Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្លឹបរាត្រីជួញជក់គ្រឿងញៀន វ៉ៃខ្នោះ៧៨នាក់

បង្ក្រាបក្លឹបរាត្រីជួញជក់គ្រឿងញៀន វ៉ៃខ្នោះ៧៨នាក់

ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋានរាជ ធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង ដែលលួចលាក់ចែកចាយនិងប្រើប្រាស់គ្រឿង ញៀន ដោយឃាត់ខ្លួនជនបរទេស និងខ្មែរ សរុប៧៨នាក់ ព្រមទាំងដកហូតបានថ្នាំញៀន ប្រមាណ៣គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបក្លឹបរាត្រីនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្លឹបរាត្រី City of Starry Sky ដែលជាអតីតក្លឹបកម្សាន្ត BOEING មានទីតាំងស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបក្លឹបកម្សាន្ត City of Starry Sky ជាអតីតក្លឹបកម្សាន្ត BOEING ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ធ្លាប់បានបង្ក្រាបម្តងរួចហើយ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែពេលនេះ ក្លឹបកម្សាន្តនេះបានប្តូរឈ្មោះថ្មី និងលួចបង្កប់ការចែកចាយនិងប្រើប្រាស់គ្រឿងញៀនដដែល។

លោកឧត្តមសេនីយ៍ឯក បន្តថា ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ៧៨នាក់ ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី។ ចំណែកឯវត្ថុតាងដែលរឹបអូស បានកម្លាំងជំនាញបានរៀបចំវេចខ្ចប់ ប្រមាណ៣គីឡូក្រាម។

ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន សាកសួរ ធ្វើតេស្តរកសារធាតុញៀន និងស្រាវជ្រាវរកមេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

RELATED ARTICLES