Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបវង់បៀ ២កន្លែង ឃាត់ខ្លួន១៨នាក់

បង្ក្រាបវង់បៀ ២កន្លែង ឃាត់ខ្លួន១៨នាក់

ខេត្តបាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល និងស្រុកកំរៀង កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានឆ្មក់ចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀ) ចំនួន២ករណីផ្សងគ្នា ដោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែង សរុបចំនួន១៨នាក់។

ប្រតិបត្តិការទី១- ធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយក្រុមអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រុន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការ នគរបាលស្រុកថ្មគោល បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀ) ១លើក នៅចំណុចក្រុមទី១២ ភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន១១នាក់ ដែលសុទ្ធសឹងតែរស់នៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ព្រមទាំងដកហូតបានសម្ភារៈ រួមមាន កម្រាលក្រាលអង្គុយ ចំនួន២ ភួយទ្រាប់លេង ចំនួន២ និងបៀ ចំនួន២ហ៊ូ។

ចំណែកប្រតិបត្តិការទី២- ធ្វើឡើងកាលពីវេលាម៉ោង ១១និង៤៥នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយក្រុមអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀ) ១លើក នៅចំណុចខាងក្រោយផ្ទះផ្សារខេអឌី ស្រុកកំរៀង ស្ថិតក្នុងក្រុមទី០៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន៧នាក់ សុទ្ធសឹងតែរស់នៅស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងដកហូតសម្ភារៈ រួមមាន បៀ ចំនួន២ហ៊ូ ប្រាក់ ចំនួន១៦០០០រៀល និងម៉ូតូ ចំនួន៥គ្រឿង។

គួរបញ្ជាក់ថា ក្រោយប្រតិបត្តិការចប់ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង ១៨នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

RELATED ARTICLES