Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឧកញ៉ាឡេង ចាន់ណា សមត្ថកិច្ចចាប់ខ្លួន

ឧកញ៉ាឡេង ចាន់ណា សមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ ឧកញ៉ាឡេង ចាន់ណា អគ្គនាយក្រុមហ៊ុនប្រ៊ីលានស៊ីធីវើល ឯ.ក ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើការចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បន្ទាប់ពីពលរដ្ឋបានប្ដឹង ពាក់ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) និងធ្វើឡើងបន្ទាប់ពីលោកស្រីឧកញ៉ាហ៊ុន ស៊ីណាត ត្រូវជាម្ដាយមីងរបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងប្រតិកម្មជំនួសពលរដ្ឋរងគ្រោះ និងចង់ឲ្យច្បាប់ ចាប់ខ្លួនឧកញ៉ារូបនោះយកទៅដាក់គុក ឲ្យបានឆាប់ ។

  យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានជម្រាបជូនបណ្ដាញ​សារព័ត៌មាន និងសាធារណជន ថា សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយក្រុមហ៊ុនប្រ៊ីលានស៊ីធីវើល ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ហើយជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ។ អយ្យការ នឹងជូនព័ត៌មានដើម្បីឲ្យសាធារណជនជ្រាប ពីចំណាត់ការជាបន្តបន្ទាប់ នូវសំណុំរឿងនេះ ។

  គួររំលឹកថា មានប្រជាពលរដ្ឋដែលរងគ្រោះជាច្រើននាក់ បានចាញ់កលល្បិច ជឿតាមការឃោសនារបស់មេធីម ទាំង២៥ នៃក្រុមហ៊ុនប្រ៊ីលាន ស៊ីធី របស់លោកស្រីឧកញ៉ា ឡេង ចាន់ណា អំពីការដាក់វិនិយោគ ឬប្រាក់ចងការជាមួយក្រុមហ៊ុន ដើម្បទទួលបានការប្រាក់ខ្ពស់ ប៉ុន្តែលទ្ធផលចុងក្រោយ ប្រាក់បង់ ថង់ក៏ដាច អស់ទាំងដើម អស់ទាំងចុង ដោយមានប្រជាពលរដ្ឋខ្លះ បានខ្ចីប្រាក់ពីធនាគារ យកមកចូលរួមដាក់ប្រាក់ជាមួយក្រុមហ៊ុនលោកស្រីឧកញ៉ា ឡេង ចាន់ណា ក្នុងម្នាក់ចាប់ពី ៥០០០ដុល្លារ, ១០ ០០០ដុល្លារ ៥០ ០០០ដុល្លារ រហូត ១០ម៉ឺនដុល្លារ ឬច្រើនជាងនេះក៏មាន។ ទំហំទឹកប្រាក់ដែលពលរដ្ឋទូទាំងប្រទេស រួមទាំងពលករនៅប្រទេសកូរ៉េ ផង បានយកប្រាក់មកចងការឱ្យលោកស្រីឧកញ៉ា ឡេង ចាន់ណា មិនក្រោម៣០០លានដុល្លារអាម៉េរិក នោះទេ ។

  អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់នៅពេលដែរថា ប្រជាពលរដ្ឋបានប្ដឹងឈ្មោះ ឡេង ចាន់ណា និងបក្ខពួក មកអយ្យការអមសាលាដំបូងខេត្តសៀមរាប ចំនួន ០៤(បួន) សំណុំរឿង រួមមាន ៖ សំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌលេខ ២៣៨ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌ លេខ ២៦៥ ចុះថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៤, និងសំណុំរឿងព្រហ្មទណ្ឌលេខ ២៦៦ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅពេលសំណុំរឿងព្រហ្មទណ្ឌទាំងនេះ ត្រូវបានបញ្ជូនមកចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ នោះសាលាដំបូងខេត្តសៀមរាប នឹងចាត់ការភ្លាម ដោយផ្អែកតាមកភស្តុតាងក្នុងសំណុំរឿងនិងតាមនីតិវិធីច្បាប់។

    ដោយឡែក ចំពោះសំណុំរឿងរដ្ឋប្បវេណី ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់លោកស្រីឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងអង្គសេចក្ដី ចំនួន០៤(បួន) សំណុំរឿង រួមមាន ៖  ១- សំណុំរឿងលេខ ៥០៦ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣, ២- សំណុំរឿងលេខ ៥០៧ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣, ៣- សំណុំរឿងលេខ ៥០៨ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣, ៤- និងសំណុំ​រឿងលេខ៧២ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

    ចំពោះសំណុំរឿងរក្សាការពារ មាន ចំនួន១ (មួយ) គឺសំណុំរឿងលេខ ១៧ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសាលាដំបូងខេត្តសៀមរាប បានចេញដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្ន និងបានអនុវត្តការរឹបអូសជាបណ្ដោះអាសន្ន ជូនម្ចាស់បំណុលរួចហើយ។ ចំពោះសំណុំរឿងរដ្ឋប្បវេណីដែលកំពុងតែចាត់ការទាំងអស់នោះ សាលាដំបូងខេត្តសៀមរាបកំពុងតែបន្តចំណាត់ការយ៉ាងយកចិត្តទុកដាក់បំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

  ដោយឡែក មុន៣ថ្ងៃ នៃការចាប់ខ្លួនឧកញ៉ាឡេង ចាន់ណា នៅថ្ងៃទី១២ មីនា លោកស្រីហ៊ុន ស៊ីណាត ម្ដាយមីងសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ក៏បានសរសេរនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ថា “ រឿងនេះថ្ងៃណាបានចាប់មីមួយនេះដាក់គុកហើយរឹបអូសទ្រព្យសម្បត្តិរបស់វាយកទៅសងបំណុលដល់រាស្ត្រដែលរងគ្រោះវាបោកនោះខ្ញុំមិនដឹងថាប៉ុន្មានថ្ងៃនេះវាសងលុយឲ្យអ្នកទាំងនោះហើយឬនៅ ? មីសត្វមាចឃើញភ្លើងសប្បាយណាស់បន្តិចទៀតជ្រុះស្លាបហើយមើលទៅ “ ៕

RELATED ARTICLES