Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឡើងផ្ទះថ្មី ខ្សែភ្លើងឆក់ស្លាប់៣នាក់

 ឡើងផ្ទះថ្មី ខ្សែភ្លើងឆក់ស្លាប់៣នាក់

ខេត្តបាត់ដំបង ៖ យុវជន៣នាក់ ជាអ្នកស៊ីឈ្នួលចាក់មេក្រូ តាមកម្មវិធីបុណ្យ និងមង្គលការផ្សេងៗ បាននាំគ្នាទៅចាក់មេក្រូ និងធុងបាស់ ក្នុងកម្មវិធីឡើងគេហដ្ឋានថ្មីមួយកន្លែង រួចចូលរួមផឹកស៊ី រហូតដល់ស្រវឹងធ្លាក់ភ្នែក លុះពាក់កណ្តាលអធ្រាត្រ ក្រោយចប់កម្មវិធី នាំគ្នារៀបចំសម្ភារៈទុកដាក់ យុវជនម្នាក់ បានទៅដោះបង្គោលដែកទីប កម្ពស់១២ម៉ែត្រ (បង្គោលមេក្រូ) ដាក់ចុះដីវិញ តែដោយសារស្ថានភាពស្រវឹង ទប់មិនជាប់ ទើបធ្វើឱ្យបង្គោលដែកទីប រលំទៅលើខ្សែភ្លើងតង់ស្យុងខ្ពស់ បណ្តាលឱ្យឆ្លងចរន្ត ឆក់ លុះឃើញបែបនេះ យុវជន២នាក់ទៀត ស្ទុះចូលទៅជួយ បែរជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ទាំង៣នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចកម្មវិធីឡើងគេហដ្ឋានថ្មី មួយកន្លែង ស្ថិតក្នុងភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ។

ជនរងគ្រោះទាំង៣នាក់ ដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ រួមមាន ទី១-ឈ្មោះសត់ គឹមសឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកស៊ីឈ្នួលចាក់មេក្រូ។ ទី២-ឈ្មោះឆុង សារឿន ហៅជែម ភេទប្រុស អាយុ១៦ឆ្នាំ និងទី៣-ឈ្មោះបោន សំរិត ភេទប្រុស អាយុ១៦ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ មានលំនៅ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ជាមួយគ្នា។

លោកយ៉ុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាទៅចាក់មេក្រូ ក្នុងកម្មវិធីឡើងគេហដ្ឋានថ្មី ឱ្យគេ នៅចំណុចភូមិកើតហេតុខាងលើ ហើយនៅពេលយប់ ក៏មានកម្មវិធីផឹកស៊ី រាំលងេកម្សាន្តទៀតផង។ លុះពេលចប់កម្មវិធី ក្រុមជនរងគ្រោះដែលស្ថិតក្នុងភាពស្រវឹង បាននាំគ្នារើសម្ភារៈគ្រឿងបំពងសំឡេង (មេក្រូ) និងធុងបាស់ ទាំងកណ្តាលយប់ បណ្តាលឱ្យជួបគ្រោះថ្នាក់បែបនេះតែម្តង។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលកំពុងរុះរើគ្រឿងបំពងសំឡេង គេឃើញយុវជនម្នាក់ បានព្យាយាមស្រាយទម្លាក់មេក្រូ ពីលើបង្គោលបំពង់ទីបដែក ដែលមានប្រវែង ១២ម៉ែត្រ ហើយបានផ្តួលបំពង់ទីបនោះមកដី តែចៃដន្យខ្លួនស្រវឹងផង ទប់មិនជាប់ ស្រាប់តែរលំទៅលើខ្សែភ្លើងស្រាត ដែលមានតុង ស្យុងខ្ពស់ នៅលើបង្គោលភ្លើងរបស់រដ្ឋ ទើបបណ្តាលឱ្យឆក់ប្រកាច់ភ្លាមៗ។ ឃើញដូច្នេះ យុវជន២នាក់ទៀត បានស្ទុះចូលទៅជួយទាញ ក៏ត្រូវចរន្តភ្លើងឆក់ស្លាប់ទាំងបីនាក់តែម្តង។

ប្រភពដដែល បន្តថា ដំបូងគេហាមដែរ ពេលចប់កម្មវិធីភ្លាម គឺប្រាប់ឱ្យក្រុមអ្នកចាក់ធុងបាស់នោះ រង់ចាំរុះរើនៅពេលព្រឹក ព្រោះមើលទៅក្រុមអ្នកចាក់ធុងបាស់វ័យក្មេងទាំងនោះ បានចូលរួមផឹកស៊ី សប្បាយជាមួយភ្ញៀវ ស្រវឹងធ្លាក់ភ្នែកអស់ទៅហើយ។ ប៉ុន្តែពួកគេមិនស្តាប់ទេ ហើយបានតបវិញថា “មិនអីទេ ខ្ញុំរើដឹកយកទៅផ្ទះឱ្យហើយ កុំពិបាកព្រឹកឡើង មករើម្តងទៀត”។ លុះពួកគេរុះរើរៀបចំជិតរួចទៅហើយ ពេលទៅទម្លាក់មេក្រូពីលើដែកបំពង់ទីប និងដកបំពង់ទីប ក៏ត្រូវចរន្តអគ្គិសនីឆក់ពួកគេទាំង៣នាក់ ស្លាប់ផ្អើលផ្ទះកម្មវិធីតែម្តង។

រហូតមកដល់ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះពីពិនិត្យកន្លែងកើតហេតុ ដែលមានស្លាក ស្នាមនិងមានដែកបំពង់ទីប ចំនួន២កំណាត់ តភ្ជាប់គ្នាប្រវែង១២ម៉ែត្រ ដែលសមត្ថកិច្ចប្រាប់ថា ជាដែកបំពង់ទីបសម្រាប់លើកបំពាក់មេក្រូ ហើយក៏ជាដែកបំពង់ទីប ដែលរលំលើខ្សែភ្លើង បណ្តាលឱ្យឆក់ជនរងគ្រោះ ស្លាប់៣នាក់ខាងលើនេះដែរ។

ដោយឡែក ស្ថានភាពសពជនរងគ្រោះ មានស្នាមឆេះខ្លោចរលាត់ស្បែកច្រើនកន្លែង ដោយសារត្រូវចរន្តអគ្គិសនីឆក់។

សពជនរងគ្រោះទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES