Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីដាច់លុយក្រុមហ៊ុន ៣៥ម៉ឺនដុល្លារ ជាប់ខ្នោះ

ស៊ីដាច់លុយក្រុមហ៊ុន ៣៥ម៉ឺនដុល្លារ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ បុរសជាបុគ្គលិកក្រុមហ៊ុនចែកចាយគ្រឿងសំណង់ម្នាក់ បានប្រើល្បិចស៊ីដាច់លុយក្រុម ហ៊ុន ជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៥ រហូតមកដល់ដើមឆ្នាំ២០២៤ សរុបជាទឹកប្រាក់ ជាង៣៥ម៉ឺនដុល្លារ ដោយយកប្រាក់ទាំងនោះ ទៅបើកកន្លែងលក់គ្រឿងសំណង់ របស់ខ្លួនឯង និងថែមទាំងទិញរថយន្តជិះយ៉ាងរំភើយ ទីបំផុតម្ចាស់ក្រុមហ៊ុនមានការសង្ស័យ ចុះស្រាវជ្រាវដឹងរឿង ក៏ប្តឹងកម្លាំងអាវុធហត្ថ ចាប់វាយខ្នោះបុគ្គលិកជើងល្អនេះ យកទៅចាត់ការតាមច្បាប់។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះប៊ុន សុភាព ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្តីពីករណី រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តដោយឈ្មោះឈុន ស៊ីណា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា តាមការរៀបរាប់របស់ដើមបណ្តឹង បានឱ្យដឹងថា រូបខ្លួនជាម្ចាស់អាជីវកម្មលក់គ្រឿងសំណង់គ្រប់ប្រភេទនៅក្នុងក្រុងប៉ោយប៉ែត ហើយរូបខ្លួនបានជួលឈ្មោះឈុន ស៊ីណា មកធ្វើការឱ្យរូបខ្លួនជាបុគ្គលិកផ្នែកទីផ្សារ និងបានដើរចែកចាយគ្រឿងសំណង់ ចំនួន៤ខេត្ត ហើយគ្រប់ពេលដែលឈ្មោះឈុន ស៊ីណា យកគ្រឿងសំណង់ឱ្យតំណាងទាំង៤ខេត្ត ឈ្មោះនេះបានរាយការណ៍មកថា តំណាងចែកចាយគ្រឿងសំណង់ បានជំពាក់ប្រាក់ជាបន្តបន្ទាប់ រហូតបំណុលរបស់តំណាងចែកចាយមានការកើនឡើង ទើបរូបខ្លួនមានការសង្ស័យ បានដាក់បុគ្គលិកផ្សេង ទៀត ឱ្យដើរតាមឈ្មោះឈុន ស៊ីណា ដើម្បីទារប្រាក់តាមខេត្តជាមួយគ្នា ប៉ុន្តែឈ្មោះឈុន ស៊ីណា បានបង្វែរបុគ្គលិកទៅកន្លែងផ្សេងទៅវិញ។ ដោយកាន់តែមានការសង្ស័យខ្លាំង ទើបរូបខ្លួនបានឱ្យកូនប្រុសបង្កើត ចុះ ស្រាវជ្រាវតាមតំណាងចែកចាយគ្រឿងសំណង់ តាមបណ្តាខេត្ត ដែលជំពាក់ថ្លៃគ្រឿងសំណង់ ជាមួយឈ្មោះឈុន ស៊ីណា ម្តងទៀត ទើបទទួលបានព័ត៌មានថា តំណាងចែកចាយគ្រឿងសំណង់តាមបណ្តាខេត្តទាំង៤ បានសងប្រាក់ឱ្យឈ្មោះឈុន ស៊ីណា អស់ហើយ។

រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះឈុន ស៊ីណា បានឆ្លើយសារភាពប្រាប់ត្រង់ថា ប្រាក់ដែលអតិថិជនសងថ្លៃគ្រឿងសំណង់ រូបគេយកទៅចាយអស់ ប្រហែលចំនួន១០ម៉ឺនដុល្លារ ហើយនៅថ្ងៃដដែលនោះ ឈ្មោះឈុន ស៊ីណា បានប្រគល់ប្រាក់មកឱ្យរូបខ្លួន ចំនួន៥ម៉ឺនដុល្លារវិញ។ ក្រោយមក រូបខ្លួនប្រើឱ្យកូនប្រុសចុះស្រង់បញ្ជីគ្រប់អតិថិជន ទើបដឹងថា ឈ្មោះឈុន ស៊ីណា បានកេងប្រវ័ញ្ចយកប្រាក់របស់ក្រុមហ៊ុនខ្លួន តាំងពីឆ្នាំ២០១៥ រហូតមកដល់ដើមឆ្នាំ២០២៤ អស់ទឹកប្រាក់សរុបចំនួន ៣៥៣ ៧៦១ដុល្លារ (ជាង៣៥ម៉ឺនដុល្លារ)។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹង និងទទួលបានការអនុញ្ញាតពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង ចុះនាំខ្លួនឈ្មោះ ឈុន ស៊ីណា មកកាន់មូលដ្ឋានកងរាជអាវុធ ហត្ថក្រុង ដើម្បីសាកសួរ ហើយជនសង្ស័យឈ្មោះ ឈុន ស៊ីណា បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានកេងប្រវ័ញ្ចប្រាក់ដែលខ្លួនប្រមូលបានពីអតិថិជនលក់គ្រឿងសំណង់តាមបណ្តាខេត្ត យកមកបើកកន្លែងលក់គ្រឿងសំណង់ផ្ទាល់ខ្លួន និងទិញឡាន គ្រឿងចក្រ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ប្រាកដមែន។

ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឈុន ស៊ីណា រួមនិងវត្ថុតាងផ្ទាល់ខ្លួនដែលកម្លាំងជំនាញកងរាជអាវុធ ហត្ថដកហូត ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES