Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា បណ្តេញចេញជនបរទេស១៧នាក់ ពាក់ព័ន្ធគ្រឿងញៀន

កម្ពុជា បណ្តេញចេញជនបរទេស១៧នាក់ ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនជាតិម៉ាឡេស៊ី ចំនួន០៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ចំនួន១៤នាក់ ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំឯកសារត្រៀមបណ្តេញចេញកម្ពុជា បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ត ហ្គាឡាក់ស៊ី ១៤២ ស្ថិតក្នុងភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជនជាតិម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី សរុបទាំង១៧នាក់ ដែលឃាត់ខ្លួនបានកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្លឹបកម្សាន្ត ហ្គាឡាក់ស៊ី ១៤២ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួចរាល់ហើយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីរៀបចំឯកសារបណ្តេញចេញពីកម្ពុជា។

គួររំលឹកថា ប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្ត ហ្គាឡាក់ស៊ី ១៤២ ស្ថិតក្នុងភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បានធ្វើឡើងកាលពីវេលាម៉ោង ១២និង០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលពីលោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ២៨នាក់ (ស្រី៥នាក់) ដែលក្នុងនោះអ្នកពាក់ព័ន្ធបទល្មើសជួញដូរ ចំនួន ៥នាក់ (ស្រី១នាក់) ត្រូវបានបញ្ជូនទៅតុលាការ។

ជនសង្ស័យទាំង៥នាក់ដែលត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ រួមមាន ទី១-ឈ្មោះងន សឹង ភេទប្រុស ជាមេខ្លោង និងជាម្ចាស់ទីតាំង។ ទី២-ឈ្មោះស៊ិន ប៊ុនធឿន ភេទប្រុស។ ទី៣-ឈ្មោះពេជ្រ ប៉ូស៊្រូ ភេទប្រុស។ ទី៤-ឈ្មោះម៉ូហាមេត អារិនបីនសាលីឌីន ភេទប្រុស ជនជាតិម៉ាឡេស៊ី (អ្នកជួញដូរ) និងទី៥-ឈ្មោះហេង សុខដា ភេទស្រី ជាមេការ។

ដោយឡែកអ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន រួមមាន ជនជាតិខ្មែរ ៦នាក់ (ស្រី៤នាក់) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាល ស្តារនីតិសម្បទា និងជនបរទេស១៧នាក់ ក្នុងនោះជនជាតិម៉ាឡេស៊ី ៣នាក់ (ប្រុស) ឥណ្ឌូនេស៊ី ១៤នាក់ (ប្រុស) ត្រូវបណ្តេញចេញពីកម្ពុជា។

ចំណែកវត្ថុតាងចាប់យកបាន រួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៧៩,៧២ក្រាម។ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៣,៣៨ក្រាម និងសារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ៨,៥២ក្រាម៕

RELATED ARTICLES