មសិទ្ធិឯកជនរបស់ ក្រុមហ៊ុន។

៣-ឈ្មោះឈឺន ផល្លា តំណាងប្រជាពលរដ្ឋ ២៤គ្រួសារ រស់នៅភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា សុំជួយអន្តរាគមន៍ករណីក្រុមហ៊ុន ផាន អ៊ីម៉ិច រំលោភយកផ្លូវសាធារណៈ ដែល តភ្ជាប់ពីផ្លូវលេខ៣៦៩ ទៅផ្លូវជាតិលេខ១ កាត់ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី និងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ធ្វើជាកម្មសិទ្ធិឯកជនរបស់ ក្រុមហ៊ុន។

៤-ឈ្មោះត្រឹង ហួរ, អ៊ុង ឆាន, ហោ ស៊ីថា និងហែម សាធ តំណាងប្រជាពលរដ្ឋ ១៥គ្រួសារ រស់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ សុំ ជួយរកយុត្តិធម៌ដល់ពួកគាត់ ករណីក្រុមហ៊ុន ផាន អ៊ីម៉ិច បានប្រើគ្រឿងចក្រ និងរុញដីចូល មកហួសពាក់កណ្តាលអូរ និងបានឈូសបំផ្លាញ បង្គោលរបងបេតុងចំនួន២ដើម ដែលបានបោះ កណ្តាលអូរសម្រាប់សម្គាល់ព្រំដី រវាងភូមិព្រែក ជាងព្រំ និងភូមិស្វាយតាអុក ដែលបានដាំតាំង ពីឆ្នាំ២០០៨ មក។

៥-ឈ្មោះឈឺន ផល្លា, មុជ មុំ, ចាន់ សាក់, តាយ ប៊ុនហួរ, រិន, ឡុង យ៉ី, បូ រិន, ម៉ែន លីណែត, ឈឿម ចន្ទ្រា, លាស់ រី, សុខ សាវុធ និងហង់ អូន តំណាងប្រជាពលរដ្ឋ ៧០គ្រួសារ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី សុំជួយ អន្តរាគមន៍ដោះស្រាយទំនាស់ដីរបស់ពួកគាត់ ជាមួយលោកស្រីស៊ុយ សុផាន ដែលបានឃុប- ឃិតគ្នាជាប្រព័ន្ធលួចធ្វើប័ណ្ណកម្មសិទ្ធិមិនប្រក្រតី ចំនួន៣១ប័ណ្ណ លើផ្ទៃដីរបស់ប្រជាពលរដ្ឋ ចំនួន ៤៥,៥ហិកតារ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី។

៦-ឈ្មោះកែម មង្គល សុំអន្តរាគមន៍ទៅ លោកស្រីស៊ុយ សុផាន ឱ្យផ្ទេរដីឱ្យគាត់ឱ្យបាន ឆាប់ និងសូមកុំប៉ះពាល់ដល់ដីអ្នកជាប់ព្រំជា- មួយគ្នា ស្ថិតក្នុងភូមិស្វាយតាអុក១ សង្កាត់ វាលស្បូវ។

៧-ឈ្មោះអ៊ុក វ៉ារ៉ា វេជ្ជបណ្ឌិតចូលនិវត្តន៍ រស់នៅផ្ទះលេខ២៣៦៤ ការអ៊ែរ ផ្លូវលេខ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សុំកិច្ចអន្តរាគមន៍ ដើម្បីបញ្ឈប់ការរំលោភបំពាន ដីរបស់គាត់ ពីសំណាក់លោកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុនផាន អ៊ីម៉ិច និងកំណត់ព្រំប្រទល់ ច្បាស់លាស់ តាមគតិយុត្តិ ដែលមានទីតាំងនៅ ចំណុចទួលតាភឿន និងកោះចំការរៀម ភូមិ ស្វាយតាអុក សង្កាត់វាលស្បូវ។

៨-ឈ្មោះត្រឹង ហួរ មានលំនៅផ្ទះលេខ ៤៣១ ផ្លូវលំ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ សុំប្តឹងក្រុមហ៊ុន ផាន អ៊ីម៉ិច ពីបទរំលោភបំពាន ដីធ្លីរបស់គាត់ស្ថិតក្នុងសង្កាត់ព្រែកឯង។

៩-ឈ្មោះជា ចំរើន, យស សោភ័ណ្ឌ និង ទិត ជឿន តំណាងប្រជាពលរដ្ឋចំនួន៦៥គ្រួសារ រស់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ សុំជួយ អន្តរាគមន៍ករណីលោកស្រីស៊ុយ សុផាន រំលោភ ដីរបស់គាត់ ទំហំ១៦ហិកតារ ជាដីក្រុមសាមគ្គី ស្ថិតនៅចំណុចទួលតាសិន ទួលល្បប់ ក្នុងភូមិ វាលស្បូវ សង្កាត់វាលស្បូវ។

១០-ឈ្មោះពៅ វណ្ណា រស់នៅផ្ទះលេខ 32E0 ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ តំណាងឱ្យឈ្មោះហេង ពៅ និងឈ្មោះងិន សុធាវី សុំជួយអន្តរាគមន៍ ដើម្បីបញ្ឈប់ការសាងសង់ សំណង់រឹងមាំទាំងបំពានលើដីរបស់ឪពុកគាត់ ស្ថិតក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ពី លោកស្រីស៊ុយ សុផាន។

១១-ឈ្មោះអ៊ឹង សុទ្ធី រស់នៅផ្ទះលេខ 151E0 ផ្លូវ៦៣ ភូមិ៨ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ ជាតំណាងប្រជាពលរដ្ឋ៨គ្រួសារ រស់នៅ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា សុំបញ្ជូនមន្ត្រី ជំនាញចុះវាស់វែង ដើម្បីផ្ទៀងផ្ទាត់ និងកំណត់ ព្រំដីរបស់គាត់ ជាមួយលោកស្រីស៊ុយ សុផាន ទំហំ២០០ម៉ែត្រ គុណនឹង២០០ម៉ែត្រ ស្ថិតនៅ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា និងស្នើសុំទប់ ស្កាត់ជាបណ្តោះអាសន្នរាល់ការទិញ-លក់ ធ្វើ ប័ណ្ណកម្មសិទ្ធិរបស់លោកស្រីស៊ុយ សុផាន រហូត ដល់មានការវាស់វែងពីមន្ត្រីជំនាញ ដើម្បីឯក- ភាពព្រំដីជាមុនសិន។

១២-ឈ្មោះលឹម វណ្ណា មានលំនៅផ្ទះលេខ 30E0 ផ្លូវលេខ១១១ សង្កាត់អូរប្ញស្សីទី១ ខណ្ឌ ៧មករា រាជធានីភ្នំពេញ សុំជួយផ្តល់យុត្តិធម៌ ដល់រូបគាត់ ឱ្យលោកស្រីស៊ុយ សុផាន ប្រគល់ ដីរបស់គាត់មកឱ្យគាត់គ្រប់ចំនួនវិញ ដែលមាន ទីតាំងស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ដោយយោងតាមលិខិតលេខ ៤៣៩ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីជម្រាបជូនរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អំពីករណី លិខិតលេខ ២២/ ១៦ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ របស់ ឧកញ៉ាស៊ុយ សុផាន គោរពស្នើសុំសម្តេចតេជោ នាយករដ្ឋមន្ត្រីទទួលស្គាល់សិទ្ធិគ្រប់គ្រងដីរបស់ គាត់ ដូចកំណត់ក្នុងលិខិតលេខ ១៩៩ ស.ជ.ណ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ និងជួយអន្តរាគមន៍ទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ឱ្យអនុវត្ត សាលដីកាលេខ១៥៧ “ខ” ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៥ របស់តុលាការកំពូល ឱ្យបានត្រឹមត្រូវដោយយកកំណត់ហេតុអង្កេត វាស់វែងដី នៃប័ណ្ណកម្មសិទ្ធិទាំង០៣របស់ឈ្មោះ លឹម វណ្ណា ជាគោល។

១៣-ឈ្មោះលឹម វណ្ណា អាយុ៦០ឆ្នាំ រស់នៅផ្ទះលេខ៤ ផ្លូវលេខ៥៦៤ ក្រុម៤៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក សុំជួយដោះស្រាយករណីក្រុមហ៊ុន ផាន អ៊ីម៉ិច យកគ្រឿង ចក្រឈូសឆាយជីកអាចម៍ នៅលើដីទំហំ១២០ម គុណ ៩០ម ស្ថិតក្នុងភូមិព្រែកជាងព្រំ សង្កាត់ វាលស្បូវ។

១៤-ឈ្មោះសៅ ដារ៉ា ប្តឹងក្រុមហ៊ុន ផាន អ៊ីម៉ិច ទន្ទ្រានកាន់កាប់ដីទំហំ ១៥ម៉ែត្រការ៉េ គុណនឹង៤៥ម៉ែត្រការ៉េ ស្ថិតនៅតំបន់ទួលកាត់ ក្បាល ភូមិក្តីតាកុយ សង្កាត់វាលស្បូវ។

១៥-ប្រជាពលរដ្ឋ១១៩គ្រួសារ សុំអន្តរាគមន៍ករណីក្រុមហ៊ុនផាន អ៊ីម៉ិច ពាក់ព័ន្ធព្រំដី ស្ថិតនៅភូមិព្រែកជាងព្រំ ភូមិស្វាយតាអុក១ និងភូមិវាលស្បូវ សូមជួយទប់ស្កាត់រាល់ការ ទិញ-លក់ និងធ្វើប័ណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ (ដែលមានព្រំជាប់នឹងប័ណ្ណកម្មសិទ្ធិរបស់ក្រុមហ៊ុន ចំនួន២៧ ប័ណ្ណ) ស្ថិតក្នុងភូមិស្វាយតាអុក និងភូមិស្វាយតាអុក១។

១៦-ឈ្មោះសៀង ហ៊ាង ប្តឹងលោកស្រី ស៊ុយ សុផាន ចាក់ដីលុបព្រែកសាធារណៈ ស្ថិត ក្នុងសង្កាត់ព្រែកឯង និងស្កាត់ព្រែកថ្មី។

១៧-ឈ្មោះហ៊ុន សេងនី ប្តឹងក្រុមហ៊ុន ផាន អ៊ីម៉ិច សុំអន្តរាគមន៍ដើម្បីទប់ស្កាត់ការ បូមខ្សាច់រំលោភចូលដីរបស់គាត់ ស្ថិតក្នុងភូមិ វាលស្បូវ សង្កាត់វាលស្បូវ។

១៨-ពាក្យស្នើសុំវាស់វែង និងកំណត់ព្រំ ដីរបស់ឈ្មោះឡេង សារិ ជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច ស្នើឱ្យក្រុមការងារសាលាខណ្ឌ ចុះវាស់ វែងកំណត់ព្រំដីរបស់គាត់ ជាមួយក្រុមហ៊ុនផាន អ៊ីម៉ិច ស្ថិតនៅភូមិស្វាយតាអុក។

១៩-ឈ្មោះមាស សុផាត តំណាងប្រជាពលរដ្ឋ៤៤គ្រួសារ ស្នើសុំអន្តរាគមន៍លោកស្រី ស៊ុយ សុផាន រំលោភយកដីរបស់ពួកគាត់ ទំហំ ៩,០២ហិកតារ និងរំលោភយកផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិឯកជន ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ខ)ក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល

២០-ឈ្មោះកែវ សំអូន, សំ ចាន់ឌី និង យិន វន្នី តំណាងប្រជាពលរដ្ឋ៩៤គ្រួសារ រស់នៅ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល សុំប្តឹងលោកប៉ាវ ផល្លា ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល និងលោកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អ៊ីម៉ិច បានឃុបឃិតគ្នាក្លែងបន្លំឯកសារក្នុងការកែប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅភូមិ ទួលអធិល និងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល៕

RELATED ARTICLES