Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រមូលសំរាមប៉ះថ្មស្អុយ ផ្ទុះឆេះឡានសំរាម

ប្រមូលសំរាមប៉ះថ្មស្អុយ ផ្ទុះឆេះឡានសំរាម

ភ្នំពេញ ៖ រថយន្តដឹកសំរាម ១គ្រឿង ខណៈពេលប្រមូលសំរាម ពីបណ្តាភូមិនានាពេញហើយ បានដឹកយកទៅចាក់ចោលនៅទីលានចាក់សំរាម ស្រាប់តែពេលកំពុងធ្វើដំណើរតាមផ្លូវ លាន់ឮសំឡេងផ្ទុះនៅក្នុងទ្រុងរថយន្ត រួចក៏មានភ្លើងឆេះសំរាម បង្កឱ្យមានផ្សែងហុយទ្រលោម ធ្វើឱ្យបុគ្គលិកប្រមូលសំរាម និងអ្នកបើកបររថយន្តដឹកសំរាម ភ័យសភ្នែក តែភ្លាមៗនោះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវលំ ភូមិរំដួលខាងជើង សង្កាត់ស្នោ ខណ្ឌកំបូល។ ការផ្ទុះឆេះនោះ បណ្តាលមកពីថ្មស្អុយ ដែលអ្នកភូមិបោះចោល ជាច្រើនគីឡូក្រាម លាយឡំជាមួយសំរាម។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកសំរាម ក្រុមហ៊ុនមីស៊ូដា MIZUDA បានបើកប្រមូលសំរាមនៅតាមបណ្តាភូមិនានា ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ស្នោ។ លុះក្រោយពេលប្រមូលពេញហើយ ក៏បានដឹកយកទៅចាក់ចោលនៅទីលានចាក់សំរាម ប៉ុន្តែពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែឮសំឡេងផ្ទុះនៅក្នុងទ្រុងរថយន្ត បន្ទាប់មកក៏មានភ្លើងឆេះ និងផ្សែងហុយទ្រលោមតែម្តង។

ប្រភពដដែល បានបន្តថា ពេលនោះកម្មករប្រមូលសំរាម បានស្រែកឱ្យអ្នកបើកបររថយន្តឈប់ រួចបែនចាក់ សំរាមចេញពីក្នុងរថយន្ត បន្ទាប់មកបានសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ ១ គ្រឿង ទៅបាញ់ពន្លត់ ទើបភ្លើងរលត់ទៅវិញ ហើយការឆាបឆេះនេះ បណ្តាលមកពីដុំថ្មស្អុយ ដែលបានរកឃើញខ្ចប់ជាកញ្ចប់ៗជាច្រើនគីឡូក្រាម កប់នៅក្នុងសំរាម ដែលសង្ស័យថា អ្នកភូមិ ទិញយកមកដាក់បន្ទុំផ្លែឈើ លុះក្រោយពេលផ្លែឈើទុំហើយ ពួកគាត់បានខ្ចប់វាបោះចោលជាមួយសំរាម។

កម្មករប្រមូលសំរាម បានឱ្យដឹងថា ពួកគាត់បានដើរប្រមូលសំរាម នៅតាមបណ្តាភូមិជាច្រើន ហើយពុំបានដឹងថា មានកញ្ចប់ថ្មស្អុយ កប់នៅក្នុងសំរាមបែបនេះឡើយ ហើយក៏ពុំដឹងថា វាស្ថិតនៅក្នុងភូមិមួយណានោះទេ។ លុះពេលប្រមូលសំរាមពេញទ្រុងរថយន្ត ហើយដឹកយកទៅចាក់ចោល ស្រាប់តែឮសំឡេងផ្ទុះ រួចក៏មានការឆាបឆេះហុយផ្សែងឡើង និងធុំក្លិនថ្មស្អុយយ៉ាងខ្លាំង។ បន្ទាប់មក បានហៅឱ្យអ្នកបើកបររថយន្តឈប់ និងបែនចាក់សំរាមចោលតាមផ្លូវ ស្រាប់តែឃើញថ្មស្អុយជាច្រើនមែន ទើបដឹងថា ការឆេះនេះបង្កឡើងដោយសារតែថ្មស្អុយ៕

RELATED ARTICLES