Wednesday, March 19, 2025
Homeព័ត៌មានជាតិបុរសចោទ​ប្រពន្ធមាន​សហាយ២នាក់ ចេញមុខ​សារ​ភាព​កំហុស

បុរសចោទ​ប្រពន្ធមាន​សហាយ២នាក់ ចេញមុខ​សារ​ភាព​កំហុស

ភ្នំពេញ ៖ បុរសម្នាក់ ដែលបានចេញមុខបកអាក្រាតប្រពន្ធរបស់ខ្លួនថា មានចិត្តផិតក្បត់ លួចមានប្រុសសហាយដល់ទៅ២នាក់ ធ្វើឱ្យមាន ការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នោះ ពេលនេះបានចេញមុខមកធ្វើការបកស្រាយថា ប្រពន្ធរបស់ខ្លួន ព្រមទាំងបុរសទាំង២នាក់ ដែល ខ្លួនបាន​ចោទ​ប្រកាន់ គឺជាមនុស្សស្អាតស្អំ គ្មានទំនាក់ទំនងស្មោគគ្រោកដូចអ្វីដែលខ្លួនបានចោទប្រកាន់នោះទេ។ បុរសនោះ បានសារភាពទទួល ស្គាល់កំហុសរបស់ខ្លួនថាការចោទប្រកាន់របស់ ខ្លួនទៅលើអតីតប្រពន្ធគ្រាន់តែជាកំហឹងដែលខ្វះការពិចារណាមួយពេលប៉ុណ្ណោះ។

លោកអ៊ុន សម្ជស្ស អាយុ៣២ឆ្នាំ ដែល ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Un Sophors” ដែលបានបង្ហោះសារនិងរូបភាព​នៅលើបណ្តាញ សង្គមហ្វេសប៊ុក ចោទប្រកាន់អតីតភរិយារបស់ ខ្លួនថា បានលួចទាក់ទងសហាយស្មន់ជាមួយ បុរសដល់ទៅ២នាក់នោះ បានទូរស័ព្ទមកកាន់ ការិយាល័យនិពន្ធសារព័ត៌មាន “នគរធំ” កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ​ឆ្នាំ២០១៧ សុំធ្វើការ បកស្រាយជុំវិញការចោទប្រកាន់របស់លោក ទៅលើអតីតភរិយា។

លោកអ៊ុន សម្ជស្ស បានបញ្ជាក់ថា រឿងរ៉ាវ ខាងលើ ត្រូវបានបញ្ចប់ទៅវិញហើយ បន្ទាប់ពីលោកនិងអតីតភរិយា ព្រមទាំងភាគីពាក់ព័ន្ធ បានជួបដោះស្រាយគ្នា ហើយលោកសូមអះអាង ថា អ្វីដែលលោកបានធ្វើការចោទប្រកាន់ទៅលើប្រពន្ធ និងបុរស២នាក់ កាលពីពេលថ្មីៗ កន្លងមកនេះ សុទ្ធតែជារឿងមិនពិតនោះទេ ហើយមូលហេតុដែលលោកបានចោទប្រកាន់ ធ្ងន់ៗបែបនេះ ក៏ព្រោះតែលោកមានកំហឹង និង ខ្វះការពិចារណាមួយពេល ទើបជ្រុលខ្លួនទៅ សរសេរសារបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន ចោទប្រកាន់បង្កាច់បង្ខូចអតីតភរិយា ព្រមទាំងបុរស២នាក់ទៀតថា មានទំនាក់ទំនងសហាយស្មន់នឹងគ្នា ទាំងដែលការពិតអ្នកទាំង៣ គ្មានទំនាក់ទំនងពិសេសអ្វីនោះទេ គឺជាមនុស្សស្អាតស្អំទាំងអស់។

លោកអ៊ុន សម្ជស្ស បានបញ្ជាក់ថា “រឿង នេះ ព្រោះតែខ្ញុំខឹងពេក និងខ្វះការពិចារណា ទើបធ្វើឱ្យកើតមានរឿង​ចោទប្រកាន់ក្នុងន័យ ធ្ងន់បែបនេះ យ៉ាងណាពេលនេះ ខ្ញុំសូមអះអាងថា ប្រពន្ធរបស់ខ្ញុំ និងបុរស២នាក់ទៀត គឺ​ជាមនុស្សស្អាតស្អំទេ”។

ជាមួយនេះ នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ដដែលនោះដែរ លោកអ៊ុន សម្ជស្ស ក៏បានធ្វើការ Live Video នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បីចេញមុខសុំទោសជាសាធារ- ណៈចំពោះភាគីពាក់ព័ន្ធដែលលោកបានធ្វើការ ចោទប្រកាន់កាលពីពេលកន្លងមក។

តាមរយៈ Live Video ដែលមានរយៈ ពេល២នាទី និង៥៧វិនាទី លោកអ៊ុន សម្ជស្ស បានរៀបរាប់ទាំងស្រុងថា “សួស្តី បងប្អូននៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់គ្នា ថ្ងៃ នេះ ខ្ញុំសូម Live Video បន្តិច ព្រោះម្សិលមិញ ខ្ញុំបានផូសឃ្លីបមួយទាក់ទងនឹងរឿងភរិយា របស់ខ្ញុំ គាត់លួចមានសហាយស្មន់រហូតដល់ ទៅ២នាក់។ ខ្ញុំឃើញមានបងប្អូន មិត្តភក្តិនៅ ក្នុងហ្វេសប៊ុកជាច្រើន បានប្រតិកម្មហើយ មាន ការ Share រូបហ្នឹងតៗគ្នា។ ឥឡូវនេះខ្ញុំសូម បញ្ជាក់ឱ្យច្បាស់នូវព័ត៌មានដែលខ្ញុំបានផូសនេះ ហើយសូមកុំឱ្យបងប្អូនមិត្តភក្តិនៅក្នុងហ្វេសប៊ុក ទាំងអស់ មានការយល់ច្រឡំ និងភ័ន្តច្រឡំតទៅទៀត អ៊ីចឹងទី១ ខ្ញុំសូមបកស្រាយថា ព័ត៌មាន ដែលខ្ញុំបានបង្ហោះនៅលើនៅក្នុងហ្វេសប៊ុកហ្នឹង គឺជាព័ត៌មានដែលមិនពិត អ៊ីចឹង សូមបងប្អូន មិត្តភក្តិនៅក្នុងហ្វេសប៊ុកទាំងអស់កុំភ័ន្តច្រឡំ តទៅទៀត។ ទី២ ខ្ញុំសូមនិយាយទៅកាន់ឈ្មោះ បុរសដែលខ្ញុំដាក់នៅក្នុងរូបដាក់ថាសហាយទី ១ហ្នឹង គាត់ឈ្មោះទូ រតនៈ ដែលជាម្ចាស់ Account ក្នុងហ្វេសប៊ុកឈ្មោះទូ រតនៈ ហ្នឹង គឺគាត់ ដែលខ្ញុំចោទថាជាសហាយទី១ ធាតុពិត ខ្ញុំសូម និយាយពាក្យដោយស្មោះត្រង់ ហើយធ្វើការសុំ ទោសទៅកាន់រូបគាត់ផ្ទាល់ដោយគាត់អត់បាន ដឹងពីរឿងហ្នឹង ហើយគាត់ក៏អត់បានពាក់ព័ន្ធ ទៅហ្នឹងរឿងសហាយស្មន់ហ្នឹងដែរ ក៏ប៉ុន្តែដោយ សារខ្ញុំខឹងភរិយាខ្ញុំទើបខ្ញុំយកគាត់ទៅពាក់ព័ន្ធ អ៊ីចឹងសូមឱ្យមិត្តភក្តិ បងប្អូននៅក្នុងហ្វេសប៊ុក ទាំងអស់ សូមមេត្តាកុំភ័ន្តច្រឡំយល់ច្រឡំទៅ លើរូបគាត់ទៀត។ ទី៣ ទាក់ទងរឿងភរិយា របស់ខ្ញុំ អ៊ីចឹងធាតុពិតគាត់អស់មានសហាយស្មន់ អីទេ ប៉ុន្តែដោយសារតែពួកខ្ញុំមានរឿងរកាំរកូស រស់នៅអត់សប្បាយចិត្តនឹងគ្នាអ៊ីចឹងហើយបាន ខ្ញុំចេះតែខឹងក្តៅក្រហាយដាក់គាត់ ហើយខ្ញុំ បានចោទគាត់ថាគាត់មានសហាយស្មន់ អ៊ីចឹង សូមមិត្តភក្តិទាំងអស់គ្នាកុំយល់ច្រឡំទៀតឈប់ យល់ច្រឡំទៀតទាំងអស់គ្នា ហើយរឿងគ្រប់ យ៉ាងកើតឡើង ដោយសារតែកំហុសរបស់ខ្ញុំ អ៊ីចឹងសូមផេក វេបសាយ ឬក៏ទស្សនាវដ្តី ឬក៏ កាសែត​ណាផ្សេងៗដែលបានចុះផ្សាយថាពួក គាត់ទាំងអស់គ្នា មានសហាយស្មន់នឹងគ្នានោះ គឺសូមកែសម្រួលព័ត៌មានហ្នឹងទាំង​អស់គ្នា ហើយ យល់ព័ត៌មានហ្នឹងច្បាស់ចាប់ពីពេលហ្នឹងតទៅ ហើយសូមកុំមានការភ័ន្ត ច្រឡំទៀត បាទខ្ញុំមាន តែប៉ុណ្ណឹង អរគុណ ចឹងសង្ឃឹមថាបងប្អូន មិត្តភក្តិ នៅក្នុងហ្វេសប៊ុកទាំងអស់គ្នានឹងយោគយល់”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង ០៤នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ០២១៧ ម្ចាស់ គណនីហ្វេសប៊ុក Un Sophors បានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “តើប្តីណា ខ្លះដូចរូបខ្ញុំ? ទោះដឹងថាអូនលួចទៅរួមរ័កនឹង ប្រុសសហាយរបស់អូនរហូតដល់ទៅពីរនាក់ ក៏ បងនៅតែមានចិត្តអភ័យ ហើយតែងតែសុំអូន រស់នៅជុំគ្នាវិញ ព្រោះតែមិនចង់បាត់គ្រួសារដ៏ តូចមួយនេះ ថែមទាំងមិនចង់ឱ្យកូនរស់នៅគ្មាន ប៉ា រឺម៉ាក់ នៅជិតដូចគេ។ តែអូនវិញចិត្តអាក្រក់ ណាស់ ដើម្បីប្រុសម្នាក់ អូនមិនគិតពីអនុស្សាវរីយ៍របស់ពួកយើងទេ បើមិនគិតពីបង ក៏បង​មិន ថាដែរ តែសូម្បីកូនស្រីដែលឆ្លាត និងស្រលាញ់ ប៉ាម៉ាក់ខ្លាំងណាស់ ក៏អូនមិនខ្វល់ដែរ អូនសុខ ចិត្តធ្វើដើម្បី​ប្រុសម្នាក់នោះ ហើយឱ្យកូនរស់នៅ ចាកឆ្ងាយពីឪពុកបង្កើតរបស់ខ្លួន។ ជាចុងក្រោយ បងជូនពរអូននិងអ្នក​ថ្មី សូមឱ្យអូនរស់មាន សុភមង្គល។ មិនមានអីនិយាយ ក្រៅពីពាក្យ ថាហួសចិត្ត និងសោកស្តាយ”។

ទន្ទឹមនឹងបង្ហោះសារខាងលើ ម្ចាស់គណនី “Un Sophors” បានបង្ហាញនូវរូបថតរៀបការ របស់ខ្លួន រួមនិងរូបថតបុរសចំនួន២នាក់ ដែល អះអាងថាជាប្រុសសហាយរបស់ប្រពន្ធខ្លួន ក្នុង នោះ បុរសដែលពាក់អាវពណ៌ខ្មៅ ត្រូវបានម្ចាស់ គណនី Un Sophors សរសេរអក្សរនៅលើ រូបថតថា “សហាយទី១ ចាប់បានពេលចូលដេក ផ្ទះសំណាក់ជាមួយគ្នា ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៦”។ ចំណែករូបភាពបុរសពាក់អាវយឺត ពណ៌សដៃខ្លី ដែលកំពុងឱបថើបជាមួយនារីពាក់ អាវយឺតពណ៌ក្រហម ត្រូវម្ចាស់គណនីហ្វេសប៊ុក ដដែលសរសេរអក្សរនៅលើរូបថតថា “សហាយ ទី២ លួចទាក់​ទងគ្នា ចាប់ពីខែសីហា រហូតមក ដល់សព្វថ្ងៃ”។

ក្រោយផ្ទុះការចោទប្រកាន់ខាងលើនេះ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ការិយាល័យនិពន្ធសារព័ត៌មាន “នគរធំ” បានទទួលទូរស័ព្ទពីស្ត្រីម្នាក់ឈ្មោះណន ហ្គេកស៊ីន អាយុ ២៩ឆ្នាំ ជាអតីតបុគ្គលិកក្រុមហ៊ុនឯកជន សព្វថ្ងៃ ប្រកបរបរលក់ដូរទំនិញតាមអនឡាញស្នាក់នៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានគណនីហ្វេសប៊ុកឈ្មោះ “Sin Sin” ដែលអះអាង ថា ជាជនរងគ្រោះដែលត្រូវអតីតប្តីចោទប្រកាន់ ថា បានលួចមានប្រុសសហាយដល់ទៅ២នាក់ ស្នើសុំធ្វើការបកស្រាយនូវការពិតទាំងស្រុង ជុំវិញការចោទប្រកាន់ពីភាគីបុរសជាអតីតប្តី។

ស្ត្រីឈ្មោះណន ហ្គេកស៊ីន បានរៀបរាប់ ប្រាប់ថា រវាងនាងនិងបុរសឈ្មោះអ៊ុន សម្ផស្ស ពិតជាប្តីប្រពន្ធនឹងគ្នាប្រាកដមែន តែនេះជារឿងអតីតកាលប៉ុណ្ណោះ ខណៈដែលសព្វថ្ងៃ នាងកំពុង ដាក់ពាក្យបណ្តឹងលែងលះអតីតប្តីនេះ ហើយពាក្យបណ្តឹងកំពុងស្ថិតក្នុងដៃតុលាការដែលឈាន ដល់ការសម្រេចសេចក្តីចេញសាលក្រមនៅពេល ដ៏ខ្លីខាងមុខនេះហើយ។ មូលហេតុដែលឈាន ដល់ការប្តឹងលែងលះនេះ គឺដោយសារនៅអំឡុង ដែលនាងទើបនឹងសម្រាលកូនខ្ចី អតីតប្តីរូបនេះ បានលួចទាក់ទងស្រីញីរាប់មិនអស់ រហូតដល់ ពង្រត់ស្រីចេញទៅសម្ងំសោយសុខនឹងគ្នាអស់ រយៈពេលជាង១ឆ្នាំ និងមិនធ្លាប់អើតឈ្ងោក សួរសុខទុក្ខនាងនិងកូនសោះឡើយ។ ស្រាប់តែ ក្រោយ​មក អតីតប្តីដែលចុះចោលនាងជាង១ ឆ្នាំ បានវិលមកសុំជានាជាមួយនាងវិញ តែនាង មិនព្រម ទើបអតីតប្តីនេះបាន​គំរាមនាងថា បើ ចង់ឱ្យគេផ្តិតមេដៃលែងលះត្រូវបង់លុយឱ្យគេ ចំនួន១ម៉ឺនដុល្លារ បើពុំនោះទេ គេនឹងធ្វើឱ្យនាង ខ្មាសគេ តែដោយសារនាងមិនព្រមឱ្យលុយ១ ម៉ឺនដុល្លារទៅគេ ស្រាប់តែអតីតប្តីនេះចេញមក បរិហារកេរ្តិ៍នាង និងបុរស២នាក់ទៀត ដែល គ្រាន់តែជាមិត្តភក្តិធម្មតារបស់នាងថា មាន ទំនាក់ទំនងសហាយស្មន់នឹងគ្នា បង្កឱ្យមានការ ភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និងធ្វើ ឱ្យប៉ះពាល់ដល់កិត្តិយសនិងជីវិតរស់នៅរបស់ ពួកនាងយ៉ាងខ្លាំង ទាំងដែលការពិត រវាងពួកនាង ទាំង៣នាក់ គ្មានទំនាក់ទំនងស្មោកគ្រោកអ្វីដូច អតីតប្តីនោះចោទប្រកាន់បរិហារកេរ្តិ៍នោះទេ។

ស្ត្រីឈ្មោះណន ហ្គេកស៊ីន បានបន្តថា ក្រោយកើតមានការបរិហារកេរ្តិ៍តាមក្នុងបណ្តាញ សង្គមហ្វេសប៊ុកនេះ នាងនិងបុរសទាំង២នាក់ ដែលទទួលរងការចោទប្រកាន់ថាជាប្រុសសហាយរបស់នាង បានទាក់ទងទៅអតីតប្តីរូប នោះ ដើម្បីសួររកស-ខ្មៅ និងព្រមានថានឹងឱ្យ មេធាវីចាត់ការតាមច្បាប់ ទើបអតីតប្តីនោះ ភ័យខ្លួនក៏លុបអ្វីដែលគេផុសនោះចេញវិញទាំង អស់ភ្លាមៗ តែវាយឺតពេលទៅហើយ ព្រោះត្រូវ បានគេចែករំលែក Share ពេញក្នុងហ្វេសប៊ុក ទៅហើយ។ ជាដំណោះស្រាយ ពួកនាងទាំង៣ នាក់ ដែលជាជនរងគ្រោះទទួលរងការចោទ ប្រកាន់ទាំងបំពាន ​បានទាមទារឱ្យអតីតប្តីនោះ ចេញវីដេអូឃ្លីបបកស្រាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ ពួកនាងទាំង៣នាក់ ចំណែកអតីតប្តីបានយល់ ព្រមថានឹងចេញមុខបកស្រាយផងដែរ។

ជាចុងក្រោយ ស្ត្រីឈ្មោះណន ហ្គេកស៊ីន បានបញ្ជាក់ថា អ្វីដែលនាងចង់បាននៅពេលនេះ គឺស្នើសុំកុំឱ្យមហាជន ពិសេសអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក មានការយល់ច្រឡំ តទៅទៀត ព្រោះរវាងនាងនិងអតីតប្តីនោះ គ្មានទំនាក់ទំនងអ្វីទៀតទេ ហើយចំពោះពាក្យ ថានាងចោលកូននោះ គឺជារឿងមិនពិត ព្រោះ កូនត្រូវនាងឱបជាប់ដើមទ្រូងរាល់ថ្ងៃ និងប្រឹង ប្រែងតែដើម្បីកូនម្នាក់នេះប៉ុណ្ណោះ។ ផ្ទុយទៅ វិញ អតីតប្តីនោះទេដែលបានបោះ​បង់​ចោល ប្រពន្ធកូន តាំងពីកូនទើបនឹងមានអាយុ១ខួប រត់ទៅសំងំសោយសុខជាមួយស្រីថ្មី មិនដែល បានចិញ្ចឹម​កូន ឬទទួលខុសត្រូវក្នុងនាមជាឪពុក សោះឡើយ។ មួយវិញទៀត រវាងនាងនិងបុរស ២នាក់ ដែលទទួលរងការ​ចោទប្រកាន់ គឺសុទ្ធតែស្អាតស្អំ គ្មានទំនាក់ទំនងអ្វីលើសពីមិត្តភក្តិ ធម្មតានោះឡើយ ប៉ុន្តែបែរជាអតីតប្តីម​កចោទប្រកាន់ទាំងបំពានក្នុងបំណងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកនាង ព្រោះតែទាមទារប្រាក់ពី នាងមិនបាន ដែលទង្វើនេះប្រសិនបើអតីតប្តី នៅតែបន្ត នាងនឹងចាត់វិធានការតាមផ្លូវច្បាប់មិនខាន៕

RELATED ARTICLES