Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរ ឈប់ឱ្យលក់ដូរអនាធិបតេយ្យមុខវត្តជម្ពូវ័ន 

អាជ្ញាធរ ឈប់ឱ្យលក់ដូរអនាធិបតេយ្យមុខវត្តជម្ពូវ័ន 

ភ្នំពេញ ៖ ដោយមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ កញ្ញារិទ្ធ អភិបាលខណ្ឌ បានរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវត្តជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័ន ដោយមិនឱ្យមានការលក់ដូរបន្លែ ត្រី សាច់ នៅទាំង២ទីតាំងខាងលើនេះតទៅទៀតហើយ។

ប្រជាពលរដ្ឋ បានយកទីតាំងនោះលក់ដូរពេលរាត្រី ច្រើនឆ្នាំមកហើយ ដែលបានធ្វើឱ្យទីនោះគគ្រិចខ្លាំងណាស់ មានទាំងក្លិនស្អុយ ឆ្អេះឆ្អាប ប៉ះពាល់ដល់សោភណភាព និងបរិស្ថានទីវត្តអារាម ព្រមទាំងសាលារៀន យ៉ាងខ្លាំង ហើយក៏បង្កឱ្យមានភាពរញ៉េរញ៉ៃតាមដងផ្លូវ បង្កការកកស្ទះចរាចរណ៍ ទើបមិនអាចឱ្យបន្តការលក់ដូរត ទៅទៀតបាន។

បើគិតរហូតមកទល់ពេលនេះ អាជ្ញារធរបានបញ្ឈប់ការលក់ដូរនៅទីនោះទាំងស្រុង រយៈពេល២ខែកន្លងមកហើយ ក្រោយពីរៀបចំសំណ្តាប់ធ្នាប់បានជោគជ័យរបស់អាជ្ញាធរខណ្ឌ ព្រមទាំងមានការចូលរួមពីព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស បានបាញ់ទឹកលាងសម្អាតទីនោះជាញឹកញាប់ ដើម្បីជម្រះក្លិនស្អុយឆ្អេះឆ្អាបចេញពីទីនោះ។

លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ប្រាប់ថា ក្រុមអ្នកលក់ដូរដែលបាននាំគ្នាយកទីតាំងមុខវត្តជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័ន ដាក់លក់បន្លែ ត្រី សាច់ និងរបស់របរផ្សេងៗនោះ ពុំមែនជាអា ជីវករនៅផ្សារជម្ពូវ័ន នោះទេ។ ពួកគាត់បានមកពីតាមបណ្តា ស្រុក ភូមិនានា ចំណែកការលក់ដូរ គឺលក់នៅពេល យប់ និងបង្កើតឱ្យមានភាពស្មោកគ្រោក ស្អុយ ឆ្អេះឆ្អាប ប៉ះពាល់ដល់ទីវត្តអារាម និងសាលារៀន យ៉ាងខ្លាំង។

លោកអភិបាលរងខណ្ឌ បានប្រាប់ទៀតថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ លោក សក់ កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់ និងបញ្ឈប់មិនឱ្យមានការលក់ដូរនៅទីតាំងទាំង២ខាងលើ តទៅទៀត។

អាជ្ញាធរ បានធ្វើការងារនេះបានសម្រេចជោគជ័យ រយៈពេលជាង២ខែមកហើយ និងមិនឱ្យមានការដាក់លក់ឡើងវិញជាដាច់ខាត។ មិនតែប៉ុណ្ណោះ ក្រោយពីការការរៀបចំបានសម្រេច ក៏បានបាញ់ទឹកលាងសម្អាតជា បន្តបន្ទាប់ផងដែរ ដើម្បីជម្រះក្លិនស្អុយឆ្អេះឆ្អាបចេញពីទីនោះ ចំណែកព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្ស បានគាំទ្រយ៉ាងពេញទំហឹងលើចំណាត់ការមួយនេះផងដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ អ្នកដំណើរ តាមផ្លូវនានាក្នុងរាជធានីភ្នំពេញ សំណូមពរដល់លោកអភិបាល រាជ ធានីភ្នំពេញ ណែនាំអភិបាលខណ្ឌទាំង១៤ ឲ្យអនុវត្តវិធានការរំដោះចិញ្ចើមផ្លូវ និងទ្រូងផ្លូវ កុំឲ្យមានការរំលោភយក ដាក់តាំងលក់ទំនិញ ឬចតយានជំនិះបែបអនាធិបតេយ្យ ជាពិសេស នៅលើផ្លូវមុនីរ៉េត ចំណុចខាងត្បូងផ្សារដើមគ និងផ្សារស្ទឹងមានជ័យចាស់-ថ្មី និងលើផ្លូវវេងស្រេង ចំណុចចាប់ពីស្តុបលូប្រាំ ដល់ផ្សារកាណាស៊ីធី ដែលមានការលក់ដូរ និងចតយានជំនិះដល់កណ្តាលទ្រូងផ្លូវ បង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ ពិសេសពេលល្ងាច៕ 

RELATED ARTICLES