Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងគេខ្ចីលុយអត់សង ជេរម៉ែប៉ូលិស

ខឹងគេខ្ចីលុយអត់សង ជេរម៉ែប៉ូលិស

ខេត្តកណ្តាល ៖ នារីរូបស្រស់ម្នាក់ បានឱ្យប្រាក់អ្នកស្នាក់នៅបន្ទប់ជួលក្បែរខាងគ្នាខ្ចី លុះមិនឃើញគេសង បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចប៉ុស្តិ៍ ជួយអន្តរាគមន៍ លុះសមត្ថកិច្ចកោះហៅសួរនាំ បែរជាភាគីកូនបំណុលមិន ព្រមចូលខ្លួន ស្រាប់តែនារីរូបស្រស់ជាម្ចាស់បំណុល ខឹងសម្បា បែរជាបង្ហោះសារជេរម៉្រាយប៉ូលិស ផ្អើលពេញបណ្តាញសង្គម ទីបំផុតត្រូវសមត្ថកិច្ចកោះហៅសាកសួរ ទើបសារភាពកំហុសនិងសុំទោស។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល  បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ថា ក្រោយពីមានគណនីហ្វេសប៊ុកឈ្មោះ Darean Thy បានបង្ហោះខ្លឹមសារថា “ ពួកអាប៉ូលិសខេត្តកណ្តាល ចុយម្រ៉ាយនេះ គ្មានដោះស្រាយបញ្ហាអីឱ្យបានទេ…” រួចមក  លោកឧត្តមសេ នីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវរកប្រភពហ្វេសប៊ុក ដែលបានបង្ហោះខ្លឹមសារខាងលើ។

ជាលទ្ធផល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច បានធ្វើការស្រាវជ្រាវ និងបានធ្វើលិខិតកោះហៅ ឈ្មោះធី ដារ៉ែន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីសួរនាំអំពីការបង្ហោះហ្វេសប៊ុក កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ដែលបានសរសេរថា “ពួកអាប៉ូលិសខេត្តកណ្តាល ចុយម្រ៉ាយនេះ គ្មានដោះស្រាយបញ្ហាអីឱ្យបានទេ…”។

ក្រោយពីកម្លាំងផ្នែកជំនាញបានសួរនាំបញ្ហាខាងលើ ស្ត្រីឈ្មោះធី ដារ៉ែន បានឆ្លើយបំភ្លឺថា ដោយសារខ្លួនមានបញ្ហារឿងជំពាក់លុយជាមួយឈ្មោះស្រីកា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅបន្ទប់ជួលជិតគ្នា ហើយក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច។ ក្រោយ មក កម្លាំងប៉ុស្តិ៍លំហាច បានកោះហៅឈ្មោះខាងលើ ប៉ុន្តែមិនបានចូលតាមការកោះហៅនោះឡើយ។ ពេលនោះខ្លួនខឹងពេក ក៏បានបង្ហោះហ្វេសប៊ុក របស់ខ្លួន ដែលមានខ្លឹមសារដូចខាងលើតែម្តង។ លុះថ្ងៃក្រោយមកទើបកម្លាំងប៉ុស្តិ៍លំហាច អញ្ជើញភាគីទាំងពីរ មកសម្របសម្រួល និងបានបញ្ចប់រឿងរួចរាល់ហើយ។

ចំពោះករណីនេះ ឈ្មោះធី ដារ៉ែន ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Darean Thy បានសរសេរលិខិតព្រមព្រៀងសុំទោស និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច មិនឱ្យមានករណីនេះកើតឡើងម្តងទៀតឡើយ។បន្ទាប់ពីបានធ្វើកិច្ចសន្យាអប់រំនៅចំពោះមុខសមត្ថកិច្ចរួច ឈ្មោះធី ដារ៉ែន ក៏បានបង្ហោះហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការសុំទោសជាសាធារណៈផងដែរ៕

RELATED ARTICLES