Monday, April 29, 2024
Homeសង្គម និងជីវិតឆ្កែ១ទ្រុង ២០ក្បាល រួចជីវិតពីឈ្មួញកាប់សាច់

ឆ្កែ១ទ្រុង ២០ក្បាល រួចជីវិតពីឈ្មួញកាប់សាច់

ខេត្តពោធិ៍សាត់ ៖ សត្វឆ្កែ ១ទ្រុង ចំនួន ២០ក្បាល ត្រូវឈ្មួញដឹកយកទៅលក់ឲ្យអ្នកកាប់សាច់ តែសំនាងល្អ បានជួបលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកបានជួយសង្រ្គោះជីវិតសត្វឆ្កែ ១ទ្រុងនោះ ដោយទិញពីឈ្មួញ ក្នុង១ក្បាល ១៥ម៉ឺនរៀល សរុប ២០ក្បាល ស្មើនឹង ៣លានរៀល។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងនៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ថា លោកអាណិតសត្វ សុនខ (ឆ្កែ) ព្រោះវាជាសត្វចេះស្រឡាញ់និងស្មោះត្រង់ចំពោះម្ចាស់ លុះឃើញឈ្មួញដឹកឆ្កែ ១ទ្រុង ចំនួន ២០ ក្បាល តាមម៉ូតូ ឮតែសំឡេងវាយំង៉េកៗ លាន់ទ្រហឹង លោកក៏បានសុំទិញទាំងអស់ ហើយលែងពួកវាឲ្យបានរួចរស់ជីវិត ហើយក្រោយបានរួចពីទ្រុង ពួកវាបានគោរពអរគុណលោកផងដែរ។  

លោកខូយ រីដា បានសរសេរក្នុងគណនីបណ្តាញញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះថា «ជួយសង្រ្គោះសុនខ ២០ក្បាល ត្រូវបានឈ្មួញដឹកមួយទ្រុង យ៉ាងណែន ស្រែយំរំពង ក្នុងតម្លៃ មួយក្បាល ១៥ម៉ឺនរៀល។ សត្វសុនខ ជាសត្វចេះស្រលាញ់ម្ចាស់ខ្លាំងណាស់ …។ ពេលរួចពីទ្រុងភ្លាម គឺពីរក្បាល តាមគួរសមយើង មួយក្បាលទៀត រត់តាមជូនដំណើរយើង ពិតជាគួរឲ្យអាណិត …»។

សូមបញ្ជាក់ថា ទោះបីជាមានការអំពាវនាវពីអ្នកស្រឡាញ់សត្វឆ្កែ និងចូលចិត្តចិញ្ចឹមសត្វឆ្កែនៅតាមផ្ទះ ឲ្យបញ្ឈប់ការជួញដូរ សម្លាប់ និងលក់សាច់ឆ្កែ ក៏អាជីវកម្មលក់សាច់ឆ្កែ ដែលគេហៅថា «សាច់ពិសេស» នៅតែមានលក់ដោយចំហ។ ប៉ុន្តែកន្លងទៅ មានការកត់សម្គាល់ថា ខេត្តសៀមរាប ជាខេត្ដដំបូងគេ ដែលបានចេញលិ ខិតហាមឃាត់ការសម្លាប់ ជួញដូរសត្វឆ្កែ និងលក់សាច់ឆ្កែ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានចេញលិខិតលេខ ២៩៣ មកន.សជណ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ជូនដំណឹងស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ) ធ្វើជាម្ហូបអាហារ ដែលជាសញ្ញានៃការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ហើយអាចប្រឈមនឹងកាឆ្លងជំងឺឆ្កែឆ្កួត។ តាមប្រភពអង្គការ FOUR PAWS បានឲ្យដឹងថា សត្វឆ្កែ ប្រមាណ ៣លានក្បាល ត្រូវបានគេសម្លាប់យកសាច់ នៅកម្ពុជា ជារៀងរាល់ឆ្នាំ។

អង្គការ FOUR PAWS បានឲ្យដឹងថា អង្គការបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ តាមរយៈការតស៊ូមតិដើម្បីហាមឃាត់ការលក់ដូរ និងទទួលទានសាច់ឆ្កែដោយសារតែជាភាពសាហាវឃោរឃៅចំពោះសត្វ និងហានិភ័យសុខភាពសាធារណៈ ដែលភាគច្រើនបណ្ដាលមកពីជំងឺឆ្កែឆ្កួត និងការរីក រាលដាលនៃជំងឺដែលឆ្លងពីសត្វ។

យោងតាមការស្រាវជ្រាវរបស់អង្គការ FOUR PAWS សត្វឆ្កែ នៅរស់ មានតម្លៃ ចាប់ពី២ ទៅ ៣ដុល្លារ ក្នុង១គីឡូ ក្រាម ខណៈសាច់ឆៅ ១គីឡូ ត្រូវបានលក់ក្នុងតម្លៃ ៤ដុល្លារ។ អ្នកបរិភោគភាគច្រើន ជាបុរស ដែលមានទំ នោរក្នុងការញ៉ាំសាច់ឆ្កែ ជាគ្រឿងក្លែម អមដោយគ្រឿងស្រវឹង៕

RELATED ARTICLES