Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានថៃ ដឹកអំបិល ដាច់ហ្វ្រាំងបុកផ្ទះខ្មែរខ្ទេច

ឡានថៃ ដឹកអំបិល ដាច់ហ្វ្រាំងបុកផ្ទះខ្មែរខ្ទេច

ខេត្តឧត្តរមានជ័យ ៖ រថយន្តធុនធំ ដឹកអំបិល របស់ក្រុមហ៊ុនថៃ ១គ្រឿង បើកបរចេញពីច្រកអន្តរជាតិជាំ ហើយតៃកុងឡាន បានឈប់ចតនៅលើជម្រាលភ្នំដងរែក រួចចុះរត់ទៅវ៉ៃឯកសារចេញចូល ខណៈនោះរថយន្តបានដាច់ហ្វ្រាំង រអិលទៅមុខយ៉ាងលឿន រួចបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យបាក់របង និងបង្គោលភ្លើង សំណាងល្អមិនបង្កឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចចំណោតភ្នំ ច្រកខ្លោងទ្វារចូលកន្លែងបូជាសពប៉ុលពត ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូងឡើយគេបានឃើញរថយន្តថៃ ដឹកអំបិល ១គ្រឿង ម៉ាកហ៊ីណូ ក្បាលពណ៌ស ពាក់ស្លាកលេខ Thailand  69-5459 បើកចេញពីច្រកអន្តរជាតិជាំ ហើយបានឈប់ចតនៅមុខប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីយកលិខិតស្នាមវ៉ៃលើឯកសារចេញចូល លុះក្រោយមកឃើញឡានបើកចេញមកដល់ផ្លូវច្រកចូលផ្នូរប៉ុល ពត ក៏បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ យ៉ាងពេញទំហឹងតែម្តង តែសំណាងល្អពុំបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយមួយវិញទៀត គាត់ស្មានតែមានតៃកុងឡានបើក តាមពិតអត់សោះ ពោលគឺរថយន្តខាងលើរអិលចុះចំណោតដោយខ្លួនឯង។

តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន ដែលបានសាកសួរតៃកុងឡានថៃ ខាងលើ បានឱ្យដឹងថា មូលហេតុមកពីឈប់ចតឡាន ហើយតៃកុតចុះរត់ទៅវ៉ៃឯកសារចេញចូល ដោយពុំបានដាក់កំណល់កល់ឱ្យត្រឹមត្រូវ ហើយចៃដន្យឡានមានបញ្ហាហ្វ្រាំងដៃទៀត។ ដោយឡែកការឈប់ចតនៅមាត់ច្រក ជាតំបន់ភ្នំខ្ពស់ ងាយរអិលខ្លាំងណាស់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាប្រជាការពារ បានជួយអន្តរាគមន៍ ដើម្បីត្រួតពិនិត្យនៅកន្លែងកើតហេតុ និងបានឃាត់តៃកុងឡាន ជាជនជាតិថៃ យកមកសាកសួរ និងទាក់ទងហៅថៅកែក្រុមហ៊ុន ចេញមុខមកចេញថ្លៃសំណងនៃការខូចខាតរបស់របរនិងរបងផ្ទះប្រជាពលរដ្ឋ នៅព្រឹកថ្ងៃដដែលនោះផងដែរ៕

RELATED ARTICLES