Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបចោរគាស់ផ្ទះ ទាក់ឆ្កែ វ៉ៃខ្នោះ៤នាក់

 បង្ក្រាបចោរគាស់ផ្ទះ ទាក់ឆ្កែ វ៉ៃខ្នោះ៤នាក់

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម ដែលជាមុខសញ្ញាគាស់ផ្ទះ និងទាក់ឆ្កែ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ចំនួន៣នាក់ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាអ្នកទទួលទិញផលចោរកម្ម។

តាមប្រភពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ថា ដោយអនុវត្តតាមបទ បញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តម សេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្ម ទណ្ឌស្រាល និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ កាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ត្រង់ចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោស (គាស់ឃ្លាំង) តាមបណ្តឹងរបស់ជនរងគ្រោះ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសេង កុសល ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។ ទី២-ឈ្មោះសំ ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិពាម សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងទី៣-ឈ្មោះអ៊ុយ ធារិន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

ចំណែកសម្ភារៈដកហូត រួមមាន កន្ត្រៃកាត់ដែក ចំនួន១ ដងទាក់ឆ្កែ ចំនួន១ កន្ត្រៃ ចំនួន២ ទួរណឺវីស ចំនួន២ ដែកគាស់ ចំនួន១ សោខ្វែង ចំនួន១ កូនកាំបិតរុញ ចំនួន១ ពិល ចំនួន១ សោម៉ាឡេត ចំនួន១ ច្រវាក់ ចំនួន១ សោ ចំនួន១ និងម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KE-6646។

ក្រោយចាប់ខ្លួន កម្លាំងនគរបាលជំនាញ បាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងទទួលផលចោរកម្ម និងឈានដល់ការចាប់ខ្លួនអ្នកទទួលផលចោរកម្មម្នាក់ ឈ្មោះឃិន សុឃាន អាយុ៤១ឆ្នាំ មុខរបរទិញ-លក់អេតចាយ ស្នាក់នៅផ្ទះលេខ៣៦០អា ភូមិបាក់ខែង សង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វា។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES