Monday, April 29, 2024
Homeសង្គម និងជីវិត ក្រមុំ១៦ឆ្នាំ គេយកទៅលក់នៅចិន

 ក្រមុំ១៦ឆ្នាំ គេយកទៅលក់នៅចិន

ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ ត្រូវបានមេខ្យល់លួងលោម បោកបញ្ឆោតថា នាំទៅធ្វើការនៅប្រទេសចិន តែបែរជាត្រូវគេយកទៅលក់ ឱ្យធ្វើជាប្រពន្ធរបស់បុរសជនជាតិចិន និងត្រូវគេចាក់សោបង្ខាំងក្នុងបន្ទប់ អស់ រយៈពេល៦ខែ មកហើយ លុះយុវតីរងគ្រោះ បានថតវីដេអូអំពាវនាវសុំការសង្គ្រោះ ក៏ត្រូវបានអាជ្ញាធរកម្ពុជា សហការជាមួយួអាជ្ញាធរចិន ស្រាវជ្រាវសង្គ្រោះបានដោយជោគជ័យ។

ក្មេងស្រីរងគ្រោះដែលត្រូវមេខ្យល់បោកបញ្ឆោត នាំយកទៅលក់នៅប្រទេសចិន មានឈ្មោះ រុំ ភិផា អាយុ១៦ឆ្នាំ (កើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥) មានលំនៅ ភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ក្មេងស្រីរងគ្រោះ ឈ្មោះរុំ ភីផា បានបង្ហោះវីដេអូ និងសំណេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ “លី ណា“ ដោយរៀបរាប់ថា “ជម្រាបសួរ ពុកម៉ែ បងប្អូនទាំងអស់គ្នា ខ្ញុំមានឈ្មោះថា ភីផា មានអាយុ១៦ឆ្នាំហើយ អ្នកខេត្តត្បូងឃ្មុំ អ្នកស្រុកក្រូចឆ្មារ អ្នកភូមិសាច់ក្រោម ឥឡូវហ្នឹងខ្ញុំបានចាញ់បោកគេ ហើយមេខ្យល់យកខ្ញុំមកលក់នៅឯប្រទេសចិន គេថាយកខ្ញុំមកធ្វើការ ប៉ុន្តែគេយកខ្ញុំមកលក់ ហើយគេយកខ្ញុំមកឱ្យខ្ញុំយកប្តីចិន គេចាប់ខ្ញុំឃុំ ៦ខែហើយ គេចាក់សោពីក្រៅទៀត។ អ៊ីចឹងខ្ញុំមានតែម្រាមដៃ១០ សំពះសុំជំនួយសម្តេចយាយ សម្តេចតា សម្តេចហ៊ុន សែន ជួយកូនចៅទៅវិញផង។ ឥឡូវហ្នឹងកូនចៅពិបាកណាស់ រស់នៅដូចអ្នកជាប់គុកអ៊ីចឹង គេធ្វើបាបខ្ញុំណាស់ គេចាប់ខ្ញុំឃុំដូចសត្វធាតុអ៊ីចឹង។ បងប្អូនអើយ សូមជួយខ្ញុំផង រស់នៅអត់មានសេរីភាពទេ ខ្ញុំនៅក្មេងពេក គិតអត់ទាន់បានវែងឆ្ងាយ។ ចាត់ទុកថាអា ណិតខ្ញុំ បងប្អូនជួយស៊ែរម្នាក់មួយផង គេពិតជាធ្វើបាបខ្ញុំខ្លាំងណាស់ សូមប៉ូលិសនៅស្រុកខ្មែរ ជួយអន្តរាគមន៍យកខ្ញុំទៅវិញផង ខ្ញុំពិតជាចង់ទៅវិញណាស់ ខ្ញុំទើបតែបានលេង Facebook ទេ ហើយក៏មិនសូវជាមានអ្នក ស្គាល់ច្រើនដែរ បើបងប្អូនទាំងអស់ គាត់អាណិតខ្ញុំ ជួយស៊ែរម្នាក់មួយផង ខ្ញុំមិនសូវចេះនិយាយទេ បើខ្ញុំនិយាយខុស សុំទោសទុកជាមុនបងប្អូន។ ខ្ញុំសង្ឃឹមថា លោកមិនព្រងើយកន្តើយ នឹងអាចជួយខ្ញុំបាន…”។

ជុំវិញករណីខាងលើនេះ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០២៤ ថ្មីៗនេះ មានគេហទំព័រគណនីអាខោនហ្វេសប៊ុក ឈ្មោះ នាង ធីដា បានបង្ហោះវីដេអូឃ្លីប ភ្ជាប់ជាមួយគេហទំព័រគណនីអាខោនហ្វេសប៊ុក លី ណា ដែលមានខ្លឹមសារថា “ជម្រាបសូរ ពុកម៉ែ បងប្អូនទាំងអស់គ្នា ខ្ញុំមានឈ្មោះថា ភីផា មានអាយុ១៦ឆ្នាំ ហើយអ្នកខេត្តត្បូងឃ្មុំ អ្នកស្រុកក្រូចឆ្មារ អ្នកភូមិសាច់ក្រោម ឥឡូវហ្នឹងខ្ញុំបានចាញ់បោកគេ ហើយមេខ្យល់យកខ្ញុំមកលក់នៅឯប្រទេសចិន គេថាយកខ្ញុំមកធ្វើការ ប៉ុន្តែគេយកខ្ញុំមកលក់ ហើយគេយកខ្ញុំមកឱ្យខ្ញុំយកប្តីចិន គេចាប់ខ្ញុំឃុំ ៦ខែហើយ គេចាក់សោពីក្រៅទៀត អញ្ចឹងខ្ញុំមានតែម្រាម ដៃ១០ សំពះសុំជំនួយសម្តេចយាយ សម្តេចតា សម្តេចហ៊ុន សែន ជួយកូនចៅទៅវិញផង…។

ក្រោយពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលខេត្តត្បូងឃ្មុំ មិនបង្អង់ និងបានចាត់ស្នងការនគរបាលខេត្ត សហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យ ស្រាវជ្រាវជាបន្ទាន់ភ្លាមៗ និងជួបឈ្មោះ រុំ គន្ធា ភេទស្រី អាយុ៣១ឆ្នាំ ដែលត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ (រុំ ភិផា) បានរៀបរាប់បញ្ជាក់ប្រាប់កម្លាំងនគរបាលជំនាញ នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ថា កាលពីអំឡុងដើមឆ្នាំ២០២៣ ប្អូនស្រីរបស់គាត់ ដែលមានឈ្មោះ រុំ ភិផា ភេទស្រី កើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥ មានលំនៅបច្ចុប្បន្ន ភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពិតប្រាកដមែន គឺបានចេញពីផ្ទះ ទៅរាជធានីភ្នំពេញ ដើម្បីធ្វើការរោងចក្រកាត់ដេរ នឹងតែងតែផ្ញើប្រាក់ខែ មកឧបត្ថម្ភគ្រួសារ ជាប្រចាំរាល់ខែ លុះ៥-៦ខែក្រោយមក ស្រាប់តែបាត់មិនឃើញ និងទាក់ទងលែងបានតែម្តង។ ពេលនោះគាត់ (បងស្រីបង្កើត) និងក្រុមគ្រួសារ ពុំបានរាយការណ៍មកសមត្ថកិច្ចនោះទេ ដោយគិតថាគាត់ (ជនរងគ្រោះ) ខឹងនរណាម្នាក់ក្នុងគ្រួសារ ឬមានសង្សារ មិនឱ្យគ្រួសារដឹងជាដើម ទើបនៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះ ក៏បានឃើញមានការផុសវីដេអូឃ្លីបរបស់គាត់ (ជនរងគ្រោះនៅខេត្តលីសួយជិញធាន ប្រទេសចិន) និងបានប្តឹងរាយការណ៍មកសមត្ថកិច្ចតែម្តង។

ដូចនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សហការជាមួយនឹងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃក្រសួងមហាផ្ទៃ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្តល់ព័ត៌មានដល់ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា ធ្វើការស្រាវជ្រាវ និងជួយសង្គ្រោះក្មេងស្រីរងគ្រោះ ឱ្យបានត្រឡប់មកប្រទេសកំណើតវិញ ព្រមទាំងស្វែងរកមេខ្យល់ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន…។

ដោយឡែក នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្ហោះរូបក្មេងស្រីរងគ្រោះខាងលើ កំពុងឈរនៅការិយាល័យសន្តិសុខសាធារណៈ ប្រទេសចិន ភ្ជាប់ជាមួយ សំណេរថា “ក្មួយស្រីត្រូវបានសង្រ្គោះហើយ”៕

RELATED ARTICLES