Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរតាមចាប់ក្រុមធ្វើទារុណកម្មស្វា នៅអង្គរ

អាជ្ញាធរតាមចាប់ក្រុមធ្វើទារុណកម្មស្វា នៅអង្គរ

ខេត្តសៀមរាប ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរអប្សរា និងសមត្ថកិច្ចជំនាញ កំពុងធ្វើការស៊ើបអង្កេតលើករណីជនខិលខូចមួយក្រុម បានយាយីធ្វើឱ្យរបួសសត្វស្វា នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីអនុវត្តតាមនីតិវិធី។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វា ដូចជាយកជើងទាត់ និងគ្រវែងសត្វស្វាចូលក្នុងកសិណ ទឹក ដើម្បីថតរូបកម្សាន្ត ក្នុងគោលដៅបម្រើផល ប្រយោជន៍ផ្ទាល់ខ្លួន នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប។

យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៨ ចែងថា ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ រួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលផលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀត ព្រមទាំងពងកូនរបស់វា និងមាត្រា ៩៩ ចែងថា ៖ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើ ថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី ០១ខែទៅ ០១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានទៅ ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រ ឬបំផ្លាញជម្រករបស់វា ។

ទង្វើអសីលធ៌មក្នុងការយាយី ការធ្វើទារុណកម្ម ធ្វើឱ្យរបួសសត្វស្វា ជាអំពើខុសច្បាប់ ដែលត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីព្រៃឈើ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរអប្សរា នឹងធ្វើការស៊ើបអង្កេតលើករណីជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វា នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់…៕

RELATED ARTICLES