Monday, April 29, 2024
Homeព័ត៌មានជាតិលោកសួន សូរីដា ជួបទុក្ខធ្ងន់ ប្រពន្ធវះកាត់ខួរក្បាល ងងឹតភ្នែកទាំងគូ

លោកសួន សូរីដា ជួបទុក្ខធ្ងន់ ប្រពន្ធវះកាត់ខួរក្បាល ងងឹតភ្នែកទាំងគូ

ភ្នំពេញ ៖ អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) លោកសួន សូរីដា ដែលរស់នៅប្រទេសអូស្រ្តាលី ពេលនេះកំពុងជួបទុក្ខធ្ងន់និងរន្ធត់តក់ស្លុតក្នុងអារម្មណ៍ជាខ្លាំង ដោយសារតែភរិយាជាទីស្រលាញ់ពេញបេះដូងរបស់លោក ក្រោយវះកាត់ខួរក្បាលហើយ ស្រាប់តែងងឹតភ្នែកទាំងគូ មិនអាចមើលអ្វីឃើញ ។

 លោកសួន សូរីដា បានបង្ហោះរូបភាពពីរនាក់ភរិយា ដើរមើលជុំវិញទីធ្លាក្បែរផ្ទះ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ជាមួយនឹងសំណេរបង្កប់ដោយក្ដីទុក្ខព្រួយ និងមនោសញ្ចេតនាជា្រលជ្រៅចំពោះភរិយាថា “ចាប់ពីពេលនេះទៅ ជីវិតអូននិងបង គឺនៅជាប់ជាមួយគ្នាជារៀងរហូត អូនកុំបារម្ភអី កុំពិបាកចិត្តធ្វើអ្វី ទោះបីភ្នែកអូនមើលមិនឃើញ តែអូនអាចប្រើភ្នែករបស់បង ក្នុងការមើលអ្វីនៅលើលោកនេះ។

ក្រោយវះកាត់ខួរក្បាល អស់រយៈពេល២ខែ ភរិយារបស់ខ្ញុំ បានចេញពីពេទ្យ មកផ្ទះវិញហើយ តែភ្នែកទាំងគូ របស់គាត់ មើលមិនទាន់ឃើញនៅឡើយ។

ថ្ងៃនេះខ្ញុំជូនគាត់ដើរហាត់ប្រាណនៅទីធ្លាក្បែរផ្ទះ បាន៣-៤ជុំ ដើម្បីទទួលខ្យល់បរិសុទ្ធ រូបកាយរឹងមាំ បន្ថយភាពតានតឹងក្នុងអារម្មណ៍។

គ្រួសារខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូន មិត្តភក្តិដែលបានបារម្ភ ខ្វល់ខ្វាយ និងលើកទឹកចិត្តដល់ភរិយាខ្ញុំ ឱ្យមានក្តីសង្ឃឹមឡើងវិញ» ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកសួន សូរីដា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ថា នៅពេលលោកជួបប្រទះរឿងរ៉ាវនេះ ធ្វើឱ្យលោកស្គាល់នូវទុក្ខលំបាក និងសេចក្តីត្រូវការដែលជនពិការត្រូវការ គឺការថែទាំផ្លូវចិត្ត ផ្លូវកាយ និងហិរញ្ញវត្ថុ ដែលទាំងនេះ គឺជាបន្ទុកនៃរដ្ឋាភិបាល ដែលត្រូវយកចិត្តទុកដាក់ ហើយក្នុងនាមជាស្វាមី លោកមានកាតព្វកិច្ចមើលថែភរិយា ទាំងផ្លូវកាយ ផ្លូវចិត្ត ឱ្យគាត់មានភាពកក់ក្តៅ និងមានក្តីសង្ឃឹមក្នុងពិការភាពរបស់គាត់។ ជាពិសេស លោកប្រើវិធី២ គឺទី១ ប្រៀបធៀបទៅជនពិការដទៃទៀត ដែលពួកគេពិបាកជាង និងទី២ ធ្វើសមាធិ ។

លោកសួន សូរីដា បានមានប្រសាសន៍ថា “ក្រោយពីធ្វើ MRI ខួរក្បាល ឃើញមានដុំសាច់ ទំហំ ៥-៦ស.ម នៅក្រោយផ្នែកខួរកណ្តាល។ ក្រោយពីគ្រូពេទ្យពិនិត្យរួចហើយ ក៏សម្រេចធ្វើការវះកាត់យកដុំសាច់នោះចេញ តែជាអកុសល ក្រោយវះកាត់ ស្ថានភាពគាត់មិនល្អ និងត្រូវសង្គ្រោះបន្ទាន់នៅ ICU រយៈពេលជិត១០ថ្ងៃ ហើយភ្នែកទាំងគូ របស់គាត់ មើលលែងឃើញតែម្តង។ មកដល់ពេលនេះ ស្ថានភាពសុខភាពរបស់គាត់បានប្រសើរ តែធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង នេះជាភាពសោកសៅសម្រាប់គ្រួសាររបស់ខ្ញុំបាទ។ គ្រូសារខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូន មិត្តភក្តិ និងពលរដ្ឋខ្មែរទាំងអស់ ដែលបានខ្វល់ខ្វាយ និងលើកទឹកចិត្តដល់ភរិយាខ្ញុំ និងខ្ញុំ ឱ្យមានក្តីសង្ឃឹមក្នុងជីវិតនៃពិការភាព។ នៅពេលខ្ញុំជួបប្រទះរឿងរ៉ាវនេះ ធ្វើឱ្យខ្ញុំស្គាល់នូវទុក្ខលំបាក និងសេចក្តីត្រូវការដែលជនពិការត្រូវការ (ការថែទាំផ្លូវចិត្ត ផ្លូវកាយ និងហិរញ្ញវត្ថុ) ទាំងនេះគឺជាបន្ទុកនៃរដ្ឋាភិបាល ដែលត្រូវយកចិត្តទុកដាក់។ ក្នុងនាមជាស្វាមីគាត់ ខ្ញុំមានកាតព្វកិច្ចមើលថែគាត់ ទាំងផ្លូវកាយ ផ្លូវចិត្ត ឱ្យគាត់មានភាពកក់ក្តៅ និងមានក្តីសង្ឃឹមក្នុងពិការភាពរបស់គាត់។ ខ្ញុំប្រើប្រាស់វិធី២ ៖ ក. ពន្យល់គាត់ដោយប្រៀបធៀបទៅជនពិការដទៃទៀតដែលពួកគេពិបាកជាងអូន គេអាចរស់បាន ចុះអូនគ្រាន់តែមើលមិនឃើញ តែអូនអាចនិយាយបាន ស្តាប់បាន ដើរបាន ញ៉ាំបាន អូនគឺត្រូវរឹងមាំ និងមានសេចក្តីសង្ឃឹម។ ហើយមានបង មានកូន មានបងប្អូនជួយអូនគ្រប់ពេល។ ខ. ធ្វើសមាធិ និងវិបស្សនា ដើម្បីរម្ងាប់អារម្មណ៍តប់ត្រមល់ និងសោកសៅនៅក្នុងខ្លួនចេញ“ ។

ក្រោយទទួលបានដំណឹងខាងលើនេះ លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក ដែលជាមិត្តភក្តិ ធ្លាប់មានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារលោកសួន សូរីដា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ថា លោកពិតជាពិបាកទទួលយកបានណាស់ នៅពេលដែលឮថា ភរិយាលោកសួន សូរីដា វះកាត់ខួរក្បាលហើយ ភ្នែកទាំងគូ មើលមិនឃើញបែបនេះ ព្រោះលោកទើបតែបានជួបគាត់ កាលពីប៉ុន្មានខែមុន ក្នុងពេលគាត់ទៅលេងនិងស្នាក់នៅសហរដ្ឋអាមេរិក ទឹកដីដែលលោកកំពុងរស់នៅ ។ ដូច្នេះលោកពិតជាក្ដុកក្ដួលខ្លាំងណាស់ ប៉ុន្តែមិនដឹងជួយអ្វីបានទេ មានតែសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក សុំឲ្យគាត់មានសុខភាពល្អ និងភ្នែកទាំងគូ បានមើលឃើញឡើងវិញឆាប់ៗ ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “ហ្នឹងហើយ! ពេលដែលខ្ញុំបានឮដំណឹងហ្នឹង ហើយខ្ញុំបានផ្ញើសារពីសមានចិត្តយើងទៅ account លោកសួន សូរីដា អ៊ីចឹងដែរ ដើម្បីសម្ដែងក្ដីក្ដុកក្ដួលហ្នឹង ហើយបានជូនពរឲ្យភរិយាគាត់ គឺបងស្រី ឲ្យមានសុខភាពល្អដូចដើម អាចមើលឃើញឡើងវិញ ព្រោះវាខ្លីពេក យើងទទួលយកមិនបាន ព្រោះទើបជួបគ្នាប៉ុន្មានខែមុននេះ គាត់មកកាន់សហរដ្ឋអាមេរិក ហើយមកលេងនិងស្នាក់នៅទីក្រុងដែលខ្ញុំរស់នៅហ្នឹង ឡើងមួយអាទិត្យជាង ជិតពីរអាទិត្យ ល្មមគាត់ត្រលប់ទៅអូស្រ្តាលី វិញហ្នឹង គឺលេងនៅទីក្រុងដែលខ្ញុំរស់នៅហ្នឹង គឺទីក្រុងហ្វីឡា ។ អ៊ីចឹងវាខ្លីពេក យើងពិបាកនឹងទទួលយកបានណាស់ ជួបគ្នាស្រស់ៗ ដល់ពេលត្រលប់ទៅវិញ ទទួលការវះកាត់ ហើយក្រោយពីការវះកាន់ទៅ យើងបានដំណឹងថា គាត់ងងឹតភ្នែកទាំងពីរ យើងពិបាកទទួលយក ក្នុងនាមយើងជាសហការី ឬក៏ក្នុងនាមជាមិត្តភក្ដិ ហើយរាប់អានគ្នាដូចបងប្អូនអ៊ីចឹង ពេលយើងឃើញអ៊ីចឹង យើងពិបាកនឹងទទួលយកណាស់» ។

លោកហ៊ីង សុខសាន្ត បន្តថា «ប៉ុន្តែឥឡូវធ្វើម៉េច វាកើតឡើងទៅហើយ ប៉ុន្តែយើងនៅតែមានកូនចិត្តសង្ឃឹមថា អ្វីៗវានឹងល្អប្រសើរដូចដើមវិញ ។ អ៊ីចឹងយើងមានតែបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ដែលមានឫទ្ធីបារមី ក្រែងលោវាមានភាពអច្ឆរិយអីមួយ ហើយអាចជួយឲ្យបងស្រី ភរិយាលោកសួន សូរីដា ហ្នឹង ឲ្យឆាប់ត្រលប់មកដូចដើមវិញ អាចមើលឃើញដូចដើម មានសុខភាពល្អដូចដើមវិញ ហើយភ្នែកទាំងគូ អាចមើលឃើញឡើងវិញអ៊ីចឹងទៅ ហើយសុខភាពល្អឡើងវិញ ជូនពរឲ្យគាត់សំណាងល្អអ៊ីចឹងទៅ ព្រោះយើងអត់មានអីទេ មកដល់ពេលនេះ ក្រៅតែពីជូនពរ បួងសួងសុំឲ្យមានសេចក្ដីសុខ ហើយសុខភាពល្អ អាចមើលឃើញដូចដើមវិញតែប៉ុណ្ណឹងទេ“៕ កុលបុត្រ

RELATED ARTICLES