Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប៉េអឹមសង្ហា ស្រីចោទឆបោក អង្គភាពបើកការស្រាវជ្រាវ

 ប៉េអឹមសង្ហា ស្រីចោទឆបោក អង្គភាពបើកការស្រាវជ្រាវ

ភ្នំពេញ ៖ ក្រោយពីមានស្ត្រីម្នាក់ បង្ហោះចែកចាយរូបភាពនិងសារសំឡេងបុរសម្នាក់ ដែលមានតួនាទីជាកង កម្លាំងអាវុធហត្ថ ប្រើល្បិចឆបោកប្រាក់ពីខ្លួន ប្រមាណ១៥០០ដុល្លារ តែមិនបានសម្រេច អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលក្នុងរូប ពិតជាមន្ត្រីអាវុធហត្ថប្រាកដមែន តែបានបដិសេធថា មានគេក្លែងបន្លំគណនីហ្វេសប៊ុក និងយករូបខ្លួនទៅប្រើប្រាស់ តែយ៉ាងណា អ្នកនាំពាក្យអាវុធហត្ថ បានប្រកាសរង់ចាំទទួលភ័ស្តុតាង ឬបណ្តឹង ពាក់ព័ន្ធមន្ត្រីខាងលើផងដែរ ប្រសិនបើមាន ដើម្បីស្រាវជ្រាវរកការពិត។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ថានាពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានឃើញការបង្ហោះផ្សព្វផ្សាយព័ត៌មានថា “ល្បិចឆ បោកថ្មី ដែលត្រូវប្រុងប្រយ័ត្ន!” ហើយក្នុងរូបភាព នោះមានរូប ព្រិន្ទបាលឯក រិទ្ធ ដារិន ជាបុគ្គលិកការិយាល័យផែនការ ជ្រើសរើសនិងបណ្តុះបណ្តាល នៃស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស…”។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បន្តថា “តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង បានបញ្ជាក់ថា គណនីហ្វេសប៊ុក ឈ្មោះ Berry Single ពុំមែនជាគណនីហ្វេសប៊ុកពិតប្រាកដរបស់ឈ្មោះរិទ្ធ ដារិន ទេ (Fake Account) ហើយបានយករូបភាពចាស់ៗរបស់រិទ្ធ ដារិន ទៅបង្ហោះ ធ្វើសកម្មភាពឆបោក។ គណនីពិតប្រាកដរបស់រិទ្ធ ដារិន ប្រើប្រាស់សព្វថ្ងៃ មានតែមួយ គឺឈ្មោះ “Berry Pakorn”។

ជុំវិញករណីខាងលើនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ផងដែរថា លោកនឹងរង់ចាំទទួលនូវភ័ស្តុតាងណាដែលបញ្ជាក់ថា ព្រិន្ទបាលឯក រិទ្ធ ដារិន មានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកដូចការផ្សព្វផ្សាយនោះ ដើម្បីស្រាវជ្រាវស្វែងរកការពិត  ឱ្យបានច្បាស់ផងដែរ។

គួរបញ្ជាក់ថា ស្ត្រីម្នាក់ បានចែករំលែកនូវបទពិសោធន៍មួយ ជុំវិញករណីឆបោកថ្មី ពីសំណាក់បុរសម្នាក់ ដែលស្ត្រីរូបនោះអះអាងថា ជាមន្ត្រីអាវុធហត្ថ តែបែរជាមកប្រើល្បិចបោកប្រាស់ប្រជាជនស្លូតត្រង់ទៅវិញ តាមរយៈការឆបោកជាប្រព័ន្ធ។ តាមរយៈវីដេអូដែលមានរយៈពេល ប្រមាណជាង ៩នាទី ស្ត្រីរូបនោះ បានរៀបរាប់ថា មានបុរសម្នាក់ មានតួនាទីជាមន្ត្រីកងរាជអាវុធហត្ថ ពោលគឺគណនីទិកតុក ហ្វេសប៊ុក តេឡេក្រាម ជាដើម តែងបង្ហោះបង្ហាញពីភាពហ៊ឺហា ឡូយឆាយ ការស្លៀកពាក់ឯកសណ្ឋាន មានឋានៈតួនាទី ដើម្បីឱ្យគេជឿទុកចិត្ត ងាយប្រើល្បិចឆបោក។

តាមរយៈការរៀបរាប់ពីស្ត្រីខាងលើ បានបញ្ជាក់ថា ជនឆបោក បានបង្កើតសាច់រឿងជាក្រុម ដើម្បីក្លែងបន្លំឱ្យនាងជឿទុកចិត្ត និងបាញ់លុយឱ្យបក្ខពួកខ្លួន ចំនួន១៥០០ដុល្លារ ជាថ្នូរនឹងការដោះដូរការឃាត់រថយន្តឆ្លងដែននៅច្រកទ្វារប៉ោយប៉ែត បើមិនដូច្នោះទេ គេនឹងបញ្ជូនទៅ កាន់ថ្នាក់លើបន្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ លុះក្រោយពីនាងបាននិយាយជាមួយនឹងបក្ខពួក ដែលបន្លំខ្លួនជាមន្ត្រីច្រកព្រំដែនហើយនោះ នាងក៏បានប្រាប់ឱ្យបុគ្គលជាមន្ត្រីអាវុធហត្ថនោះ បាញ់កុងធនាគារមកឱ្យខ្លួន ដើម្បីនាងបាញ់លុយទៅឱ្យ ក៏ប៉ុន្តែបុរសជាជនឆបោកនោះ មិនព្រមឱ្យគណនីធនាគារមកនោះទេ បែរជាព្យាយាមឱ្យនាងបាញ់លុយតាមវីងវេរលុយវិញ។

ជាមួយនឹងការរៀបរាប់ខាងលើ ស្ត្រីរងគ្រោះ បានអះអាងថា បុគ្គលជាជនឆបោកនោះ មានគណនីហ្វេសប៊ុក ឈ្មោះរិទ្ធ ដារិន (Berry Single)  និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានការប្រុងប្រយ័ត្នចំពោះបុគ្គលខាងលើឱ្យមែនទែន និងបានទទូចសុំឱ្យថ្នាក់ដឹកនាំ សាមីអង្គភាព ជួយស្រាវជ្រាវរកការពិត ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់ស្ថាប័នទាំងមូល។ ផ្ទុយទៅវិញ ប្រសិនបើជនឆបោករូបនោះ គ្រាន់តែយករូបអ្នកដទៃមកប្រើប្រាស់ ដើម្បីធ្វើសកម្មភាពឆបោក ក៏សូមស្នើឱ្យថ្នាក់ដឹកនាំកងរាជអាវុធហត្ថ វែកមុខក្រុម បក្ខពួកជនឆបោកទាំងនោះ ដើម្បីនាំយកមកផ្តន្ទាទោស ឱ្យបានម៉ឺងម៉ាត់ផងដែរ៕

RELATED ARTICLES