Sunday, November 17, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖រំភើបជំនួសសង្សារ

អ៊ីវ៉ា ៖រំភើបជំនួសសង្សារ

ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបង្ហាញអារម្មណ៍រំភើបរីករាយចិត្តព្រោះតែក្លិប​បាល់​ទាត់​របស់គូស្នេហ៍នាងលោកលី សេងហួរ បានក្លាយទៅជាម្ចាស់ជើងឯកនៅឆ្នាំ២០២៤ នេះតាមរយៈលទ្ធផលនៅវគ្គផ្ដាច់​ព្រ័ត្រក្រុមU17 សៀមរាប យូណាធីត បំបាក់ក្រុមអេស អរ ប៊ីស៊ីអេហ្វស៊ី ក្នុងលទ្ធផល៦ ទល់ ០ ។

បន្ទាប់ពីឃើញក្លិបបាល់ទាត់ដែលមានគូស្នេហ៍ជាថៅកែនោះអ៊ីវ៉ា បានចេញសារសម្ដែង​ការអបអរសាទរដល់ក្លិបមួយនេះ ខណៈដែលគូស្នេហ៍នាងលោកសេងហួរ ក្នុងឋានៈជា​ម្ចាស់​ក្លិប​លោកក៍បានចេញសារស្រដៀងគ្នានេះដែរ។ប្រភពបានឲ្យដឹង​ថារៀងរាល់ការប្រកួតសំ​ខាន់​​​ៗ​របស់ក្លិបសៀមរាប យូណាយធីត ពិសេសឈុតធំ អ៊ីវ៉ា តែងតែទៅចូលរួមជានិច្ច ដោយ​ពេល​ខ្លះ​នាងថែមទាំងការច្រៀងសម្ដែងអមកម្មវិធីទៀតផង។ដោយ​ឡែកក្រុមការងាររបស់ក្លិប​និងកីឡាករវិញបានគោរពអ៊ីវ៉ា ដូចជាថៅកែឬម្ចាស់ក្លិបដូចដែលពួកគេបានគោរពទៅលើ​លោ​ក​​​លី សេងហួរ ដែរ។

 អ៊ីវ៉ា ធ្លាប់ថ្លែងថាតាមពិតនាងស្រលាញ់កីឡាទេ តែបែជាក្លាយទៅជាតារាចម្រៀង​ទៅ​វិញ ។ប៉ុន្ដែយ៉ាងណានាងថាគូស្នេហ៍របស់ជាអ្នកធ្វើការក្នុងវិស័យ​កីឡាម្នាក់។ចំណែក​លោក​សេងហួរ វិញថ្មីៗនេះលោកបានចេញសារសរ​សើរស្រីនាថ ពេញៗមាត់ថានាងជា​នារីម្នាក់​ដែ​ល​​មានគុណសម្បត្តិគ្រប់បែបយ៉ាងទាំងអស់ក្នុងជីវិតលោក។

គូររំលឹកថាអ៊ីវ៉ា បានភ្លាត់ស្នៀតធ្លាយរឿងមានសង្សារជាម្ចាស់ក្លិបបាល់ទាត់សៀមរាប យូ​ណាយធីត នៅពាក់កណ្ដាលឆ្នាំ២០២៣ ក្រោយពីនាងបានព្យាយាមបិទបាំងរឿងស្នេហាជា​មួយថៅកែក្លិបបាល់​ទាត់វ័យ​ក្មេង​រូបនេះអស់រយៈពេល៧ឆ្នាំ។ចំណងស្នេហានេះមាន​ចាស់ទុំ​ទាំងសងខាងដឹងឭ​ហើយតាម​ព័ត​មានថាស្រីនាថ និងលោកសេងហួរ បានភ្ជាប់ពាក្យជាមួយ​គ្នាទៅហើយ គ្រាន់តែពួកគេ​មិន​បង្ហាញឲ្យគេឃើញជាចំហប៉ុណ្ណោះ ព្រោះខ្លាចប៉ះពាល់​ដល់​អាជីពចម្រៀងអ៊ីវ៉ា ។ចំណែករឿង​ដែល​ឪពុកអ៊ីវ៉ា គឺលោកវ៉ាវ ថាមិនប្រកាន់អនាគតកូនប្រសារ​ទោះជាអ្នកមានអ្នកក្រ ក៍អាចចូល​ចែចូវកូនក្រមុំលោកបាន សំខាន់គឺកុំឲ្យតែជាប្ដីគេនោះពេល​នេះ​បញ្ជាក់ឲ្យគ្រប់គ្នាឃើញហើយថាគូស្នេហ៍​របស់ស្រី​នាថ គឺជាបុរសទ្រព្យស្ដុក ព្រោះឪពុក​ម្ដាយលោកសេងហួរ ជាអ្នករកស៊ីធំនៅខេត្តសៀមរាប ។អ្វីដែលអ៊ីវ៉ា ត្រូវចិត្តនោះលោកសេង​ហួរ មិនចេះប្រចណ្ឌឬហួងហែងនាងក្នុងការ​ច្រៀងរាំ​ឡើយ ក្នុងនោះទោះរួមទាំងការថតMV ស្និតស្នេហ៍ជាមួយតារាប្រុសផ្សេងក៍លោកមិនក្វល់ដែរ ព្រោះថៅកែក្មេងរូបនេះក៍ជាអ្នកស្រ​លាញ់សិល្បៈម្នាក់ដែរដោយលោកថែមទាំងបានចូលថតខារ៉ាអូខេជាមួយស្រីនាថ បទ​”ម្ដេចយកប្រពន្ធចោលអូន?”ទៀតផង។ប៉ុន្ដែលោកសេងហួរ តែង​តែតាមដានគ្រប់​សកម្មភាព​សិល្បៈរបស់អ៊ីវ៉ា ដូចជាការចេញច្រៀងតាមបណ្ដារConcerts នា​នា​ដោយលោក​ដឹងពី​ការទៅ​ដល់ ច្រៀងបទអីខ្លះ ចប់ម៉ោងន្មាន និងទៅដល់ផ្ទះពេលណា​ជា​ដើម ។រូបភាពបែបនេះមិន​មែន​​លោកសេងហួរ មិនទុកចិត្ត ឬប្រចណ្ឌអ៊ីវ៉ា នោះទេ ប៉ុន្ដែលោក​”បារម្ភ” ពីសុវត្ថិភាពនាង​ដែលធ្វើតំណើរទៅច្រៀងនៅខេត្តឆ្ងាយៗ ដែលផ្ទុយស្រឡះពីលោក​ថៅ​កែ”ប”ប្អូន​លោក​ផ្កាយ៣ ធ្លាប់តាមស្នេហាអ៊ីវ៉ា ៨ឆ្នាំមុនលោកហួរ  តែលោកបានហាមនាងមិនឲ្យច្រៀងបទ​ណាមានក្បាច់រាំ និងមិនអនុញ្ញាត្តិឲ្យនាងថតអោបរឹតជាមួយតារាប្រុសណាជាដាច់ខាត ទើប​ចុង​ក្រោយស្រីនាថ ផាត់ស្នេហ៍មួយនេះចោល។

 ថ្វីត្បិតតែចំណងស្នេហាអ៊ីវ៉ា និងថៅកែក្លិបបាល់ទាត់ឈានចូលដល់ឆ្នាំទី៨ នឹងមានដំ​ណឹង​ថាពួកគេនឹងរៀបការនៅឆ្នាំ២០២៤ នេះក្ដី ប៉ុន្ដែមិនច្បាស់ពីថ្ងៃខែដែលក្រាបផ្ទឹមពិត​ប្រា​កដនោះទេ ព្រោះអ្នកយកព័តមានយើងធ្លាប់ទូរស័ព្ទទៅអ៊ីវ៉ា ជាច្រើនតែចូលគ្មានអ្នកទទួល និងពេលខ្លះនាងលើកហើយ ប៉ុន្ដែគ្រាន់តែស្ដាប់សំណួរបានបន្ដិច​បិទទូរស័ព្ទ​ក៍មាន​។ចំណែក​លោកអ៊ូ វ៉ាវ មិនអាចទាក់ទងបានឡើយ ។ប្រភពបានបានឲ្យដឹងថាលោកវ៉ាវ មិនចង់ឲ្យ​ស្រី​នាថ លើក​ពេលរៀបការម្ដងទៀតទេ ព្រោះតាមគម្រោងនាងត្រូវរៀបការជាមួយថៅ​កែនៅឆ្នាំ​២០​២៣ ដែលអាយុនាងគម្រប់៣០ឆ្នាំ តែនាងបែជារារែកចិត្តហើយ​ពន្យាពេលទៅ​វិញ។​លោកវ៉ាវ ធ្លាប់ក្រើនរំលឹកដាស់តឿនអីវ៉ា ថា”មនុស្សស្រីប្រៀបបានដូចជាផ្កា រីកលំអងកាល​ណាក៍រោយ​ទៅវិញ ហេតុនេះការប្រើជីវិតនៅលីវយូពេក គឺអត់ប្រយោជន៍ទេ…”។

 តាមព័តមានថាក្រៅពីអ៊ីវ៉ា តារាដែលត្រៀមរៀបការនៅឆ្នាំ២០២៤ មានដូចជាពេជ្រ សោភា ,ប៉ាច គីមមួយ និងម៉ានីកា ជាដើម ៕

RELATED ARTICLES