ភ្នំពេញ៖ពេជ្រ សោភា ក្រោយបាត់បង់ដៃគូពិសេសលោកឧកញ៉ាព្រាប សុវត្ថិ ជាង៣ឆ្នាំមកនេះនាងនៅមិនទាន់រកឃើញដៃគូយល់ចិត្តឡើយ ប៉ុន្ដែចុងក្រោយនេះក្នុងបទចម្រៀងសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរសោភា ដែលឆ្នាំនេះមានអាយុ៤១ឆ្នាំទៅហើយនោះបានងាកមកចាប់ដៃអតីតបេក្ខភាពCambodian Idol រដូវកាលទី៤ទាំង៤រូបគឺលីម តិចម៉េង ,នាង ដាវីន ,ស៊ឹម ច័ន្ទពន្លឺ និងថុល សុភិទិ បើទោះជាបទពិសោធន៍ក្នុងអាជីពចម្រៀង និងអាយុរវាងរូបនាងនិងតារាខាងលើខុសគ្នាឆ្ងាយក្ដី។នេះមិនមែនជាលើកទី១នោះទេដែលសោភា តែងតែងមិនប្រកាន់ដៃគូច្រៀងនោះព្រោះកន្លងមកនាងធ្លាប់ចាប់ដៃជាមួយលោកងួន ចាន់ដេវីត ,Step ,ឈាន ជាលើយ និងហ្សូណូ ជាដើម ។ប៉ុន្ដែក្នុងចំណោមដៃគូចម្រៀងរបស់ពេជ្រ សោភា ខាងលើនេះអ្នកជំនាញសិល្បៈបានលើកឡើងថាមានតែព្រាប សុវត្ថិ និងងួន ចាន់ដេវីត ទេដែលសាកសមនិងយល់ចិត្តជាមួយនាងធ្វើឲ្យបទចម្រៀងទទួលបានជោគជ័យ ក្រៅពីនេះគ្រាន់តែជាដៃគូធម្មតាៗប៉ុណ្ណោះ ។ការលើកឡើងបែបនេះបញ្ជាក់ថាសោភា នៅតែមិនទាន់អាចរកបានដៃគូស៊ីគ្នាជាមួយនាងដដែលគិតត្រឹមឆ្នាំ២០២៤ នេះព្រោះថាទាំងលោកព្រាប សុវត្ថិ និងងួន ចាន់ដេវីត លែងជាដៃគូរបស់នាងទៀតហើយ។ប៉ុន្ដែការមិនប្រកាន់ដៃគូរបស់សោភា ធ្វើឲ្យនាងអាចចែករំលែកបទពិសោធន៍របស់ខ្លួនទៅតារាជំនាន់ក្រោយបានច្រើនពិសេសគឺបេក្ខភាពថ្មីៗដែលជ្រើសចេញពីការប្រលងចម្រៀងនៅហង្សមាសតែម្ដង។
ទោះជាយ៉ាងណាការច្រៀងជាមួយដៃគូវ័យក្មេងៗរបស់ពេជ្រ សោភា នាពេលនេះហាក់ផ្ទុយពីតារារួមទ្រនុំសុគន្ធ និសា ព្រោះនិសា ដែលធ្លាប់ប្រាប់អ្នកយកព័តមានយើងថាក្រោយព្រាប សុវត្ថិ ចាកចេញពីហង្សមាសនាងក៍មិនទាន់មានដៃគូដែលថតបទមរតកដើមញឹកញាប់ដូចមុនទេ ប៉ុន្ដែចិត្តនាងដូចជាមិនចង់ចាប់ដៃជាមួយតារាប្រុសដែលមានវ័យតិចជាងខ្លួនឆ្ងាយពេកនោះទេ។ការលើកឡើងរបស់និសា បែបនេះគឺជាការពិតព្រោះក្រៅពីលោកព្រាប សុវត្ថិ គេធ្លាប់តែឃើញនាងច្រៀងសម្ដែងជាមួយលោកឆន សុវណ្ណារាជ និងណុប បាយ៉ារិទ្ធ ប៉ុណ្ណោះ ពោលគឺតារាទាំងនោះសុទ្ធតែមានអាយុបងនាង។
ប៉ុន្ដែជុំវិញរឿងការជ្រើសដៃគូមានអាយុច្រើន ឬតិចជាងខ្លួនឆ្ងាយនេះអ្នកជំនាញធ្វើភ្លេងនៅហង្សមាសម្នាក់ដែលនិយាយក្នុងល័ក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថាមិនមែនជាបញ្ហាចោទនោះទេ។Composer រូបនោះថានៅប្រទេសថៃភាពយន្ដជាច្រើនតួស្រីច្រើនតែមានអាយុច្រើនជាងតួប្រុស ហើយរឿងគេបានជោញជ័យ អីចឹងអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ សំខាន់លើសម្ថភាព ។
ពេជ្រ សោភា ទោះជាអាយុរាងជ្រេបន្ដិចមែន ប៉ុន្ដែនាងនៅរក្សារសម្រស់នៅតែខ្ញង់ រស់នៅផ្ទះវីឡារប្រណិត និងជិះរថយន្ដទំនើបៗពោលគឺមិនចាញ់តារាប្រទេសជិតខាងឡើយ។តែរឿងដែលធ្វើឲ្យFan ឈឺក្បាលនោះគឺសោភា ដែលអះអាងថានាងបានភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា តាំងពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ ហើយបានលុបចោលមង្គលការយ៉ាងទាន់ហន់នៅឆ្នាំ២០២៣ នោះស្រាប់តែពេលនេះពេលសាកសួររឿងគម្រោងរៀបការឲ្យពិតប្រាកដនាងបែជាឆ្លើយថាអត់ដឹងរឿងទៅវិញ ។សោភា ថែមទាំងថារដូវមុនចូលឆ្នាំនេះបើសួរថាត្រៀមចេញបទអីខ្លះសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរល្អជាងសំណួរផ្សេង ។ការអះអាងបែបនេះធ្វើឲ្យមានការសង្ស័យថាសោ ភា អាចនឹងមិនហ៊ានរៀបការជាមួយលោកសក្កដា នៅឆ្នាំ២០២៤ នេះឡើយ ព្រោះតែភ័យខ្លាចក្រោយក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់អាជីពសិល្បៈបាក់ស្រុតរៀងៗខ្លួន ។តែបើនៅតែពន្យាពេលតទៅទៀតនោះចំណងស្នេ ហាសោភា-សក្កដា អាចប្រឈមនឹងហានិភ័យបានគ្រប់ពេលវេលា ខណៈដែលតារារួមអាជីពជាមួយ នៅហង្សមាសនៅពេលអ្នកយកព័តមានយើងសាកសួរថាដឹងថ្ងៃសោភា-សក្កដា រៀបការឬអត់នោះពួកគេបានសើចហើ យសួរច្រាសមកវិញថា”ចេះតែជឿរដែរអី ?”។សំណួរបែបនេះធ្វើឲ្យមានការសង្ស័យថាសោភា អាចលេងបិទពួនរឿងស្នេហាជាមួយលោកសក្កដា កាន់តែខ្លាំងបើសិននាងនៅតែគ្មានភាពក្លាហានដឹកដៃប្រុសក្មេងក្រាបផ្ទឹម ជម្រះការសង្ស័យទាំងឡាយឲ្យបានឆាប់ៗនោះទេ ៕